ក្រុង​ហុង​កុងៈ ធនា​គារ HSBC បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​ថា ប្រាក់​ចំ​ណេញ​មុន​បង់​ពន្ធ បាន​​កើន​​ឡើង ២៨ ភាគ​រយ​ដល់​ ៥,​៩២ ​ពាន់​លាន​ដុ​ល្លារ​​នៅ​ត្រី​មាស​ទី ៣​ ដែល​បាន​ជំ​រុញ​​ដោយ​ «​កំ​ណើន​ប្រាក់​ចំ​ណូល​​ដ៏​រឹង​មាំ​» នៅ​​ក្នុង​​អា​ជីវ​កម្ម​សំ​ខាន់​ៗ​ក្នុង​​​ពិ​ភព​លោក​របស់​​ខ្លួន។​

តួ​លេខ​នេះ​មាន​កម្រិត​ខ្ពស់​ជាង​​​ការ​ប៉ាន់​ប្រ​មាណ​របស់​អ្នក​វិ​ភាគ​ដែល​ថា ​​ប្រាក់​ចំ​ណេញ​​មុន​ពេល​បង់​ពន្ធ​ដែល​ត្រូវ​បា​ន​កែ​តម្រូវ​​មាន​ចំ​នួន ៥,​៧៣​ ពាន់​​លាន​ដុ​ល្លារ​​។ នេះ​បើ​យោង​តាម​​​ទី​ភ្នាក់​ងារ​ព័ត៌​មាន Bloomberg News។​

លោក​ John Flint ប្រ​ធាន​ប្រ​តិ​បត្តិ​ការ​ធនា​គារ HSBC បាន​ថ្លែង​ថា​៖ «​បរិ​យា​កាស​ប្រាក់​ចំ​ណូល​​​ដ៏​រឹង​មាំ​បន្ត​ជំ​រុញ​​ឲ្យ​ពួក​យើង​​វិ​និ​យោគ​លើ​ការ​ធ្វើ​ឲ្យ​មាន​កំ​ណើន និង​លើ​ការ​ធ្វើ​ឲ្យ​​មាន​ភាព​សា​មញ្ញ​​របស់​ស្ថា​ប័ន ដើ​ម្បី​ធ្វើ​​ឲ្យ​វា​កាន់​តែ​ងាយ​ស្រួល​​សម្រាប់​អតិ​ថិ​ជន​របស់​យើង​ក្នុង​ការ​ដាក់​ប្រាក់​ជា​​មួយ​យើង និង​សម្រាប់​ស​ហ​កា​រី​ក្នុង​ការ​ធ្វើ​ការ​ងារ​របស់​គេ»។​

ធនា​គារ​នេះ​​ឲ្យ​ដឹង​ថា ប្រាក់​ចំ​ណេញ​​មុន​ពេល​បង់​ពន្ធ​ដែល​ត្រូវ​​បាន​​កែ​តម្រូវ​បាន​កើន​ឡើង​ ១៦ ភាគ​រយ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​​កាល​ពី​ឆ្នាំ​មុន​​ដល់​ ៦,២ ​ពាន់​​លាន​ដុ​ល្លារ​ដែល​ឆ្លុះ​បញ្ចាំង​ពី​កំ​ណើន​​ប្រាក់​ចំ​ណូល​​ដែល​មួយ​ផ្នែក​ត្រូវ​បាន​ប៉ះ​ប៉ូវ​ដោយ​​ការ​កើន​ឡើង​​ការ​ចំ​ណាយ​​​​ប្រ​តិ​បត្តិ​ការ។​

តម្លៃ​ភាគ​ហ៊ុន​របស់​ធនា​គារ​នេះ​​កើន ៩ ​ភាគ​រយ​គិត​ត្រឹម​ម៉ោង​អា​ហារ​ថ្ងៃ​ត្រង់​ មុន​ពេល​លទ្ធ​ផល​ត្រូវ​ចេញ​ផ្សាយ​។​

ប្រាក់​ចំ​ណូល​ដែល​ត្រូវ​បាន​កែ​តម្រូវ បាន​កើន​ឡើង​ជិត ៩ ​ភាគ​រយ​ដល់ ១៣,​៨៤​ ពាន់​លាន​ដុ​ល្លារ​​នៅ​ខែ​ កក្កដា ដល់​ខែ ​​កញ្ញា​ កើន​ឡើង​ពី​ ១២,​៧២ ​ពាន់​លាន​ដុ​ល្លារ​​ក្នុង​រយៈ​ពេល​ដូច​គ្នា​​កាល​ពី​ឆ្នាំ​ ២០១​៧​។​

លោក Flint ​ធ្លាប់​បម្រើ​ការ​ងារ​ជា​ប្រ​ធាន​ទទួល​បន្ទុក​ធនា​គារ​​លក់​រាយ និង​ផ្នែក​គ្រប់​គ្រង​ទ្រព្យ​ស​ម្បត្តិ​ មុន​ឡើង​មក​កាន់​តំ​ណែង​នេះ៕ AFP/​LA