ក្រុងប៉េកាំងៈ រូបិយប័ណ្ណ​របស់​ប្រទេស ​ចិន បាន​ជួប​ប្រទះ​​ការ​ប្រែប្រួល​តម្លៃ​ខ្លាំង​ទាំង​នៅ​ទីផ្សារ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស​នា​ពេល​ថ្មីៗ​នេះ។ ទោះជា​យ៉ាង​ណា សេដ្ឋវិទូ​ជឿ​ថា ប្រាក់​យន់​នឹង​នៅ​តែ​មាន​ស្ថិរភាព​ក្នុង​រយៈពេល​វែង​ដោយសារ​មូលដ្ឋាន​សេដ្ឋកិច្ច​រឹងមាំ​របស់​ប្រទេស ​ចិន។

កាល​ពី​ថ្ងៃទី ​៧ ខែ​​មិថុនា ប្រាក់​​យន់​ដែល​ជួញដូរ​នៅ​ទីផ្សារ​​ក្រៅ​ប្រទេស​បាន​ធ្លាក់ចុះ​ដល់ ៦,៩៦ យន់ ​​ក្នុង ​១ ​ដុល្លារ ហើយ​នៅ​ថ្ងៃ​ទី ​១០ ខែ​មិថុនា អត្រា​ប្តូរ​ប្រាក់​យន់​នៅ​ទីផ្សារ​ក្រៅ​ប្រទេស​បាន​ធ្លាក់ចុះ​មក​​ដល់ ៦,៩៣ យន់ ​ក្នុង ​១ ​ដុល្លារ​អាមេរិក។

ជម្លោះ​ពាណិជ្ជកម្ម​រវាង​អាមេរិក ​​និង​ចិន បាន​បង្ក​ឲ្យ​មាន​ក្តី​បារម្ភ​ថា​នឹង​កើត​មាន​ភាព​មិន​ច្បាស់លាស់​ខ្លាំង​ចំពោះ​ទីផ្សារ ដែល​បាន​នាំ​មុខ​ដោយ​ការ​ប្រែប្រួល​តម្លៃ​ប្រាក់​យន់​នា​ពេល​ថ្មីៗ​នេះ។ នេះ​បើ​យោង​តាម​លោក E Zhihuan ប្រធាន​សេដ្ឋវិទូ​ប្រចាំ​ធនាគារ Bank of China (Hong Kong)។

លោក Liu Guoqiang ទេសាភិបាល​រង​នៃ​ធនាគារ​ប្រជាមានិត​ចិន ដែល​ជា​ធនាគារ​​កណ្តាល​របស់​ប្រទេស ​ចិន បាន​ថ្លែង​ថា ប្រទេស ​ចិន «មាន​សមត្ថភាព និង​ទំនុក​ចិត្ត» ចំពោះ​ការ​រក្សា​អត្រា​ប្តូរ​ប្រាក់​ឲ្យ​មាន​ស្ថិរភាព​ជា​ទូទៅ​នៅ​ក្នុង​កម្រិត​សមហេតុផល និង​មានតុល្យភាព ដោយ​ពិចារណា​ទៅ​លើ​មូលដ្ឋាន​សេដ្ឋកិច្ច​ដ៏​រឹងមាំ ភាព​រស់រវើក​របស់​សេដ្ឋកិច្ច និង​សក្តានុពល​ធំ​របស់​សេដ្ឋកិច្ច​ចិន។

គិត​ចាប់​ពី​ឆ្នាំ​នេះ​​ទៅ​មុខ មូលដ្ឋាន​​សេដ្ឋកិច្ច​ដ៏​រឹងមាំ​នៃ​សេដ្ឋកិច្ច​​ចិន បាន​ផ្តល់​មូលដ្ឋាន​រឹងមាំ​មួយ​សម្រាប់​ប្រាក់​យន់​ឲ្យ​រក្សា​បាន​ស្ថិរភាព​ក្នុង​រយៈពេល​វែង។

សូចនាករ​សេដ្ឋកិច្ច​ឈាន​មុខ​នានា រួមទាំង​សន្ទស្សន៍​អ្នក​គ្រប់គ្រង​បញ្ជា​ទិញ​ (PMI) ក្នុង​វិស័យ​​ផលិតកម្ម និងការ​ប្រើប្រាស់​ និង​ពាណិជ្ជកម្ម​បរទេស បាន​បង្ហាញ​ថា លទ្ធផល​​សេដ្ឋកិច្ច​ចិន​បាន​បន្ត​កើត​មាន​​ក្នុង​កម្រិត​សមហេតុផល​មួយ ហើយ​រក្សា​បាន​សម្ទុះ​ប្រកប​ដោយ​ស្ថិរភាព។

ពាណិជ្ជកម្ម​ទំនិញ​បរទេស​របស់​ចិន​បាន​កើន​ឡើង​ដល់ ១២,១ ពាន់​ពាន់​លាន​យន់ (ប្រហែល ១,៧៦ ពាន់​ពាន់​លាន​ដុល្លារ) ក្នុង​រយៈពេល ៥ ខែ​ដំបូង​ក្នុង​ឆ្នាំ​នេះ កើន​ឡើង ៤,១ ភាគរយ ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ​មុន។ នេះ​​បើ​យោង​តាម​ទិន្នន័យ​ពី​រដ្ឋបាល​គយ​ទូទៅ​ (GAC) របស់​​ប្រទេស ​ចិន៕ People''s Daily/KC