ក្រុង​សេអ៊ូលៈ ការ​​ផលិត​អាហារ​​​​ក្នុង​​ប្រទេស​ កូរ៉េ​ខាង​ជើង ​ដែល​បំពាក់​អាវុធ​នុយ​ក្លេ​អ៊ែរ និង​ជា​ប្រទេស​ឯកោ​មួយ​នេះ​បាន​ធ្លាក់​ចុះ​នៅ​ឆ្នាំ​នេះ​។ នេះ​បើ​យោង​តាម​អង្គ​​ការ​ស្បៀង​អាហារ​និង​កសិកម្ម (FAO) ​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ (UN)​។​

អង្គការ FAO បាន​ឲ្យ​ដឹង​​ក្នុង​របាយ​ការណ៍​ចក្ខុ​វិស័យ​ដំណាំ​កសិ​កម្ម និង​ស្ថានភាព​​ស្បៀង​អាហារ​ប្រចាំ​ត្រី​មាស​របស់​ខ្លួន​ថា​​ ស្រូវ​​ និងពោត គឺ​ជា​អាហារ​មូលដ្ឋាន​ដ៏​សំខាន់​របស់​កូរ៉េ​ខាង​ជើង​ ប៉ុន្តែ​ទិន្ន​ផល​ស្រូវ​​ត្រូវ​បាន​រំពឹង​ថា​ នឹង​ស្ថិត​​ក្រោម​កម្រិត​មធ្យម​ ដោយ​សារ​តែ​ទឹក​ភ្លៀង​មិន​ទៀង​ទាត់​ និង​ការ​ផ្គត់​ផ្គង់​ប្រព័ន្ធ​​ធារា​សាស្រ្ដ​នៅ​មាន​កម្រិត​ទាប។

អង្គ​ការ​នេះ​បន្ថែម​ថា​លក្ខខណ្ឌ​អា​កាស​​ធាតុ​មិន​អនុ​គ្រោះ ក៏​បាន​កាត់​បន្ថយ​បរិមាណ​ផល​ពោត​ផង​ដែរ​។​

ជា​លទ្ធ​ផល ​​ប្រទេស​មួយ​នេះ​នឹង​ចាំ​បាច់​ត្រូវ​នាំ​ចូល​ស្បៀង​អា​ហារ​ ៦៤១ ០០០ តោន​នៅ​ឆ្នាំ ២០១៩ កើន​ឡើង​ពី​ ៤៥៦ ០០០ តោន​នៅ​ឆ្នាំ​នេះ​ ជា​ពេល​ដែល​​ប្រទេស​នេះ​បាន​ទិញ​ចំនួន ៣៩០ ០០០ តោន និង​ទទួល​បាន​​ស្បៀង​អាហារ​ជំនួយ​ចំនួន​ ៦៦ ០០០ តោន​។​

FAO ​​​បាន​ឲ្យដឹង​​​ក្នុង​​ឯកសារ​នេះ​ថា មាន​ការ​រីក​រាល​ដាល​កង្វះ​លទ្ធ​ភាព​​ទទួល​បាន​ស្បៀង​អា​ហារ​​នៅ​​កូរ៉េខាង​ជើង​។

អង្គការ​នេះ​បន្ត​ថា​៖ «​អសន្ដិសុខ​ស្បៀង​​អាហារ​ នៅ​តែ​ជា​ការ​បារម្ភ​ដ៏​សំខាន់​មួយ​ ដោយ​មាន​​​​​ស្ថាន​ការ​​ណ៍​ដែល​បាន​ធ្វើ​ឲ្យ​កាន់​តែ​ធ្ងន់ធ្ងរ​ដោយ​ទិន្ន​ផល​រដូវ​​ប្រមូល​ផល​ធំ​​ឆ្នាំ​ ២០១៨ ស្ថិត​ក្រោម​ចំនួន​​មធ្យម​​។​

ផលិត​កម្ម​​កសិកម្ម ស្ថិត​ក្នុង​ស្ថានភាព​​​ដ៏​រ៉ាំរ៉ៃ​នៅ​ក្នុង​ប្រទេស​ កូរ៉េ​ខាងជើង​ ដែល​​​ការ​ផ្គត់​ផ្គង់​ដី​ដែល​​អាច​បង្ក​បង្កើន​ផល​បាន​នៅ​មាន​កម្រិត​។​

ប្រទេស​នេះ​ ត្រូវ​បាន​រង​ផល​ប៉ះ​ពាល់​ជា​ទៀង​ទាត់​ ដោយ​គ្រោះ​ទុរ្ភិក្ស ហើយ​​ប្រជាជន​រាប់​សែន​នាក់​​​ត្រូវ​ស្លាប់​។​

កូរ៉េ​ខាង​ជើង ​ជា​ប្រទេស​​​ស្ថិត​ក្នុង​ចំណោម​​​ប្រទេស​ចំនួន ៤០ ដែល​ក្នុង​នោះ​​ប្រទេស​​ ៣១ នៅ​អា្រហ្វិក​​ បាន​ចុះ​បញ្ជី​ជា​​ប្រទេស​ត្រូវ​ការ​ជំនួយ​​​ស្បៀង​អាហារ​ពី​ខាង​ក្រៅ​​ក្នុង​របាយ​ការណ៍​នេះ​។

ទី​ភ្នាក់​ងារ​ UN នា​នា​បាន​ប៉ាន់​ប្រមាណ​ថា ប្រជា​ជន ១០,៣​ លាន​នាក់​​នៅ​​កូរ៉េ​ខាងជើង​ ត្រូវ​ការ​ជំនួយ​មនុស្ស​ធម៌​។​ តែ​ការ​​ផ្ដល់​ហិរ​ញ្ញប្ប​ទាន​របស់​ម្ចាស់​ជំនួយ​ លែង​មាន​ត​ទៅ​ទៀត​​​ក្នុ​ង​គ្រា​ដែល​​មាន​ភាព​តាន​តឹង​ផ្នែក​នយោ​បាយ​ជុំវិញ​​​កម្ម​វិធី​អា​វុធ​របស់​​ប្រទេស​នេះ៕ AFP/LA