ក្រុងវ៉ាស៊ីនតោនៈ កំពង់ផែរបស់សហរដ្ឋអាមេរិកដែលទទួលកប៉ាល់ដឹកទំនិញនាំចូលតម្លៃរាប់រយពាន់លានដុល្លារក្នុងមួយឆ្នាំៗនឹងទទួលរងផលប៉ះពាល់មុនគេបង្អស់ បើសង្គ្រាមពាណិជ្ជកម្មដែលផ្តួចផ្តើមដោយរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ចាប់ផ្តើមធ្វើឲ្យសេដ្ឋកិច្ចសកលថយចុះ។
ខណៈសេតវិមានគំរាមដកហូតពន្ធកាន់តែខ្ពស់លើទំនិញរបស់ចិនដែលមានតម្លៃ ២០០ ពាន់លានដុល្លារ អ្នកគ្រប់គ្រងកំពង់ផែអាមេរិកកំពុងអោបក្រសោបទស្សនវិស័យនៃការលុបចោលការដឹកជញ្ជូន និងការបាត់បង់ការងារ បន្ទាប់ពីអាចនឹងមានវិធានការតបតដែលធ្វើឡើងដោយរដ្ឋាភិបាលចិន។ នេះបើយោងតាមការរាយកាណ៍របស់សារព័ត៌មាន CNBC កាលពីថ្ងៃទី ២៩ ខែកក្កដា។
ស្ថិតិពីកំពង់ផែផ្លូវការចំនួន ៣២៨ ដែលបានមកពីនាយកដ្ឋានការពារព្រំដែន និងគយអាមេរិកបានបង្ហាញថា ទំនិញតម្លៃជាង ៥០៥ ពាន់លានដុល្លារបានមកដល់ពីប្រទេសចិនកាលពីឆ្នាំមុន។
កំពង់ផែភាគខាងត្បូងរដ្ឋកាលីហ្វ័រនីញ៉ាទទួលការនាំចូលទំនិញចិនតម្លៃ ១៧៣ ពាន់លានដុល្លារកាលពីឆ្នាំមុនប្រហែល ១ ភាគ ៣ នៃទំនិញទាំងអស់ដែលដឹកមកពីប្រទេសចិនទៅសហរដ្ឋអាមេរិក។
កំពង់ផែ Los Angeles/Long Beach Seaport កំពង់ផែ Chicago និងកំពង់ផែ New York គឺជាកំពង់ផែ ៣ ធំបំផុតក្នុងការទទួលការនាំចូលទំនិញចិន។ នេះយោងតាមនាយកដ្ឋានគ្រប់គ្រងកំពង់ផែអាមេរិក។
កំពង់ផែ Los Angeles/Long Beach Seaport បានទទួលការនាំចូលទំនិញពីចិនតម្លៃ ៧៩ ពាន់លានដុល្លារ កំពង់ផែ Chicago ទទួលការនាំចូលតម្លៃ ២៣ ពាន់លានដុល្លារ និងកំពង់ផែ New York ទទួលការនាំចូលទំនិញចិនតម្លៃ ២០ ពាន់លានដុល្លារក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះ។
បើយោងតាម Descartes ដែលជាអ្នកនាំមុខសកលក្នុងផ្នែកអាជីវកម្មដែលប្រើភ័ស្តុភារច្រើនបានឲ្យដឹងថា កំពង់ផែ Los Angeles ទទួលបានការនាំចូលទំនិញសរុបចំនួន ២៥០,៣ ពាន់លានដុល្លារគិតត្រឹមចុងឆ្នាំ ២០១៧ ដែល ៦១ ភាគរយគឺបានមកពីពាណិជ្ជកម្មជាមួយចិន។ អនុបាតគឺ ៣១ ភាគរយនៅក្នុងកំពង់ផែ New York ដែលដាក់ និងបញ្ចេញទំនិញចំនួន ១៦៥,២៦ ពាន់លានដុល្លារ។
ស្ថិតិបានបង្ហាញថា អាជីវកម្មពាក់ព័ន្ធនឹងចិនមានចំនួនជាង ១ ភាគ ៤ នៃទំហំពាណិជ្ជកម្មសរុបសម្រាប់កំពង់ផែចំនួន ១៦ នៃកំពង់ផែធំបំផុតចំនួន ២០ ក្នុងសហរដ្ឋអាមេរិក៕ The People''s Daily/PS