ភ្នំពេញៈ ឆ្នាំ ២០១៩ គឺជាពេលដែលវិស័យមូលបត្រនៅកម្ពុជាមានភាពរីកចម្រើនខ្លាំងបំផុតដោយទឹកប្រាក់ជួញដូរជាមធ្យមប្រចាំថ្ងៃមានប្រមាណជាង ១៥ ម៉ឺនដុល្លារ កើនឡើងជិត ៥០០ ភាគរយ បើធៀបនឹងឆ្នាំ ២០១៨។ នេះបើយោងតាមអគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX)។
របាយការណ៍ពី CSX បានបង្ហាញថានៅក្នុងឆ្នាំ ២០១៩ ទំហំនៃការជួញដូរជាមធ្យមប្រចាំថ្ងៃមានតម្លៃ ១៥៧ ០៤៥ ដុល្លារ កើន ៤៨៧ ភាគរយ បើធៀបទៅនឹងឆ្នាំ ២០១៨ ដែលមានតម្លៃ ២៦ ៧១៩ ដុល្លារ។
កាលពីឆ្នាំ ២០១៧ ការជួញដូរជាមធ្យមប្រចាំថ្ងៃមានចំនួន ១៣ ១៤៩ ដុល្លារ ឆ្នាំ ២០១៦ មានតម្លៃ ១០ ៣៩៨ ដុល្លារ ឆ្នាំ ២០១៥ មាន ៧ ៨៣៧ ដុល្លារ ឆ្នាំ ២០១៤ មានចំនួន ១៣ ១៥៩ ដុល្លារ និងឆ្នាំ ២០១៣ មានតម្លៃ ១៥ ១៦២ ដុល្លារ។
នៅក្នុងសន្និសីទសារព័ត៌មានស្តីពី «ទស្សនវិស័យនៃវិស័យមូលបត្រនៅកម្ពុជា» កាលពីថ្ងៃម្សិលមិញលោក ហុង សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាបានលើកឡើងថា ឆ្នាំ ២០១៩ គឺជាឆ្នាំដ៏អស្ចារ្យសម្រាប់វិស័យមូលបត្រកម្ពុជាដោយវិស័យនេះសម្រេចបាននូវកំណើនខ្ពស់ និងបានបំបែកនូវកំណត់ត្រាជាច្រើនដូចជា តម្លៃនៃការជួញដូរ និងសកម្មភាពជួញដូរជាដើម។
លោកបន្តថា ភាពវិជ្ជមានទាំងអស់នេះបានធ្វើឲ្យតម្លៃជួញដូរប្រចាំថ្ងៃកើនឡើងខ្ពស់កាលពីឆ្នាំ ២០១៩។ លោកថ្លែងថា៖ «ទោះយ៉ាងណាចំនួននេះបើគិតសម្រាប់ប្រទេសកម្ពុជាគឺមានចំនួនច្រើនគ្រាន់បើ តែបើធៀបជាមួយប្រទេសផ្សេងៗគឺនៅមានចំនួនតិចតួច»។
គិតត្រឹមដំណាច់ឆ្នាំ ២០១៩ ការប្រមូលមូលធនតាមរយៈផ្សារមូលបត្រកម្ពុជា មានតម្លៃសរុប ១៦១,៤៧ លានដុល្លារ។ នេះបើតាមរបាយការណ៍។
លោក សុហួរ បាននិយាយថា៖ «ផ្សារមូលបត្រកម្ពុជាកំពុងវិវត្តខ្លួនក្លាយជាចលករមួយដ៏សំខាន់នៅក្នុងចរន្តសេដ្ឋកិច្ចជាតិកម្ពុជា»។
ក្រៅពីចំណុចខាងលើភាពលេចធ្លោក្នុងវិស័យមូលបត្រកម្ពុជាកាលពីឆ្នាំ ២០១៩ ក៏រួមមានចំណុចមួយចំនួនទៀតដូចជា សន្ទស្សន៍ថ្លៃ (Index) បានកើនឡើងខ្ពស់បំផុតមិនធ្លាប់មានកាលពីដើមខែតុលា ឆ្នាំ ២០១៩ គឺ ៨៧០,៦៥ ពិន្ទុ និងមូលធនូបនីយកម្មទីផ្សារមានតម្លៃរហូតដល់ ៨០២ លានដុល្លារ។ ជាមួយគ្នានេះកាលពីថ្ងៃទី ២១ ខែឧសភា តម្លៃនៃការជួញដូរបានកើនដល់ ៣០ លានដុល្លារក្នុង ១ ថ្ងៃ ជាមួយនឹងបរិមាណជួញដូរភាគហ៊ុនមានចំនួន ៩,៤៤ លានហ៊ុន ដែលជាតួលេខខ្ពស់មិនធា្លប់មាននៅ CSX។
សម្រាប់ឆ្នាំ ២០២០ នេះលោក សុហួរ និយាយថា៖ «យើងរំពឹងថា នៅឆ្នាំ ២០២០ នេះនឹងមានក្រុមហ៊ុនមកចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជាយ៉ាងហោចណាស់ចំនួន ៧ ទៀត ដែលក្នុងនោះមាន ៤ ចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ និង ៣ ទៀតចុះបញ្ជីលក់មូលបត្របំណុល»។
ចាប់ផ្តើមបើកដំណើរការក្នុងឆ្នាំ ២០១២ រហូតមកដល់ពេលនេះនៅលើផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនចុះបញ្ជីសរុបចំនួន ៨ ដែលក្នុងនោះមានចំនួន ៥ បានចុះបញ្ជីបោះលក់មូលបត្រកម្មសិទ្ធិ (រដ្ឋាករទឹកស្វយ័តភ្នំពេញ កំពង់ផែស្វយ័តភ្នំពេញ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់ ហ្គ្រេនធ្វីន និងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ) និង ៣ ផ្សេងទៀតបោះលក់មូលបត្របំណុល (ហត្ថាកសិករ, LOLC និងធនាគារ ABA )។
លោក Ha Jong Weon អគ្គនាយករងនៃផ្សារមូលបត្រកម្ពុជាបាននិយាយថា ការចូលមកផ្សារហ៊ុនរបស់គ្រឹះស្ថានហិរញ្ញវត្ថុធំៗ ការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាថ្មីៗ ការបន្ថែមម៉ោងជួញដូរ ទំនុកចិត្តរបស់វិនិយោគិន ការផ្សព្វផ្សាយទៅសាធារណជនកាន់តែទូលំទូលាយ និងកិច្ចខិតខំរបស់គ្រប់ផ្នែកពាក់ព័ន្ធ បានធ្វើឲ្យផ្សារមូលបត្រកម្ពុជាមានសម្ទុះយ៉ាងខ្លាំងក្នុងឆ្នាំ ២០១៩។
លោកបន្តថា តាមពិតទៅកំណើននេះបានចាប់ផ្តើមមានតាំងពីឆ្នាំ ២០១៨ មកម្ល៉េះ។ នេះជាសូចនាករវិជ្ជមានមួយសម្រាប់ទីផ្សារមូលបត្រកម្ពុជាក្នុងឆ្នាំ ២០២០ នេះ និងឆ្នាំបន្តបន្ទាប់ទៀត។
លោកថ្លែងថា៖ «យើងរំពឹងថា សាធារណជននឹងផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតចំពោះទីផ្សារមូលបត្រនៅឆ្នាំ ២០២០ នេះដោយសារការបន្តសកម្មភាពផ្សព្វផ្សាយអំពីទីផ្សារក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងទាក់ទាញវិនិយោគិនបន្ថែមទៀត»។
បើតាមលោក Ha Jong Weon បច្ចុប្បន្ន CSX បាននិងកំពុងធ្វើការសិក្សាលើផលិតផលជាច្រើនដើម្បីបង្កើនដាក់ចូលទីផ្សារនៅពេលខាងមុខ។ ផលិតផលទាំងនោះមានដូចជា Depositoty Receipt មូលនិធិនៃគម្រោងវិនិយោគរួម បណ្ណបំណុលរដ្ឋ ការចុះបញ្ជីឆ្លងដែន Holding Company និង Exchange Traded Fund និង Private Market៕LA