ក្រុងហុងកុងៈ ទីផ្សារ​ភាគហ៊ុន​​អាស៊ី​បាន​ថមថយ​បន្តិច​​​វិញ​កាល​ពី​ថ្ងៃ​អង្គារ ខណៈ​ការ​កើន​ឡើង​កាល​​ពី​មុន​ដែល​ត្រូវ​​បាន​ជំរុញ​ដោយ​​​ការ​ចាប់​ផ្ដើម​បន្ត​នៃ​​ការ​ចរចា​រវាង​ប្រទេស ​ចិន និង​អាមេរិក​ ​បាន​ប៉ះប៉ូវ​​ក្តី​​បារម្ភ​អំពី​ចក្ខុវិស័យ​សេដ្ឋកិច្ច​ពិភព​លោក​ បន្ទាប់​ពី​ការ​ចេញ​ផ្សាយ​ទិន្នន័យ​​រោងចក្រ​ដែល​ខកចិត្ត​។​

តម្លៃ​ភាគហ៊ុន​ផ្សារហ៊ុន​ហុងកុង បាន​កើន​ឡើង​ជាង ​២ ​ភាគរយ​ ដោយសារ​តែ​ពាណិជ្ជករ​​​បាន​​ត្រឡប់​មក​ពី​ការ​សម្រាក​​ចុង​​សប្ដាហ៍​រយៈពេល​វែង​ ​ដើម្បី​​ព្យាយាម​សម្រេច​បាន​កម្រិត​ស្មើគ្នា​ជា​មួយ​នឹង​ផ្នែក​ផ្សេង​ទៀត​​នៃ​តំបន់​នេះ ខណៈ​​ការ​តវ៉ា​​​ប្រឆាំង​ដោយ​ហិង្សា​រយៈពេល​ខ្លី​នៅ​ក្នុង​ទីក្រុង​នេះ​​ដែល​ហាក់​ដូចជា​មាន​ផល​ប៉ះពាល់​បន្តិច​​បន្តួច​ប៉ុណ្ណោះ​លើ​ទំនុក​ចិត្ត​​។​

ខណៈ​លោក ដូណាល់ ត្រាំ និង​​លោក​ ស៊ី ជីនភីង​ យល់ព្រម​​ក្នុង​ការ​ចាប់​ផ្ដើម​ដំណើរ​ការ​​ចរចា​​ឡើង​វិញ​ដែល​បាន​ផ្ដល់​ការ​បន្ធូរបន្ថយ​​​មួយ​ចំនួន ប៉ុន្តែ​បញ្ហា​សំខាន់​ៗ​​នៅ​តែ​មិន​អាច​ដោះស្រាយ​បាន​ ​​រួមមាន​​​​ពាណិជ្ជកម្ម​បច្ចេកវិទ្យា និង​​​កម្មសិទ្ធិ​បញ្ញា​។​​​

លោក Stephen Innes នៅ​​ក្រុមហ៊ុន​ Vanguard Markets បាន​ថ្លែង​ថា​៖ «​​ពាណិជ្ជករ​​បាន​យល់​ថា ពួក​គេ​បាន​លោត​ទៅ​មុន​ ខុស​ពី​ភាព​​​ពិត​នៃ​​សេដ្ឋកិច្ច ​ បន្ទាប់​ពី​របាយការណ៍​​ផលិតកម្ម​រោងចក្រ​​ដែល​ខក​ចិត្ត​ជា​ច្រើន​ពី​អាមេរិក ​ចិន​ និង​អឺរ៉ុប ​បាន​ផ្ដល់​​​ការ​រំឭក​​​ថា ចក្ខុ​វិស័យ​សម្រាប់​កំណើន​សេដ្ឋកិច្ច​ពិភព​លោក​នៅ​តែ​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ហានិភ័យ​ទំនុក​ចិត្ត»​។​

វិទ្យាស្ថាន​គ្រប់គ្រង​ការ​ផ្គត់ផ្គង់​ដែល​ឃ្លាំមើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​​ដល់​សន្ទស្សន៍​​ផលិតកម្ម​ទូទាំង​​ប្រទេស​ នៅ​អាមេរិក​ បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​កម្រិត​ទាប​បំផុត​របស់​ខ្លួន​​ក្នុង​រយៈពេល​ជិត ៣ ​ឆ្នាំ ​កាល​ពី​ខែ​​មិថុនា ដែល​រង​ផល​ប៉ះពាល់​ដោយ​តម្រូវការ​បរទេស​ខ្សោយ​ ដោយសារ​តែ​រោងចក្រ​ជា​ច្រើន​ស្ទាក់ស្ទើរ​​ក្នុង​ការ​​ផលិត​ស្ដុក​ដែល​ពួក​គេ​​មិន​អាច​លក់​បាន​។​

តួលេខ​ពី​ប្រទេស ​ចិន​ និង​អឺរ៉ុប ​បាន​ចង្អុល​បង្ហាញ​ការ​ធ្លាក់ចុះ​​នៅ​ក្នុង​វិស័យ​រោងចក្រ​រៀងៗ​ខ្លួន​របស់​ពួក​គេ​ ខណៈ​តម្លៃ​សន្ទស្សន៍​របស់​​ផ្សារហ៊ុន​ចក្រភព​អង់គ្លេស បាន​ធ្លាក់ចុះ​មក​នៅ​ត្រឹម​​កម្រិត​ទាប​បំផុត​​​ចាប់​តាំង​ពី​ឆ្នាំ ​២០១៣​។​​

ក្រុម​អ្នក​អង្កេត​បាន​ឲ្យ​ដឹង​ថា​ តួលេខ​ នេះ​​អាច​ដាក់​សម្ពាធ​បន្ថែម​ទៀត​លើ​ធនាគារ​កណ្ដាល​ ក្នុង​ការ​ផ្ដល់​ការ​គាំទ្រ​ដល់​សេដ្ឋកិច្ច​ជាមួយ​នឹង​ការ-​លើក​ទឹក​​ចិត្ត​ថ្មីៗ​។​

ធនាគារ​កណ្ដាល​អាមេរិក​​ដែល​ត្រូវ​បាន​គេ​ដឹង​ថា ​នឹង​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​ នៅ​ក្នុង​កិច្ច​ប្រជុំ​គោល​នយោបាយ​​របស់​ខ្លួន​នៅ​ខែ​នេះ ​និង​ការ​ចេញ​​ផ្សាយ​របាយការណ៍​ការងារ​​អាមេរិក​នៅ​ថ្ងៃ​សុក្រ​ នឹង​ត្រូវ​បាន​តាមដាន​យ៉ាង​យក​ចិត្ត​​ទុក​ដាក់​។

លោក Edward Moya ​អ្នក​វិភាគ​ជាន់​ខ្ពស់​ផ្នែក​ទីផ្សារ​នៅ​ក្រុមហ៊ុន ​OANDA ​បាន​ថ្លែង​ថា​​៖ «​​ភាគហ៊ុន​អាច​​នឹង​មើល​ឃើញ​​​​ក្រោយ​ចេញ​​​​ទិន្នន័យ​សេដ្ឋកិច្ច​ ដែល​នឹង​គាំទ្រ​ទឡ្ហីករណ៍ សម្រាប់​ធនាគារ​កណ្ដាល​អាមេរិក ក្នុង​ការ​ផ្ដល់​ការ​ប្ដេជ្ញា​ចិត្ត​កាន់​តែ​ខ្លាំង​ ក្នុង​ការ​បន្ធូរបន្ថយ​ និង​សម្រាប់​ធនាគារ​កណ្ដាល​សំខាន់ៗ​ផ្សេង​ទៀត​ ក្នុង​ការ​បង្កើន​កិច្ច​ខិតខំ​​ប្រឹងប្រែង​របស់​​ពួក​គេ​»៕AFP/LA