ក្រុង​វ៉ាស៊ីនតោនៈ ដោយ​​ដក​ហូត​ពន្ធ​​ក្នុង​​​​តម្លៃ​ ៧០ ដុល្លារ​ក្នុង ​១ ​តោន​នៃ​កាបូន​ឌីអុកស៊ីត​ (ឧស្ម័ន​កាបូនិច) ​ការ​យក​​ពន្ធ​លើ​កាបូន​នឹង​ជា​​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធ​ភាព​បំផុត​​ក្នុង​ការ​​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​។ ​នេះ​បើ​យោង​តាម​របាយការណ៍​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF)​ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ចុង​សប្តាហ៍​មុន​។​

ប៉ុន្តែ​សម្រាប់​ពេល​នេះ​ ពន្ធ​លើ​កាបូន​នៅ​តែ​​គ្មាន​ប្រជា​ប្រិយភាព ជា​ពិសេស​នៅ​​ប្រទស ​បារាំង ជា​ទី​​ដែល​ផែនការ​ដំឡើង​​​កាបូន​​ពន្ធ​ពី​ ៤៤,​៦០ អឺរ៉ូ ដល់ ​៥៥ ​អឺរ៉ូ (​ឬ​ ៦១,​៦០​ដុល្លារ​) នៅ​ពេល​ថ្មីៗ បាន​បញ្ឆេះ​ឲ្យ​មាន​ចលនា​តវ៉ា​ប្រឆាំង​ពី​សំណាក់​ក្រុម​​អាវ​កាក់​ពណ៌លឿង​។​

រដ្ឋាភិបាល​បារាំង​បាន​បង្ខំ​ចិត្ត​​ផ្អាក​ផែនការ​នេះ ដោយសារ​​​បះបោរ​កាន់​តែ​ខ្លាំង។​

កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ដែល​បាន​អនុម័ត​​កាល​ពី​ឆ្នាំ​ ២០១៥ ដោយ​​​ប្រទេស​ជាង ២០០ មាន​​បំណង​​ដាក់​កម្រិត​កំណើន​រួម​នៃ​សីតុណ្ហភាព​ពិភព​លោក​​មក​​នៅ​​កម្រិត​ត្រឹម ២ អង្សាសេ​ លើ​កម្រិត​សម័យ​មុន​ឧស្សាហកម្ម​។​

លោកស្រី Christine Lagarde ប្រធាន​គ្រប់គ្រង​ IMF និង​លោក Vitor Gaspar ​​​ប្រធាន​ផ្នែក​កិច្ចការ​សារពើពន្ធ​របស់​​ IMF​ ​ឲ្យ​ដឹង​​ក្នុង​ការ​អធិប្បាយ​មួយ​នៅ​លើ​​​គេហទំព័រ​​រួម​មួយ​ថា៖ «​ទិសដៅ​កំណត់​សីតុណ្ហភាព ​២ អង្សាសេ នឹង​តម្រូវ​ឲ្យ​ធ្វើ​ឡើង​ដើម្បី​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​ប្រហែល ​១ ភាគ ៣ ត្រឹម​ឆ្នាំ​ ២០៣០ ហើយ​​តម្លៃ​កាបូន​លើ​ពិភព​លោក មាន​ប្រហែល​ ៧០ ​ដុល្លារ​ក្នុង ​១ ​តោន»។​​

មេ​ដឹកនាំ​ទាំង ២ បាន​​ថ្លែង​ថា៖ «​​មាន​ការ​យល់​ស្រប​កាន់​តែ​ច្រើន​ឡើង​ថា ការ​កំណត់​តម្លៃ​កាបូន គឺ​ជា​ឧបករណ៍​​​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​តែ​ ១ ​គត់ ​ដើម្បី​កាត់​បន្ថយ​ការ​បញ្ចេញ​​កាបូន»។​

ការ​យក​ពន្ធ​នេះ​​អាច​ឲ្យ​មាន​ការ​​កាត់​បន្ថយ​ក្នុង​ការ​ប្រើប្រាស់​​ថាមពល ការ​ងាក​ទៅ​រក​​​ថាមពល​កាន់​តែ​ស្អាត និង​កៀរគរ​​​ហិរញ្ញប្បទាន​ឯកជន។ នេះ​បើ​យោង​តាម IMF ​។​

ពួក​គេ​ថ្លែង​ថា​៖ «​វា​ផ្ដល់​ប្រាក់​ចំណូល​ចាំបាច់​ជា​ច្រើន​ផង​ដែរ។ ប្រទេស​​ទាំង​អស់​​​អាច​ប្រើប្រាស់​ប្រាក់​ចំណូល​​នោះ ក្នុង​ការ​ផ្ដល់​ហិរញ្ញប្បទាន​ដល់​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​ប្រកប​ដោយ​បរិយាប័ន្ន និង​មាន​​និនរន្តរភាព ​»។​

ក្នុង​របាយ​ការណ៍​នេះ IMF បាន​ឲ្យ​ដឹង​ថា ​ក្នុង​ប្រទេស ចិន ដែល​ជា​ប្រទេស​បំភាយ​ឧស្ម័ន​កាបូន​ច្រើន​ជាង​​គេ​របស់​ពិភព​លោក និង​ឥណ្ឌា ​ឬ​អាហ្រ្វិក​ខាង​​ត្បូង ជា​ប្រទេស​ដែល​ពឹង​ផ្អែក​​យ៉ាង​ខ្លាំង​លើ​ធ្យួង​ថ្ម ពន្ធ​លើ​កាបូន​ដែល​មាន​ត្រឹមតែ​ ៣៥ ​ដុល្លារ​​ក្នុង​មួយ​​តោន​នឹង​កាត់​បន្ថយ​ការ​បំភាយ​​​ឧស្ម័ន​ ៣០ ​ភាគរយ៕​ AFP/LA