ក្រុង​ប្រ៊ុចសែលៈ ប្រទេស​បារាំង​​បាន​ឲ្យ​ដឹង​​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ខ្លួន​​ត្រៀម​ខ្លួន​​​​ពន្យារ​​ពន្ធឌីជីថល​ ដែល​ស្នើ​ឡើង​ដើម្បី​ដក​ហូត​ពន្ធ​លើ​​ក្រុម​ហ៊ុន​បច្ចេក​វិទ្យាធំៗនៅទូទាំង​សហភាពអឺរ៉ុប ​​​ដើម្បី​​​​ជួយ​សង្គ្រោះ​​​សំណើពន្ធ​​មួយនេះ ​ដែល​​ប្រឈម​មុន​នឹង​ការ​ប្រឆាំង​ពី​​ប្រទេសអៀរឡង់ និង​ប្រទេស​នៅភាគ​ខាង​ជើង​អឺរ៉ុប។

​ទីក្រុង​បារីស​បាន​និង​កំពុង​​ជំរុញ​ដៃ​គូ​​អឺរ៉ុប​របស់​ខ្លួន​​​ឲ្យ​ដាក់​​ចេញ​នូវ​ពន្ធ​ថ្មី​មួយ​​​ដើម្បី​ធានា​ថា ​​ក្រុមហ៊ុន​​បច្ចេក​វិទ្យា​​ខ្នាត់​ពិភពលោកនានា​​ដូច​ជា​ ​Facebook និង Google បង់​ពន្ធ​ដោយ​ស្មើ​​ភាព។

​ប៉ុន្តែ​​លោក ​ Bruno Le Maire រដ្ឋ​មន្រ្តីហិរញ​​វត្ថុបារាំង​បាន​ថ្លែង​ថា ប្រទេស​បារាំង​​ឥឡូវ​នេះ​​ឯក​ភាព​​ជា​មួយ​ប្រទេស​អាល្លឺ​ម៉ង់​​​ថា ​ពន្ធ​នេះ​អាច​នឹង​ពន្យារ​ពេល​​ ខណៈ​កំពុង​ស្វែង​​​ដំណោះ​​ស្រាយ​​​អន្តរជាតិ​​ឲ្យ​បាន​ច្រើនជាង​នេះ។

​កាល​ពី​ថ្ងៃចន្ទ សម​ភាគី​អាល្លឺ​ម៉ង់​​របស់​លោក Le Maire គឺ​​លោក Olaf Scholz ​បាន​គាំ​ទ្រ​​ពន្ធ​អឺរ៉ុបនេះ​ ប៉ុន្តែ​លុះត្រា​តែ​មិន​អាច​ស្វែង​រក​​​ដំណោះ​ស្រាយ​ទូលំទូលាយ​​​​ជាង​នេះ​​​​ «​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ មួយ​ឆ្នាំ​កន្លះ​» ខាង​មុខ។

​​នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​ដល់​កិច្ច​ប្រជុំ​រដ្ឋ​មន្រ្តី​ហិរញ្ញ​វត្ថុ​​អឺរ៉ុប​​ក្នុង​ទីក្រុងប្រ៊ុច​សែល លោក Le Maire ​បាន​ប្រាប់ទីភ្នាក់ងារ​ព័ត៌មាន​ AFP ថា ​សេចក្តី​ព្រាង​ច្បាប់​របស់​សហភាព​អឺរ៉ុប​ ​«គ្រោងនឹង​​ត្រូវ​អនុម័ត​​នៅ​ខែ​ធ្នូ ឆ្នាំ​២០១៨​ ​​ប៉ុន្តែ​យើង​​បើក​ចំហ​​​ឲ្យ​មាន​ការ​ពន្យារ​ពេល​ក្នុង​​ការ​ចូល​ជា​ធរមាន​​​ដើម្បី​​អនុញ្ញាត​ឲ្យ​មាន​ពេល​វេលា​សម្រាប់​អង្គការ OECD ​ធ្វើ​សំណើ​​ច្បាប់​មួយ​ដែល​មាន​លក្ខណៈ​ទូលំទូលាយ​​ជាង​នេះ។

លោក Le Maire ​បាន​ថ្លែង​ថា​៖ «​​មិន​មាន​ការខ្វែង​គំនិត​គ្នា​​ជា​មួយ​លោក Scholz ​អំពី​បញ្ហា​នេះ​ទេ​។ ​មាន​ភាព​លំបាក​បច្ចេក​ទេស​ដែល​ត្រូវ​ដោះ​ស្រាយ​​ ហើយ​យើង​ត្រូវ​តែ​ដោះ​ស្រាយ​​វា​ក្នុង​រយៈ​ពេល​បួន​សប្តាហ៍​​ខាង​មុខ​»៕ AFP/PS