ក្រុង​សេនភេធឺសប៊ឺកៈ លោក​រដ្ឋមន្ដ្រី​ក្រសួង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​​​ប្រទេស ​រុស្ស៊ី ​​បាន​ឲ្យ​ដឹង​ថា​ ប្រទេស​ ​រុស្ស៊ី និង​ចិន ​ត្រូវ​បាន​រំពឹង​ថា​នឹង​បង្កើន​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​ដល់​កម្រិត​កម្ពស់​​ថ្មី​​មួយ និង​សម្រេច​បាន​ទំហំ​​​​ពាណិជ្ជកម្ម​ ២០០ ​ពាន់​លាន​ដុល្លារ​អាមេរិក ​ក្នុង​រយៈពេល ​២-៣ ឆ្នាំ​ក្រោយ​។​​​

លោក Oreshkin បាន​ប្រាប់​សារព័ត៌មាន​ស៊ិនហួ ក្នុង​អំឡុង​វេទិកា​សេដ្ឋកិច្ច​អន្តរជាតិ​ St. Petersburg លើក​ទី២៣ ថា អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​របស់​រុស្ស៊ី និង​ចិន ស្ដីពី​ការ​លើក​កម្ពស់​​ពាណិជ្ជកម្ម​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​នា​ពេល​ថ្មីៗ​នេះ​នៅ​ទីក្រុង​ម៉ូស្គូ នឹង​ជួយ​​បង្កើន​ប្រាក់​​ចំណូល​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ដល់​​​កម្រិត​ដែល​ត្រូវ​បាន​កំណត់​របស់​ខ្លួន។

ដើម្បី​សម្រេច​បាន​លទ្ធផល​នេះ ប្រទេស ​រុស្ស៊ី និង​ចិន​បាន​ចុះ​បញ្ជី​​​វិស័យ​សំខាន់ៗ​មួយ​​ចំនួន​ដែល​ចាំបាច់​ត្រូវ​​​អភិវឌ្ឍ និង​​​កែលម្អ​។ នេះ​បើ​យោង​តាម​​លោក​រដ្ឋមន្ដ្រី​។​

លោក Oreshkin ​ថ្លែង​ថា​៖ «​​ប្រទេស​​ទាំង ​២ នេះ ​​មិន​គួរ​ត្រឹមតែ​អនុវត្ត​គម្រោង​​ធំៗ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវ​ផ្ដល់​ទំនិញ​​​ប្រើប្រាស់​ចុង​ក្រោយ​​ដែល​ត្រូវ​បាន​​ធ្វើ​ពិពិធកម្ម និង​ការ​វិនិយោគ​ផងដែរ។​ ទំហំ​ទាំង​នេះ​នឹង​កើន​ឡើង​យ៉ាង​សកម្ម​បំផុត​»។​

ជា​ពិសេស​ លោក​បាន​កត់​សម្គាល់​ថា ​ប្រទេស ​រុស្ស៊ី គ្រោង​​នឹង​​បង្កើន​ការ​នាំចេញ​សណ្ដែកសៀង​ទៅ​​ប្រទេស ​ចិន​ ដែល​ជា​​ប្រទេស​នាំចូល​សណ្ដែកសៀង​ឈាន​មុខ​គេ​របស់​ពិភព​លោក។​

លោក​បន្ថែម​ថា ប្រទេស ​រុស្ស៊ី និង​ចិន ​នឹង​បង្កើត​មូលនិធិ​នវានុវត្តន៍​វិទ្យាសាស្ដ្រ​ និង​បច្ចេកវិទ្យា​ថ្មី​មួយ​ផង​ដែរ ដែល​ជំរុញ​ដល់​ការ​វិនិយោគ​លើ​សហគ្រាស​​ធុនតូច និង​មធ្យម​របស់​ប្រទេស​ទាំង ​២ ​នេះ​។​

ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង ​២ ​នេះ​​បាន​កើន​ឡើង​ដល់​​កម្រិត​ខ្ពស់​បំផុត​ជាង ​១០០ ​ពាន់​លាន​ដុល្លារ​ ​កាល​ពី​ឆ្នាំ​ ២០១៨​។​

យោង​តាម​លោក Oreshkin នៅ​ឆ្នាំ​នេះ ​ភាគី​ទាំង ​២ ​មាន​បំណង​​បន្ត​​បង្កើន​ទំហំ​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំង ​២ ពោល​គឺ​ជា​ «ចំណុច​​មួយ​ដែល​យើង​​​កំពុង​ចាប់​ផ្ដើម​ដើម្បី​សម្រេច​ឲ្យ​បាន​តាម​ទិសដៅ​​ប្រកប​ដោយ​មហិច្ឆតា​ថ្មី»។

លោក​​បន្ត​ថា​៖ «​យើង​មាន​កិច្ច​សហ​ប្រតិបត្តិការ​ពេញ​លេញ​ និង​ការ​យល់​ដឹង​ពេញ​​លេញ ហើយ​វា​នឹង​​ស្ថិត​ក្នុង​ស្មារតី​ដែល​យើង​នឹង​បន្ត​»៕ People''s Daily/​LA