ភ្នំពេញៈ ពាណិជ្ជ​កម្ម​ទ្វេ​ភាគី​រវាង​​​ប្រទេស​ កម្ពុជា ​វៀត​ណាម​ បាន​មើល​ឃើញ​ពី​កំណើន​ខ្ពស់​ដោយ​​​សម្រេច​បាន ​​​ ៣,​០​៦ ​​ពាន់​​លាន​ដុល្លារ​ក្នុង​អំឡុង​​ពេល​ ១០ ខែ​ដំបូង​នៅ​ឆ្នាំ ២០១៨ នេះ គឺ​កើន​ឡើង​​​ ៣៦ ​ភាគរយ​ធៀប​នឹង​​រយៈ​​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។ នេះ​បើ​​យោង​ទៅ​តាម​ទិន្នន័យ​របស់​​រដ្ឋា​ភិបាល​វៀត​ណាម​។

តួ​លេខ​ពាណិជ្ជកម្ម​បាន​ពី​អគ្គ​​​នាយក​ដ្ឋាន​ពន្ធដារ​ប្រទេស វៀត​ណាម ​​សម្រាប់​ខែ​មករា​ ដល់​ខែ​តុ​លា​ បាន​បង្ហាញ​ថា ​ក្នុង​ចំណោម​ពាណិជ្ជ​កម្ម​ទ្វេ​ភាគី​សរុប​ចំនួន ៣,​០៦​ ពាន់​លាន​ដុល្លារ​ ទំហំ​នៃ​ការ​នាំចេញ​របស់​វៀត​ណាម​មក​កម្ពុជា បាន​កើន​ឡើង​ដល់​ ២,២៥ ពាន់​លាន​ដុល្លារ​ ស្មើ​​នឹង​ ៧៣ ​ភាគរយ​នៃ​ពាណិជ្ជ​កម្ម​ទ្វេ​ភាគី​សរុប​​។​

លោក លឹម ហេង ​អនុ​ប្រធាន​សភា​ពា​ណិ​ជ្ជ​​កម្ពុជា​ (CCC)​ បាន​ប្រាប់​ឲ្យ​ដឹង​ថា ប្រទេស​ កម្ពុជា ​តែង​មាន​​ឱន​ភាព​ពាណិជ្ជ​កម្ម​ជា​មួយ​ប្រទេស​ វៀត​ណាម​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ហើយ​នេះ​គឺ​ដោយ​សារ​តែ​ភាគ​ច្រើន​​នៃ​ផលិតផល​នាំ​ចូល​របស់​កម្ពុជា​​​ពី​ប្រទេស​ វៀត​ណាម​ គឺ​ជា​ផលិត​ផល​សម្រេច​ ខណៈ​​ផលិត​ផល​នាំ​ចេញ​របស់​កម្ពុជា​ គឺ​ផលិតផល​​កសិ​កម្ម​មិន​ទាន់​កែច្នៃ​។

លោក លឹម ហេង បន្ត​ទៀត​ថា ខណៈ​វិស័យ​សំណង់​កំពុង​​កើន​ឡើង​ ហើយ​ក្រុមហ៊ុន​សំណង់​មិន​អាច​ស្វែង​រក​​សម្ភារ​នៅ​ក្នុង​ស្រុក​បាន​ទេ ដោយ​ពឹង​​​ផ្អែក​លើ​ការ​នាំ​ចូល​​សម្ភារ​ពី​ប្រទេស វៀត​ណាម​ ដូច​ជា ដែក​ថែប និង​​ផលិត​ផល​ផ្សេង​ទៀត ដើ​ម្បី​គាំទ្រ​កំណើន​ បាន​ធ្វើ​ឲ្យ​ឱន​ភាព​ពាណិជ្ជ​កម្ម​ជា​មួយ​ប្រទេស​ វៀត​ណាម ​កាន់​តែ​ធំ​។ លោក​​បន្ថែម​ថា ​ឥដ្ឋ​ និង​ស៊ីម៉ងត៍ អាច​ត្រូវ​បាន​ផ្គត់​ផ្គង់​បាន​ដោយ​ក្រុម​ហ៊ុន​ផលិត​ក្នុង​ស្រុក ខណៈ​ដែក​ថែប និង​ផលិត​ផល​តម្លៃ​ខ្ពស់​ផ្សេង​ទៀត​ពឹង​​​លើ​ការ​នាំ​ចូល​។​

លោក​បាន​ថ្លែង​ថា​៖ «​យើង​មើល​ឃើញ​​កំណើន​តម្រូវ​ការ​ក្នុង​ស្រុក ប៉ុន្តែ​សមត្ថ​ភាព​ផ្គត់ផ្គង់​របស់​យើង​នៅ​មាន​កម្រិត​ ហើយ​នោះ​​ជា​មូលហេតុ​ ដែល​យើង​នៅ​តែ​ពឹង​ផ្អែក​​លើ​ការ​នាំ​ចូល​ និង​បាន​ធ្វើ​ឲ្យ​មាន​ឱន​​ភាព​​ពាណិជ្ជ​កម្ម​ ជា​មួយ​បណ្ដា​ប្រទេស​ជិត​ខាង​»។ ​លោក​បាន​បន្ថែម​ថា កម្ពុជា​អាច​​ព្យាយាម​បំបាត់​គម្លាត​អតុល្យ​ភាព​​ពាណិជ្ជ​កម្ម​ជា​មួយ​ប្រទេស​ វៀត​ណាម ដោយ​​ការ​បង្កើន​ការ​ផលិត​ ដូច​ជា​ ទំ​និញ​ បន្លែ និង​ទំ​និញ​​ប្រើ​ប្រាស់​​ប្រចាំ​ថ្ងៃ​ផ្សេង​ទៀត​។

លោក​បាន​ថ្លែង​ថា​៖ «​កម្ពុជា​តែងតែ​​​មាន​ឱន​ភាព​ពាណិជ្ជ​​កម្មជា​មួយ​ប្រទេស​ជិត​ខាង [​វៀត​ណាម និង​ថៃ​] ប៉ុន្តែ​វា​ក៏​កំពុង​ត្រូវ​បាន​ប៉ះ​ប៉ូវ​ដោយ​​ការ​មាន​អតិ​រេក​​ពាណិជ្ជ​កម្ម​ ជា​មួយ​ទិស​ដៅ​​ការ​នាំ​ចេញ​សំខាន់​ៗ​ ដូច​ជា​ អឺរ៉ុប កា​ណាដា និង​សហរដ្ឋអាមេរិក​វិញ​ផង​ដែរ​»​។

អគ្គនាយក​ដ្ឋាន​ពន្ធដារ​របស់​ប្រទេស​ វៀត​​ណាម ​​បង្ហាញ​ថា ការ​នាំ​ចេញ​សំ​ខាន់​ៗ​របស់​វៀត​ណាម មក​កម្ពុជា​រួម​មាន​​ដែក​ថែប ​មាន​តម្លៃ ៧១៣ លាន​ដុល្លារ ប្រេង​សាំង​ ៤០៣ លាន​ដុល្លារ សម្លៀក​បំពាក់ និង​វាយន​ភណ្ឌ ៣៩៨ ​​លាន​ដុល្លារ ស្បែក និង​​ស្បែក​ជើង ១៩៥ ​លាន​ដុល្លារ​។​

ទន្ទឹម​នឹង​នេះ ប្រទេស​ កម្ពុជា ​បាន​នាំ​ចេញ​ទៅ​វៀត​ណាម​ភាគ​ច្រើន​គឺជា​ផលិត​ផល​កសិកម្ម​មិន​ទាន់​កែ​ច្នៃ ដែល​រួម​មាន​​សា្វយ​ចន្ទី ដែល​មាន​តម្លៃ​ ២៨០ លាន​ដុល្លារ កៅស៊ូ ៩០​លាន​ដុល្លារ ​​ឈើ និង​ផលិត​ផល​ធ្វើ​ពី​ឈើ​ ៨៨ ​​លាន​ដុល្លារ​។​

សេចក្ដី​ប្រកាស​ព័ត៌​មាន​បាន​ពី​ក្រសួង​ការ​​បរទេស និង​កិច្ច​សហ​ប្រតិ​បត្តិការ​អន្តរ​ជាតិ​កម្ពុជា ស្ដីពី​លទ្ធ​ផល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយ​ក​រដ្ឋ​មន្ដ្រី ហ៊ុន សែន​ ទៅ​កាន់​ប្រទេស​ វៀត​ណាម ​​កាល​ពី​សប្ដាហ៍​​មុន ​បាន​បង្ហាញ​ថា ប្រទេស​ទាំង ២ សម្រេច​​បាន​​កិច្ច​ព្រម​ព្រៀង ៥ ដោយ​ប្រទេស​ទាំង​ ២ នេះ​ប្ដេជ្ញា​ចិត្ត​ ក្នុង​ការ​បង្កើន​សកម្មភាព​ពាណិជ្ជ​កម្ម​ទ្វេ​ភា​គី​​​​ឲ្យ​ដល់ ៥ ពាន់​លាន​ដុល្លារ​​នៅ​​ឆ្នាំ ២០២០​។

ថ្នាក់​ដឹកនាំ​ទាំង ២ បាន​ឯក​ភាព​មតិ​គ្នា​ថា ប្រទេស​ទាំ​ង​ ២​ គួរ​ខិត​ខំ​អនុវត្ត​ឲ្យ​បាន​ពេញ​លេញ​នូវ​កិច្ចព្រម​ព្រៀង​ដែល​មាន​ស្រាប់ និង​ចុះ​កិច្ច​ព្រម​ព្រៀង​ចាំ​បាច់​បន្ថែម​ទៀត​ ដើម្បី​ធ្វើ​ឲ្យ​កាន់​តែ​ប្រ​សើរ​នូវ​ការ​ត​ភ្ជាប់​គ្នា​ សម្រប​សម្រួល​ការ​ដឹក​ជញ្ជូន​ និង​ច្រក​ចេញ​​​​ចូល​ឆ្លង​ដែន​ ជំរុញ​​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជ​កម្ម ធុរកិច្ច វិនិយោគ ទេសចរណ៍ ​និង​ពង្រីក​កិច្ច​សហការ​ផ្គត់​ផ្គង់​ថាម​ពល​៕ LA