ក្រុង​​ប៉េកាំងៈ ពាណិជ្ជ​កម្ម​បរទេស​របស់​ប្រទេស​​ចិន ​​នឹង​រក្សា​បាន​កំណើន​ថេរ​​ក្នុង​ឆ្នាំ ​២០១៨​ ខណៈ​ដែល​​​​សេដ្ឋ​កិច្ច​​របស់​ប្រទេស​​នេះបាន​បង្ហាញ​លទ្ធផល​ថេរ ក្នុង​គ្រា​ដែល​​ភាព​មិន​ច្បាស់​លាស់​​ខាង​ក្រៅ​​កំពុង​​កើន​​​ឡើង។ នេះ​បើ​យោង​តាម​របាយការណ៍​​​ដែល​ចេញ​ដោយ​ក្រសួង​ពាណិជ្ជ​កម្ម។

របាយការណ៍​​នេះ​បាន​ឲ្យ​ដឹង​​​ថា​ ពាណិជ្ជ​កម្ម​បរទេស​របស់​ចិន​​​​បាន​កើន​ឡើង​យ៉ាង​លឿន​​នៅ​​ក្នុង​ពេល​បី​​ត្រី​មាស​​​ដំបូង​។ ពាណិជ្ជ​កម្ម​ទំនិញ​​​​របស់​ប្រទេស​នេះ​បាន​កើន​ឡើង​ ១១,១ ​ភាគ​រយ​​ធៀប​​​នឹង​ឆ្នាំ​មុន​​ដល់​ ២៧,៨៨ ​​ពាន់​ពាន់​លាន​យន់ ​(ប្រមាណ​ ៤​ ពាន់​ពាន់​លាន​ដុល្លារ​អាមេរិក​) ​នៅ​​ក្នុង​រយៈ​ពេល ​១១ ​ខែ​ដំបូង​​នៃ​ឆ្នាំ​នេះ​។ ​នេះ​បើ​តាម​ទិន្នន័យ​គយ​ចិន។

ការ​នាំ​ចេញ​បាន​កើន​ឡើង​ ​៨,២​ ភាគ​រយ​​ធៀប​នឹង​ឆ្នាំ​មុន​​ដល់​ ១៤,​៩២​​ ពាន់​ពាន់​លាន​យន់​​​ក្នុង​រយៈ​កាល​ពី​ខែ​​មករាដល់​វិច្ឆិកា​ ​ខណៈ​ការ​នាំ​ចូល​បាន​កើន​ឡើង​ ១៤,៦​ ភាគ​រយ​ដល់​១២,៩៦​​ ពាន់​ពាន់​លាន​យន់​ ​ដោយ​​ជួយ​ឲ្យ​ចិន​ទទួលបាន​​អតិ​រេក​ពាណិជ្ជ​កម្ម​​ចំនួន ​១,៩៦​​ពាន់​ពាន់​​លាន​យន់​ ​ដែល​​ថយ​ចុះ ​២១,១​ ភាគ​រយ។

ទោះ​យ៉ាង​ណា​ក្តី ​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ឲ្យ​ដឹង​ថា កំណើន​ពាណិជ្ជកម្ម​បរទេស​នេះ​ ​​​អាច​​នឹង​ថម​ថយ​​វិញ​ ​​​ដោយ​សារ​មូល​ដ្ឋាន​​ប្រៀប​ធៀប​ខ្ពស់​​ក្នុង​អំឡុង​រយៈ​ពេល​ដូច​គ្នា​​​កាល​ពី​​ឆ្នាំ​មុន។

របាយការណ៍​​ដដែលនេះ​​បានបន្ត​​​ថា​ សេដ្ឋ​កិច្ច​​​របស់​ចិន​​​បច្ចុប្បន្ន​​បាន​បង្ហាញ​​លក្ខខណ្ឌ​អំណោយ​ផល​ជា​ច្រើន​​ក្នុង​ការរក្សា​បាន​​​កំណើន​កម្រិត​​មធ្យមខ្ពស់​ ​​ហើយ​ឈាន​ទៅ​រក​កម្រិត​​មធ្យម​​ទៅ​​កម្រិត​ខ្ពស់​ ​ដោយ​ធ្វើ​ឲ្យ​មាន​មូល​ដ្ឋាន​រឹង​មាំ​​សម្រាប់​ការ​អភិវឌ្ឍ​​ពាណិជ្ជ​កម្ម​បរទេស។

មូល​ដ្ឋាន​នៃ​ការ​អភិវឌ្ឍ​​សេដ្ឋ​កិច្ច​​របស់​ចិន​​នៅ​តែ​​មាន​ស្ថិរ​ភាព​ ​​និង​​វិជ្ជ​មាន​​ក្នុង​រយៈ​កាល​ ១១ ​ខែ​​កន្លង​មក​។ ​ផលិត​ផល​​ក្នុង​ស្រុក​សរុប​​របស់​ប្រទេស​​ចិន​​បាន​កើន​ឡើង​​ ​៦,៧ ​ភាគ​រយ​​​​​​ក្នុង​រយៈ​កាល ​​៣ ​ត្រី​មាស​ដំបូង​ក្នុង​ឆ្នាំ​នេះ​ ធៀប​នឹងរយៈ​ពេល​ដូច​គ្នា​កាលពី​​ឆ្នាំ​មុន​ ​ដែល​ខ្ពស់ជាង​​​ទិស​ដៅ​របស់​រដ្ឋា​ភិបាល​ដែលមានតែ ៦,៥ ​ភាគ​រយ៕ People’s Daily/PS