ក្រុងវ៉ាស៊ីនតោនៈ ពាណិជ្ជករថៃលោក Chatchaval Jiaravanon កាលពីថ្ងៃសុក្របានយល់ព្រមទិញទស្សនាវដ្ដី Fortune ក្នុងតម្លៃ ១៥០ លានដុល្លារក្នុងកិច្ចព្រមព្រៀងចុងក្រោយបំផុតសម្រាប់ការទិញកម្មសិទិ្ធក្រុមហ៊ុន Time Inc។
ក្រុមហ៊ុន Meredith Corp ដែលជាក្រុមហ៊ុនបោះពុម្ពផ្សាយ ដែលបានទិញក្រុមហ៊ុន Time Inc កាលពីឆ្នាំមុន បានប្រកាសពីកិច្ចព្រមព្រៀងលក់ទស្សនាវដ្ដី Fortune ឲ្យក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុនឈានមុខគេរបស់ប្រទេស ថៃ ដែលប្រតិបត្តិការពហុផលិតផលខាងវិស័យទូរគមនាគមន៍ ប្រព័ន្ធព័ត៌មាន អាហារ ការលក់រាយ ឱសថ និងវិស័យផ្សេងទៀត។
លោក Jiaravanon នឹងគ្រប់គ្រងទស្សនាវដ្ដី Fortune ដោយឯករាជភាពពីក្រុមហ៊ុនពហុផលិតផល Charoen Pokphand។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានបានពីក្រុមហ៊ុន Meredith។
លោក Jiaravanon បានឲ្យដឹងក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា៖ «ចក្ខុវិស័យរបស់យើងនឹងបង្កើតទស្សនាវដ្ដី Fortune ជាយីហោប្រព័ន្ធព័ត៌មានពាណិជ្ជកម្មឈានមុខគេរបស់ពិភពលោក ដោយតែងតែទៅដល់ និងភ្ជាប់ទំនាក់ទំនងពិភពលោក»។
លោកថ្លែងថា៖ «តម្រូវការព័ត៌មានពាណិជ្ជកម្មគុណភាពខ្ពស់កំពុងកើនឡើង ហើយជាមួយនឹងការប្ដេជ្ញាចិត្តវិនិយោគបន្ថែមទៀតលើបច្ចេកវិទ្យា និងព័ត៌មានល្អបំផុត យើងជឿជាក់ថា ចក្ខុវិស័យកំណើនប្រាក់ចំណេញបន្ថែមទៀតគឺល្អបំផុត ទាំងសម្រាប់ការបោះពុម្ពផ្សាយ និងព្រឹត្តិការណ៍ពាណិជ្ជកម្ម»។
ការប្រកាសនេះធ្វើឡើងមិនដល់ ២ ខែផង បន្ទាប់ពីក្រុមហ៊ុន Meredith បានយល់ព្រមលក់ទស្សនាវដ្ដី Time ដ៏ល្បីក្នុងតម្លៃ ១៩០ លានដុល្លារ ឲ្យម្ចាស់ក្រុមហ៊ុន Salesforce.com៕ AFP/LA