ក្រុងអ៊ីស្លាម៉ាបាដៈ ពាណិជ្ជករ​ប៉ាគីស្ថាន​ជឿថា ការនាំចេញ​ត្បូង​មានតម្លៃ និង​គ្រឿងអលង្ការ​​ពី​ប្រទេស​ប៉ាគីស្ថាន​ដែល​សម្បូរ​ត្បូង​ទៅកាន់​ប្រទេស​ ចិន​ នឹង​ជួយ​ប្រទេស​នេះ​ឲ្យ​បង្កើត​ប្រាក់ចំណូល​។ នេះ​បើ​យោងតាម​សេចក្តី​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​។

ថ្លែង​នៅ​គណៈកម្មការ​លើកកម្ពស់​ការនាំចេញ​នៃ​សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​រួមគ្នា​រវាង​ចិន-ប៉ាគីស្ថាន (PCJCCI) លោក Zarak Khan ប្រធាន PCJCCI បាន​ថ្លែងថា ប្រទេស​ ចិន ​គឺជា​អ្នកប្រើប្រាស់​ត្បូង និង​គ្រឿងអលង្ការ​ធំ​បំផុត​ក្នុង​ពិភពលោក ហើយ​ប៉ាគីស្ថាន​ដែលជា​ប្រទេស​មាន​កំណប់​រ៉ែ​ត្បូង​បំផុត​ទី​ ៥ ​ក្នុង​ពិភពលោក​អាច​ទាញ​យក​សក្តានុពល​ពី​ទីផ្សារ​របស់​ចិន​។

ក្រៅពី​មាន​ត្បូង​ច្រើន ប៉ាគីស្ថាន​ក៏មាន​ត្បូង​យូនីក​មួយចំនួន​ផងដែរ​ក្នុង​ពិភពលោក​រួមទាំង​ត្បូង Pink Topaz និង​ត្បូង Kashmir Ruby ដែល​មាន​ឈ្មោះ​ល្បី​ដោយសារ​ពណ៌ និង​សម្រស់​របស់​វា​នៅ​ទីផ្សារ​អន្តរជាតិ​។ ត្បូង Pink Topaz ក៏ត្រូវ​បានចាត់ទុក​ថា​ជា​ត្បូង​មួយ​ក្នុង​ចំណោម​ត្បូង​រ៉ែ​មាន​តម្លៃ​ខ្ពស់បំផុត​នៅក្នុង​ពិភពលោក​ផងដែរ​។

ប្រទេស​ប៉ាគីស្ថាន​មាន​សក្តានុពល​ធ្វើ​អាជីវកម្ម និង​នាំចេញ​ត្បូង Ruby ​ចំនួន​ ៨០០ ០០០ ការ៉ាត់ ត្បូង Emerald ចំនួន ៨៧ ០០០ ​ការ៉ាត់ និង​ត្បូង Peridot ចំនួន ៥ ​លាន​ការ៉ាត់ ប៉ុន្តែ​ទិន្នផល​ត្បូង​មាន​កាន់តែ​ទាប ដោយសារ​កង្វះ​ជំនាញបច្ចេកវិទ្យា និង​ចំណេះដឹង​សម្រាប់​ការកែច្នៃ​រ៉ែ​ត្បូង​ទាំងនេះ​។ នេះ​បើ​យោងតាម​លោក Zarak Khan​។

ប៉ាគីស្ថាន​ក៏​មិន​អនុវត្ត​សេវា​តម្លៃបន្ថែម​ផងដែរ​ចំពោះ​ត្បូង​កែច្នៃ​រួច ដោយសារ​កង្វះ​ឧបករណ៍​កាត់ និង​ដុសខាត់​សមរម្យ​៕ People''s Daily/KC