ភ្នំពេញៈ ​ពិ​ព័រណ៍​ពា​ណិជ្ជ​កម្ម​ផលិត​ផល​​នាំ​ចេញ នាំ​ចូល​ របស់​កម្ពុជា ​នឹង​នាំ​យក​ឱ​កាស​កាន់​តែ​ច្រើន​សម្រាប់​​ផលិត​ផល​​​ក្នុង​ស្រុក ​ដូច​ជា​​ផលិត​ផល​កសិ​​កម្ម ​ដើ​ម្បី​ចូល​ទី​ផ្សារ​អន្តរ​ជាតិ ​ខណៈ​ព្រឹត្តិ​ការណ៍​នេះ​ គឺ​ជា​វេទិ​កា​មួយ ដើ​ម្បី​ទាក់​ទាញ​ក្រុម​វិនិ​យោ​គិន​បរ​ទេស​កាន់​តែ​ច្រើន​មក​កម្ពុជា​ផង​ដែរ​។ ​នេះ​បើ​យោង​តាម​ក្រ​សួង​ពា​ណិជ្ជ​កម្ម​។​

ពិ​ព័រណ៍​ផលិត​ផល​នាំ​ចូល ​និង​នាំ​ចេញ​​ រយៈ​ពេល​​ ៤ ​ថ្ងៃ​ លើក​ទី​ ១៣ ​ដែល​បាន​បើក​កាល​ពី​ថ្ងៃ​សៅរ៍ ​នៅ​កោះ​​ពេជ្រ​ មាន​បំ​ណង​បង្ហាញ​​ផលិត​ផល​ក្នុង​ស្រុក ​និង​ការ​លើក​កម្ពស់​ឱ​កាស​នាំ​ចូល ​និង​នាំ​ចេញ​។​

ក្នុង​​ព្រឹ​ត្តិ​ការណ៍​នេះ​ មាន​ស្ដង់​បង្ហាញ​ផលិត​ផល​ចំនួន​ ២៧២​ កន្លែង ​មក​ពី​សហ​គ្រាស​ក្នុង​ស្រុក​ ក្រុម​ហ៊ុន ​និង​​មន្ទីរ​​ពា​ណិជ្ជ​កម្ម​ខេត្ត​ និង​ការ​ចូល​រួម​ពី​ប្រ​ទេស​ ថៃ ​ចិន​ កូ​រ៉េ​ខាង​ត្បូង ​ជប៉ុន​ វៀត​ណាម ​ឥណ្ឌូ​នេ​ស៊ី​ ម៉ា​ឡេ​ស៊ី ​សិង្ហ​បុរី​ អា​មេ​រិក​ ឡាវ ​ព្រម​ទាំង​​មី​យ៉ាន់​ម៉ា​ផង​ដែរ​។​

លោក ​ប៉ាន ​សូរ​ស័ក្ដិ ​រដ្ឋ​មន្ដ្រី​ក្រ​សួង​ពា​ណិជ្ជ​កម្ម ​បាន​ឲ្យ​ដឹង​ថា ​ពិ​ព័រ​ណ៍​ពា​ណិជ្ជ​កម្ម​ប្រ​ចាំ​ឆ្នាំ មាន​បំ​ណង​លើក​កម្ពស់​​ពា​ណិជ្ជ​កម្ម និង​ការ​វិ​និ​យោគ​ ជា​ពិ​សេស​សកម្ម​ភាព​នាំ​ចេញ ទៅ​ដល់​ទី​ផ្សារ​អន្តរ​ជាតិ​ ដែល​រួម​ចំ​ណែក​ដល់​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​​កម្ពុជា​។​

លោក​​បាន​​ថ្លែង​ថា​៖ «​ព្រឹត្តិ​ការណ៍​ពា​ណិជ្ជ​កម្ម​នេះ ​នឹង​បង្កើត​​ឱ​កាស​កាន់​តែ​ច្រើន​ និង​ឥ​ទ្ធិ​ពល​ដ៏​រឹង​មាំ ដល់​សកម្ម​ភាព​ជួញ​ដូរ​ក្នុង​ស្រុក ​នៅ​តាម​បណ្ដា​ខេត្ត​ និង​បង្កើត​ទំ​នាក់​ទំ​នង​ពា​ណិជ្ជ​កម្ម​ រវាង​ពា​ណិជ្ជ​ករ​កម្ពុជា និង​ពា​ណិជ្ជ​ករ​បរ​ទេស​​»​។

លោក​បន្ថែម​ថា ​ពិ​ព័រណ៍​ពា​ណិ​ជ្ជ​កម្ម​នេះ​ បាន​ត​ភ្ជាប់​ការ​ផ្គូរ​ផ្គង​ពា​ណិជ្ជ​កម្ម​ សម្រាប់​ពា​ណិជ្ជ​ករ​កម្ពុជា និង​ពា​ណិជ្ជ​ករ​អន្តរ​ជាតិ​ផង​ដែរ​។​

រដ្ឋ​មន្ដ្រី​ក្រ​សួង​សេ​ដ្ឋ​កិច្ច​​ និង​ហិ​រញ្ញ​វត្ថុ កម្ពុជា ​ដែល​​បាន​ចូលរួម​ក្នុង​ការ​បើក​ពិ​ព័រណ៍​នេះ​ បាន​ឲ្យ​ដឹង​​ថា កម្ពុជា​​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ បេះ​ដូង​នៃ​​​អា​ស៊ាន​ សម្រាប់​ការ​វិ​និ​យោគ​ប្រ​កប​ដោយ​សក្ដា​នុ​ពល​។​

លោក​ អូន​ ព័ន្ធ​មុ​នី​រ័ត្ន រដ្ឋ​មន្ដ្រី​ក្រ​សួង​​សេដ្ឋ​កិច្ច និង​ហិរ​ញ្ញ​វត្ថុ ​បាន​ឲ្យ​ដឹង​ថា ​​កម្ពុជា ​គឺ​ជា​បេះ​ដូង​ដ៏​សំ​ខាន់​មួយ សម្រាប់​ឱ​កាស​ពា​ណិជ្ជ​កម្ម​អា​ស៊ាន​។​​ ​

លោក​បាន​​ថ្លែង​ថា​៖ «​ប្រ​ទេស​​ កម្ពុជា​ គឺ​ជា​ទី​តាំង​ដ៏​សំ​ខាន់​សម្រាប់​អា​ស៊ាន​ ដែល​បើក​ចំ​ហ​ឱ​កាស​សម្រាប់​ពា​ណិជ្ជ​កម្ម ស្វា​គមន៍​​​ក្រុម​វិ​និ​យោ​គិន​ទាំង​អស់​សម្រាប់​ការ​វិនិ​យោ​គ​ ឬការ​បង្កើត​ក្រុម​ហ៊ុន​»។

លោក​បន្ត​ថា​៖ «​វិ​ស័យ​ឯក​ជន​ គឺ​ជា​ក្បាល​ម៉ា​ស៊ីន​មួយ​សម្រាប់​​ការ​លើក​កម្ពស់​កំ​ណើន​សេដ្ឋ​កិច្ច​»​។​​

លោក​បាន​ឲ្យ​ដឹង​ថា រដ្ឋា​ភិ​បាល​កំ​ពុង​ព្យា​យាម​​ក្នុង​ការ​កាត់​បន្ថយ តម្លៃ​ឡូ​ជី​ស្ទីក​ការ​ត​ភ្ជាប់​ហេ​ដ្ឋា​រច​នាស​ម្ព័ន្ធ​ទាំង​អស់ ​ព្រម​ទាំង​តម្លៃ​ថាម​ពល ដើ​ម្បី​កាត់​បន្ថយ​ការ​ចំ​ណាយ​ផង​ដែរ​។​

លោក​ តែ ​តាំង​ប៉រ​ ដែល​ជា​ប្រ​ធាន​​សម្ព័ន្ធ​សមា​គម​សហ​គ្រាស​ធុន​​តូច​ និង​មធ្យម​​កម្ពុជា (FASMEC) បាន​ឲ្យ​ដឹង​ថា ពិ​ព័​រ​ណ៍​ពា​ណិជ្ជ​កម្ម​នេះ​ គឺ​ដើរ​តួ​​នា​ទី​ដ៏​សំ​ខាន់ ដើ​ម្បី​ផ្សព្វ​ផ្សាយ​​​ផលិត​ផល​​កម្ពុជា​ ខណៈ​​កម្ពុជា គឺជា​មជ្ឈ​មណ្ឌល​វត្ថុ​ធាតុ​ដើម​​កសិ​កម្ម​។​

ទោះ​​បី​យ៉ាង​នេះ​ក្តី​លោក​ឲ្យ​ដឹង​​ថា ​ការ​ធ្វើ​ឲ្យ​មា​ន​កំ​ណើន​​​ផលិត​​ផល​ក្នុ​ង​ស្រុក​ នៅ​តែ​​​ប្រ​​ឈម​នឹង​បញ្ហា​ ​ក្នុង​ការ​សម្រេច​បាន​សមត្ថ​ភាព​ប្រ​កួត​ប្រ​ជែង​ជា​មួយ​ទី​ផ្សារ​អន្តរ​ជាតិ​។​

លោក​​ តែ ​តាំង​ប៉រ​ ​បាន​​ថ្លែង​ថា​៖ «​ពិ​ព័រ​ណ៍​ពា​ណិជ្ជ​កម្ម​ ​មិន​គ្រាន់​តែ​ភ្ជាប់​ទំ​នាក់​ទំ​នង​​នឹង​ការ​​ប្រើ​ប្រាស់​អន្តរ​ជាតិ​ប៉ុ​ណ្ណោះ​ទេ ប៉ុ​ន្តែ​ថែម​ទាំង​ធ្វើ​ឲ្យ​ SME របស់​យើង​ផង​ដែរ អាច​សម្រេ​ច​​បាន​បណ្ដាញ​ពា​ណិជ្ជ​កម្ម​ ក្នុង​ការ​​លើក​​កម្ពស់​​ផលិត​ផល​របស់​​យើង​ ដោយ​​មាន​ការ​វេច​ខ្ចប់​ប្រ​កប​​ដោយ​ស្ដង់​ដារ​ និង​បច្ចេក​​ទេស​»។

លោក​​បន្ត​ថា​​៖ «​បញ្ហា​ប្រ​ឈម​របស់​យើង​គឺ​កង្វះ​​​ហិ​រញ្ញ​វត្ថុ SM​E ត្រូវ​ការ​ការ​​គាំទ្រ​​ការ​ទទួល​បាន​​ហិរញ្ញ​វត្ថុ​ដើ​ម្បី​លើក​កម្ពស់​​ចង្វាក់​​​ ផលិត​កាន់​តែ​ប្រ​សើរ​ដើ​ម្បី​ កាត់​បន្ថយ​ការ​ចំ​ណាយ​»​។​

លោក អិុ​ន ​ឆៃ​វ៉ាន់ ប្រ​ធាន​សមា​គ​ម​ស្វាយ​កំ​ពង់​ស្ពឺ​ បាន​ឲ្យ​ដឹ​ង​ថា​ ពិ​ព័រ​ណ៍​ពា​ណិជ្ជ​កម្ម​ ​គឺ​ជា​ឱ​កាស​មួយ​សម្រាប់​ការ​ផ្សព្វ​ផ្សាយ​​ផលិត​ផលក​សិ​កម្ម ​និង​បង្កើត​បណ្ដាញ​សម្រាប់​ ការ​ជួញ​ដូរ​បន្ថែ​មទៀត​។​

លោក​ថ្លែង​ថា​៖ «​វា​ជា​​ឱ​កាស​មួយ ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​​ផលិត​ផល​របស់​យើង ​ដល់​ប្រ​ជា​ជន​របស់​យើង និង​ពា​ណិជ្ជ​ករ​​​អន្តរ​ជាតិ ​ដើ​ម្បី​យល់​ដឹង​ពី​គុណ​ភាព​ផ្លែ​ស្វាយ​របស់​យើង​»។

លោក​បាន​​បញ្ជាក់​ថា ​​ហើយ​វា​ក៏​ជា​ឱ​កាស​មួយ ក្នុង​កា​រ​បង្កើត​បណ្ដាញ​ពា​ណិជ្ជ​កម្ម​ផង​ដែរ​​។

លោក​បាន​​​បន្ត​ទៀត​ថា​ ប៉ុន្តែ​វិ​ស័យ​ផ្លែ​ស្វាយ​ នៅ​តែ​ត្រូវ​ការ​​ការ​បញ្ជាក់​​អនា​ម័យ និង​ភូត​គាម​អនា​ម័យ​ដើ​ម្បី​បង្កើន​ការ​​នាំ​ចេញ​ ខណៈ​ដែល​​កសិ​ករ​​ផ្លែ​ស្វាយ​ ចាំ​បាច់​ត្រូវ​តែ​យល់​ដឹង​អំ​ពី​បច្ចេក​ទេស ​និង​ស្ដង់​ដារ​ផ្លែ​ស្វាយ​ដើ​ម្បី​ឆ្លើយ​តប​​តាម​ទី​ផ្សារ​អន្តរ​ជាតិ​៕​LA