ក្រុងប៉ារីសៈ ការចំណាយ​របស់​ពិភពលោក​លើ​ការបំពុល​ខ្យល់​បង្កដោយ​ឥន្ធនៈ​ផូស៊ីល​មាន ៨ ​ពាន់​លាន​ដុល្លារ​ក្នុង​ ១ ​ថ្ងៃ ឬ​ប្រហែល ៣,៣ នៃ ផ.ស.ស របស់​ពិភពលោក​។ នេះ​បើ​យោងតាម​ការ​ឲ្យ​ដឹង​របស់​ក្រុម​ស្រាវជ្រាវ​បរិស្ថាន​កាលពី​ថ្ងៃ​ពុធ​។

លទ្ធផល​រកឃើញ​ពី​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ថាមពល និង​ខ្យល់​ស្អាត (CREA) និង​អង្គការ Greenpeace Southeast Asia គឺជា​លទ្ធផល​រកឃើញ​ដំបូង​ដើម្បី​វាយតម្លៃ​ការចំណាយ​របស់​ពិភពលោក​លើ​ការបំពុល​ខ្យល់ ជាពិសេស​ការបំពុល​ដែល​បង្កឡើង​ដោយ​ការដុត​ប្រេង ឧស្ម័ន និង​ធ្យូងថ្ម​។

របាយការណ៍​នេះ​បាន​ឲ្យ​ដឹងថា​៖ «​យើង​បាន​រកឃើញ​ថា ប្រទេស​ចិនដីគោក អាមេរិក និង​ប្រទេស​ឥណ្ឌា​ទទួល​បន្ទុក​ចំណាយ​ច្រើន​ខ្ពស់បំផុត​ពី​ការបំពុល​ខ្យល់​ដោយ​ឥន្ធនៈផូស៊ីល​នៅ​ទូទាំង​ពិភពលោក ដែល​មាន​ប្រមាណ ៩០០ ​ពាន់​លាន​ដុល្លារ ៦០០ ​ពាន់​លាន​ដុល្លារ និង ១៥០ ​ពាន់​លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ​រៀង​គ្នា​»​។

ស្ថាប័ន​ស្រាវជ្រាវ​ទាំង​ ២ ​នេះ​បាន​រកឃើញថា ភាគល្អិត​ដែល​បញ្ចេញ​ដោយ​ការប្រើប្រាស់​ឥន្ធនៈផូស៊ីល​បង្ក​ឲ្យ​មនុស្ស ៤,៥ ​លាន​នាក់​ស្លាប់​មុន​អាយុកាល​ក្នុង​ ១ ​ឆ្នាំ​ នៅ​ជុំវិញ​ពិភពលោក​រួមទាំង​ចំនួន ១,៨ ​លាន​នាក់​ នៅ​ប្រទេស​ ចិន ចំនួន ១ ​លាន​នាក់ ​នៅ​ប្រទេស ​ឥណ្ឌា​។

តួលេខ​ថ្មី​នេះ​មាន​ភាពស្រប​គ្នា​ទៅនឹង​អង្គការ​សុខភាព​ពិភពលោក (WHO) ដែល​បាន​ប៉ាន់ប្រមាណ​ថា មាន​មនុស្ស​ស្លាប់​ចំនួន ៤,២ ​លាន​នាក់​ ក្នុង​ ១ ​ឆ្នាំ​ ដែលមាន​ទំនាក់ទំនង​ទៅ​នឹង​ការបំពុល​ខ្យល់​ដែល​ភាគច្រើន​ស្លាប់​ដោយសារ​ជំងឺ​បេះដូង​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល មហារីក​សួត និង​ការឆ្លង​ជំងឺ​ផ្លូវដង្ហើម​ស្រួចស្រាល់​ចំពោះ​កុមារ​។

របាយការណ៍​កម្រាស់​ចំនួន ៤៤ ​ទំព័រ​នេះ​បាន​ប៉ាន់ប្រមាណ​ថា ការចំណាយ​របស់​ពិភពលោក​សម្រាប់​ឆ្នាំ​ ២០១៨ មាន​ចំនួន ២,៩ ​ពាន់​ពាន់​លាន​ដុល្លារ​៕ KC