ភ្នំពេញៈ ព្រឹទ្ធសភា​បានអនុម័ត​លើ​គម្រោង​សាងសង់​រោងចក្រ​អគ្គិសនី​ដំណើរការ​ដោយ​ធ្យូងថ្ម​ចំនួន​ ២ និង​ខ្សែ​បញ្ជូន​ថាមពល​អគ្គិសនី​ដែល​មាន​តម្លៃ​រួម ១,៧ ​ពាន់​លាន​ដុល្លារ​កាលពី​ថ្ងៃ​ម្សិលមិញ ដើម្បី​បើកផ្លូវ​ឲ្យ​ក្រុមហ៊ុន​ទទួល​បាន​សម្បទាន​ចាប់ផ្ដើម​ដំណើរការ​សាងសង់ ហើយ​ដែល​នេះ​គឺ​ផ្នែក​មួយ​ក្នុង​ការជួយ​ឲ្យ​រដ្ឋាភិបាល​សម្រេចបាន​នូវ​បេសកកម្ម​របស់ខ្លួន​ក្នុងការ​ផ្ដល់​ថាមពល​ដែល​អាច​ទុកចិត្ត​បាន និង​បង្កើន​ប្រភព​ថាមពល​បន្ថែម​ចន្លោះ​ពី​ឆ្នាំ​ ២០២០ ដល់​ឆ្នាំ​ ២០៣០​។

គម្រោង​នេះ​ត្រូវបាន​ព្រឹទ្ធសភា​អនុម័ត​កាលពី​ថ្ងៃ​ម្សិលមិញ​នា​សម័យប្រជុំ​វិសាមញ្ញ​របស់ខ្លួន​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹងថា​៖ «​គម្រោង​នេះ​នឹង​ផ្តល់​ផលប្រយោជន៍​ក្នុងការជំរុញ​ការផ្គត់ផ្គង់​អគ្គិសនី​ឲ្យ​បាន​គ្របដណ្តប់​គ្រប់​ភូមិ​នៅ​ទូទាំងប្រទេស ព្រមទាំង​ធានាបាន​នូវ​សន្តិសុខ​ក្នុងការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី មាន​គុណភាព និង​តម្លៃ​សមរម្យ​ថែម​ទាំង​អាចជួយ​កាត់បន្ថយ​ការទិញ​អគ្គិសនី​ដែល​មាន​តម្លៃ​ថ្លៃ​ពី​ប្រភព​នាំចូល​មកពី​ប្រទេសជិតខាង​។ ប្រការនេះ​នឹង​រួមចំណែក​ក្នុង​ការអនុវត្ត​គោលនយោបាយ​របស់​រដ្ឋាភិបាល​ក្នុង​ការកាត់បន្ថយ​ថ្លៃ​លក់​អគ្គិសនី ដែល​នឹង​ជំរុញ​បន្ថែមទៀត​នូវ​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​ទូទាំងប្រទេស​»​។

ការអនុម័ត​ដោយ​ព្រឹទ្ធសភា​នេះ​ធ្វើ​ឡើង​ក្រោយ​រយៈពេល​ ២ ​ខែ បន្ទាប់ពី​រដ្ឋាភិបាល​បានអនុម័ត​ចាប់តាំងពី​ដើម​ខែ​កុម្ភៈ​ក្នុង​អំឡុង​កិច្ចប្រជុំ​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី​។

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប​នឹង​អភិវឌ្ឍ​រោងចក្រ​ទី​ ២ ដែលមាន​សមត្ថភាព​ផលិត​ថាមពល​បាន​ ៧០០ ​មេហ្គាវ៉ាត់​។ រោងចក្រ​នេះ​នឹង​ប្រើប្រាស់​ធ្យូងថ្ម​នាំចូល ដោយ​មាន​ទីតាំង​ស្ថិត​នៅក្នុង​ស្រុក​បទុមសាគរ ខេត្តកោះកុង ចំណែក​ក្រុមហ៊ុន Han Seng Coal Mine Co Ltd (HSCMC) ​នឹង​វិនិយោគ​លើ​រោងចក្រ​ថាមពល​អគ្គិសនី​ដំណើរការ​ដោយ​ធ្យូងថ្ម​មាន​អានុភាព ២៦៥ ​មេហ្គាវ៉ាត់ ស្ថិត​ក្នុង​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ​ដោយ​ប្រើប្រាស់​ធ្យូងថ្ម​នៅក្នុង​តំបន់​នេះ​តែម្តង​។

ជាមួយ​គ្នា​នេះ HSCMC ក៏បាន​ទទួល​ការអនុម័ត​ពី​រដ្ឋាភិបាល​សម្រាប់​ការសាងសង់​ខ្សែបញ្ជូន​ថាមពល​អគ្គិសនី ២៣០​ គីឡូវ៉ាត់​ដែល​តភ្ជាប់​ស្រុក​ត្រពាំង​ប្រាសាទ​ជាមួយ​អនុស្ថានីយ​ខាងកើត​សៀមរាប​ផងដែរ​។

គម្រោង​វិនិយោគ​ទាំង ៣ ​នេះ​ចាំបាច់​ត្រូវ​ធានា​ឲ្យ​បាន​សុវត្ថិភាព និង​សន្តិសុខ​នៃ​ការផ្គត់ផ្គង់​អគ្គិសនី​ក្នុងប្រទេស​កម្ពុជា​នៅ​ចន្លោះ​ឆ្នាំក្រោយ​ដល់​ឆ្នាំ​ ២០២៤ ជាពិសេស​នៅក្នុង​រដូវប្រាំង​នៅពេល​ការផលិត​អគ្គិសនី​ពី​វារីអគ្គិសនី​មាន​កម្រិត​ទាប​បំផុត​។

លោក​ ផៃ ស៊ីផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​កាលពី​ខែកុម្ភៈ​ថា គម្រោង​រោងចក្រ​ថាមពល​អគ្គិសនី​ដំណើរការ​ដោយ​ធ្យូងថ្ម​របស់ HSCMC ត្រូវការ​ទុនវិនិយោគ ២៩៤,៣ ​លាន​ដុល្លារ​ហើយ​នឹង​ប្រតិបត្តិការ​នៅ​ចុងឆ្នាំ​ក្រោយ ឬ​ដើមឆ្នាំ​ ២០២២ រីឯ​រោងចក្រ​ថាមពល​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែល​នឹង​អភិវឌ្ឍ​រួមគ្នា​ជាមួយ​ក្រុមហ៊ុន Sinosteel Equipment and Engineering Co Ltd ដែលមាន​ការិយាល័យ​កណ្ដាល​នៅ​ទីក្រុង​ប៉េកាំង ត្រូវ​ការ​ទុនវិនិយោគ ១,៣៤ ​ពាន់លាន​ដុល្លារ ហើយ​នឹង​ប្រតិបត្តិការ​ក្នុង​ឆ្នាំ​ ២០២៣ ឬ ​២០២៤ ចំណែក​កាលបរិច្ឆេទ​អភិវឌ្ឍ​ខ្សែ​បញ្ជូន​ថាមពល​អគ្គិសនី មាន​ទុនវិនិយោគ​ដែល​ប៉ាន់​ប្រមាណ ៦១,៥ ​លាន​ដុល្លារ​មិន​ត្រូវ​បាន​ប្រកាស​នោះទេ​។

យោងតាម​ទិន្នន័យ​ក្រសួង​រ៉ែ និង​ថាមពល​កាលពី​ឆ្នាំមុន​ប្រទេស​កម្ពុជា​មាន​សមត្ថភាព​ផលិត​អគ្គិសនី​សរុប​ចំនួន​ ២,៥ ​ជីហ្គាវ៉ាត់​។ រោងចក្រ​ថាមពល​វារីអគ្គិសនី​មាន ​១,៣ ​ជីហ្គាវ៉ាត់​រោងចក្រ​ដំណើរការ​ដោយ​ធ្យូងថ្ម​មាន ៦៤ ​មេហ្គាវ៉ាត់ ស្ថានីយ​ថាមពល​ឥន្ធនៈផូស៊ីល​មាន​ ២៧ ​មេហ្គាវ៉ាត់​រោងចក្រ​ថាមពល​សូឡា​មាន​ ៩០ ​មេហ្គាវ៉ាត់ និង​រោងចក្រ​ជីវម៉ាស់​មាន​ ៥៦ ​មេហ្គាវ៉ាត់​។ ការផលិត​ថាមពល​សូឡា​ត្រូវ​រំពឹងថា នឹង​កើន​ប្រហែល ៩០ ​មេហ្គាវ៉ាត់ កាលពី​ចុង​ឆ្នាំមុន​ដល់​ ៤០០ ​មេហ្គាវ៉ាត់​ត្រឹម​ចុង​ឆ្នាំនេះ​៕ LA