ក្រុង​ញូវយ៉កៈ លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​ធ្វើ​ឲ្យ​ភាគហ៊ុន​ក្នុង​ពិភព​​លោក​​ធ្លាក់​ថ្លៃ​ខ្លាំង​កាល​ពី​ថ្ងៃ​ចន្ទ​ ដោយសារ​ការ​គំរាម​បង្កើន​ការ​ដក​ហូត​ពន្ធ​លើ​ទំនិញ​​ចិន​​​តម្លៃ ២០០ ពាន់​លាន​ដុល្លារ ​ដល់​ជាង​ទ្វេ​ដង ក្នុង​គ្រា​ដែល​​មាន​ឧបសគ្គ​ក្នុង​ការ​ចរចា​ពាណិជ្ជកម្ម​រវាង​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​​​ទាំង ២។

ភាគហ៊ុន​នៅ​អាស៊ី អឺរ៉ុប និង​សហរដ្ឋ​អាមេរិក បាន​ធ្លាក់ចុះ​ថ្លៃ​ខ្លាំង ខណៈ​ដែល​ការ​អត្ថាធិប្បាយ​​របស់​​លោក​ប្រធានាធិបតី​រូប​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ជា​ថ្មី​អំពី​សង្គ្រាម​ពាណិជ្ជកម្ម ដែល​អាច​បង្ក​ឲ្យ​មាន​ផល​វិបាក​ប្រកប​ដោយ​មហន្តរាយ​សម្រាប់​សេដ្ឋកិច្ច​ពិភព​លោក។

ទោះ​ជា​យ៉ាង​ណា ទីផ្សារ​ភាគហ៊ុន​ជា​ច្រើន​បាន​ទប់​ស្កាត់​ការ​ធ្លាក់​​ថ្លៃ​ខ្លាំង​នេះ​វិញ ជា​មួយ​នឹង​ការ​​ឡើង​ថ្លៃ​មក​វិញ​ខ្លះ ដែល​អាច​ជួយ​ទប់ស្កាត់​ការ​ខាត​បង់​មួយ​ចំនួន ដោយសារ​ក្រុម​អ្នក​វិភាគ​បាន​លើក​ឡើង ថា លោក ត្រាំ កំពុង​លេង​ហ្គេម​មួយ​ដែល​គំរាម​គូ​បដិបក្ខ​របស់​ខ្លួន ហើយ​ជា​ចុង​ក្រោយ​ លោក​នឹង​សង្គ្រោះ​​កិច្ច​ពិភាក្សា​ពាណិជ្ជកម្ម​នេះ​ជា​បន្ត​ទៀត។

ប៉ុន្តែ​ក្រុម​មន្ត្រី​អាមេរិក​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​បាន​ឲ្យ​ដឹង​ថា ​ទីក្រុង​ប៉េកាំង​ «កំពុង​ខកខាន​មិន​គោរព​តាម» ការ​ប្តេជ្ញា​ចិត្ត​នានា​ដែល​បាន​ធ្វើ​ឡើង​​ក្នុង​ការ​ពិភាក្សា​មុនៗ និង​បាន​អះអាង​ថា ពន្ធ​នាំចូល​នឹង​កើន​ឡើង​ជាង​​ទ្វេ​ដង​រហូត​ដល់ ២៥ ភាគរយ​នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ។

សន្ទស្សន៍​ហ៊ុន​របស់​ផ្សារហ៊ុន Dow Jones Industrial Average បាន​ធ្លាក់​ចុះ ០,៣ ភាគរយ មក​នៅ​ត្រឹម ២៦ ៤៣៨,៤៨ ពិន្ទុ​​នៅ​ពេល​បិទ​ទីផ្សារ​ ដោយ​បាន​កើន​ឡើង​​វិញ​ពី​ការ​​ធ្លាក់​ចុះ​ជិត ១,៨ ភាគរយ​ដែល​បាន​កើត​មាន​ឡើង​​​នៅ​ដើម​វគ្គ​ជួញដូរ។

លោក Jack Ablin មក​ពី​ក្រុមហ៊ុន Cresset Wealth Advisors បាន​ថ្លែង​ថា៖ «ក្រុម​វិនិយោគិន​កំពុង​សម្លឹង​មើល​បញ្ហា​​នេះ​ថា​ គ្រាន់​តែ​ជា​ការ​សម្តែង​​មួយ​ប៉ុណ្ណោះ ពី​ព្រោះ​ការ​អត្ថាធិប្បាយ​របស់​​លោក​មាន​ភាព​ផ្ទុយ​ទាំង​ស្រុង​​​ពី​អ្វី​ដែល​​សេតវិមាន​បាន​និយាយ​កាល​ពី​សប្តាហ៍​មុន»។

ប៉ុន្តែ​បន្ទាប់​ពី​ទីផ្សារ​ភាគហ៊ុន​អាមេរិក​បិទ​ការ​ជួញដូរ អ្នក​តំណាង​ពាណិជ្ជកម្ម​អាមេរិក​លោក Robert Lighthizer ថ្លែង​ថា មាន​ការ​ «បាត់បង់​ការ​ប្តេជ្ញា​ចិត្ត​ខ្លះ​​ដែល​ត្រូវ​ធ្វើ​ឡើង​​ប្រទេស ​ចិន»។ នេះ​បើ​យោង​តាម​​សេចក្តី​រាយការណ៍​នានា។

រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​ លោក Steven Mnuchin បាន​ថ្លែង​ថា ការ​ចរចា​បាន​បញ្ចប់​ ៩០ ភាគរយ​ហើយ ប៉ុន្តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ការ​ចរចា​បាន​ «ងាក​ត្រឡប់​ទៅ​ក្រោយ​វិញ​យ៉ាង​ខ្លាំង»។

ការ​លើក​ឡើង​នេះ​បាន​ធ្វើ​ឡើង​​បន្ទាប់​ពី​ក្រុម​អ្នកចរចា​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំង​ ២ បាន​បញ្ចប់​ការ​ពិភាក្សា​ក្នុង​ទីក្រុង​ប៉េកាំង​កាល​ពី​ចុង​សប្តាហ៍​មុន ហើយ​ការ​ចរចា​នៅជុំ​បន្ទាប់​គ្រោង​​​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ និង​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន៕ AFP/KC