ក្រុង​តូក្យូៈ ម្ចាស់​ភាគហ៊ុន​របស់​​ក្រុមហ៊ុន Nissan កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ​បាន​បោះ​ឆ្នោត​ដក​លោក Carlos Ghosn អតីត​ប្រធាន​ក្រុមហ៊ុន​ផលិត​​​រថយន្ត​នេះ​ចេញ​ពី​តំណែង​​ ជា​ក្រុម​ប្រឹក្សាភិបាល​របស់​​ក្រុមហ៊ុន ខណៈ​ដែល​លោក​កំពុង​តតាំង​​ក្តី​ចំនួន ៣ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប្រព្រឹត្ត​កំហុស​​ផ្នែក​ហិរញ្ញវត្ថុ ដែល​​បណ្តាល​​ឲ្យ​លោក​ត្រូវ​បាន​ឃុំ​ខ្លួន។

កិច្ច​ប្រជុំ​វិសាមញ្ញ​របស់​ភាគហ៊ុនិក​​​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ម្សិលមិញ​ ក្នុង​ទីក្រុង​តូក្យូ គឺ​ជា​កិច្ច​ប្រជុំ​លើក​ទី១ គិត​ចាប់​ពី​មាន​​ការ​ចាប់​ខ្លួន​លោក Ghosn ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​កាល​ពី​ថ្ងៃ​ទី ១៩ ខែ ​វិច្ឆិកា។

បន្ទាប់​ពី​មាន​ការ​ចោទ​សួរ​អស់​​រយៈពេល​ជា​ច្រើន​ម៉ោង​ពី​ម្ចាស់​​ភាគហ៊ុន ពួក​គេ​បាន​បោះ​ឆ្នោត​ដក​លោក Ghosn និង​លោក Greg Kelly ដែល​ជា​មន្ត្រី​ប្រតិបត្តិ​ជនជាតិ​អាមេរិក និង​​ជា​មនុស្ស​ជំនិត​​​​របស់​លោក Ghosn និង​ក៏​កំពុង​ប្រឈម​​​ការ​ចោទ​ប្រកាន់​នៅ​ជប៉ុន​​ផង​ដែរ។

ម្ចាស់​ភាគហ៊ុន​ក៏​បាន​អនុម័ត​សំណើ​មួយ ដើម្បី​តែងតាំង​លោក Jean-Dominique Senard ប្រធាន​ក្រុមហ៊ុន Renault ជំនួស​តំណែង​របស់​លោក Ghosn ផង​ដែរ។

ក្រុមហ៊ុន Nissan បាន​បណ្តេញ​លោក Ghosn ចេញ​ពី​ប្រធាន​ស្ទើរ​តែ​ភ្លាមៗ​បន្ទាប់​ពី​លោក​ត្រូវ​បាន​ចាប់​ខ្លួន​ដំបូង ប៉ុន្តែ​​ដើម្បី​ដក​លោក​ចេញ​ពី​តំណែង​ជា​ក្រុម​ប្រឹក្សាភិបាល កិច្ច​ប្រជុំ​វិសាមញ្ញ​​​​របស់​ម្ចាស់​​ភាគហ៊ុន​​ចាំបាច់​ត្រូវ​ធ្វើ​ឡើង។

លោក Hiroto Saikawa អគ្គនាយក​ក្រុមហ៊ុន Nissan បាន​បើក​កិច្ច​ប្រជុំ​ជាមួយ​នឹង​សុន្ទរក​ថា​ដែល​លើក​ឡើង​ពី​ការ​ចោទ​ប្រកាន់​នានា​ប្រឆាំង​នឹង​លោក Ghosn ដោយ​ចោទ​ប្រកាន់​លោក​ពី​ការ​ប្រើប្រាស់​មូលនិធិ​មិន​ត្រឹមត្រូវ​និង​ព្យាយាម​​លាក់​បាំង​ករណី​សំណង​របស់​លោក។

លោក និង​មន្ត្រី​ប្រតិបត្តិ​ផ្សេង​ទៀត​បាន​ឱន​ក្នុង​កាយវិការ​សុំទោស​នៅ​ចំពោះ​មុខ​ម្ចាស់​ភាគហ៊ុន​រាប់ពាន់​នាក់​ក្នុង​កិច្ច​ប្រជុះ​នេះ៕ AFP/KC