ភ្នំពេញៈ ភ្នំ​ពេញ ​ប៉ុស្ដិ៍ ​ជា​ស្ថា​ប័ន​ព័ត៌​មាន​បោះ​ពុម្ព​ផ្សាយ​ ២ ភា​សា​តែ​ ១ គត់​នៅ​ប្រ​ទេស​កម្ពុជា (​ខ្មែរ-អង់​គ្លេស)​ បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​​មួយ​ស្ថា​ប័ន​​ព័ត៌​មាន​កូរ៉េ ​The​ Korea Incheon Daily ដើ​ម្បី​ស​ហ​ការ​ផ្លាស់​ប្តូរ​ព័ត៌​មាន​ទៅ​វិញ​ទៅ​មក​ ក្នុង​គោល​ដៅ​លើក​កម្ពស់​កិច្ច​ស​ហ​ប្រតិ​បត្តិ​ការ​ទ្វេ​ភាគី​។​

អនុ​ស្សរ​ណៈ​នៃ​ការ​យោ​គ​យល់​គ្នា (MoU)​ នេះ​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​សុក្រ​ នៅ​កា​រិ​យា​ល័យ​ កា​សែត​​ភ្នំ​ពេញ​ ប៉ុស្ដិ៍​ នៅ​ទី​ក្រុង​ភ្នំ​ពេញ ​រវាង​​លោក​ លី​ តៃ​សេង​ ចាង​ហ្វា​ង ​និង​​អគ្គ​នា​យក​កា​សែត​ ភ្នំ​ពេញ ប៉ុស្ដិ៍ និង​លោក ​Hwa​n​gbo ​Eun ​ប្រ​ធាន​ព័ត៌​មាន​ Incheo​n ​Daily​។

ថ្លែង​ទៅ​កាន់​សម​ភាគី​កូ​រ៉េ​របស់​​លោក​កាល​ពី​ថ្ងៃ​សុក្រ​ លោក ​តៃ​សេង ​បាន​ឲ្យ​ដឹង​ថា ​កា​សែត​ ភ្នំ​ពេញ​ ប៉ុស្ដិ៍​ គឺ​ជា​ស្ថា​ប័ន​សារ​ព័ត៌​មាន​ធំ​ជាង​គេ​​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​ និង​ទទួល​​បាន​ការ​គាំ​ទ្រ​ពី​ប្រ​ជា​ជន​កម្ពុជា​។​ ការ​ចេញ​ផ្សាយ​​រយៈ​ពេល​ ២៦ ​ឆ្នាំ​ កា​សែត​ ភ្នំ​ពេញ​ ប៉ុស្ដិ៍​ ទទួល​បាន​ពាន​រង្វាន់​អន្តរ​ជាតិ​ជា​ច្រើន​ និង​ជា​ស្ថា​ប័ន​ព័ត៌​មាន​​ដែល​មាន​ចំ​នួន​អ្នក​អាន​ច្រើន​បំ​ផុត​។​

យោង​តាម​ លោក ​តៃ​សេង ​សារ​ព័​ត៌​មាន​ ភ្នំ​ពេញ​ ប៉ុស្ដិ៍​ បាន​ទាក់​ទាញ​អ្នក​អាន​​មក​ពី​ស​ហ​គមន៍​ពា​ណិជ្ជ​កម្ម​កូ​រ៉េ​​​នៅ​ក្នុង​ប្រ​ទេស​ កម្ពុជា​ ដូ​ច្នេះ​វា​នឹង​ជា​គំ​និត​ផ្ដួច​ផ្ដើម​ដ៏ល្អ​មួយ​ ដើ​ម្បី​លើក​កម្ពស់​ព័ត៌​មាន​អំ​ពី​សក្ដា​នុ​ពល​កម្ពុជា​ ដល់​​ប្រ​ជា​ជន​កូរ៉េ​ផ្សេង​ទៀត​ ដើ​ម្បី​យល់​ដឹង​អំពី​ការ​អភិ​វឌ្ឍ​របស់​កម្ពុជា​។​ ​

លោក​​​ថ្លែង​ថា​៖ «​យើង​សង្ឃឹម​ថា​ ចាប់​ពី​ពេល​នេះ​ត​ទៅ​នឹង​មាន​​កិច្ច​ស​ហ​ប្រតិ​បត្តិ​ការ​កាន់​តែ​ប្រ​សើរ​ ដើ​ម្បី​ផ្តាស់​ប្តូរ​ព័ត៌​មាន​រវាង​ប្រ​ទេស​​ទាំ​ង ២​ ពិ​សេស​ព័ត៌​មា​ន​ល្អ​ៗ​អំ​ពី​​ប្រ​ទេ​ស កម្ពុជា ​ដល់​ប្រ​ជា​ជន​​កូ​រ៉េ​»​។​

ស្ថា​ប័ន​​ព័ត៌​មាន​ The Inche​o​n Daily និង​កា​សែត​ភ្នំ​ពេញ​ប៉ុស្ដិ៍​ នឹង​ខិត​ខំ​ដើ​ម្បី​អភិ​វឌ្ឍ​ទំ​នាក់​ទំ​ន​ង​​កិច្ច​សហ​ប្រតិ​​បត្តិ​ការ និង​លើក​ក​ម្ពស់​​មិត្ត​ភាព​ ដោយ​​​ផ្អែក​​លើ​ការ​គោ​រព​ទៅ​វិញ​ទៅ​មក​​​ដោយ​ស្មោះ​ត្រង់​។

ភា​គី​ទាំង​ ២ នឹង​ជំ​រុញ​​ការ​ផ្លាស់​​​ប្តូរ​ក្នុង​​ការ​ប្រ​មូល​ព័ត៌​មាន​ អត្ថ​បទ​នៅ​ក្នុង​វិ​ស័យ​ផ្សេង​ៗ​ ដូច​​ជា​សេដ្ឋ​កិច្ច វប្ប​ធម៌ កី​ឡា ការ​​សម្ដែង​ សិល្បៈ និង​ទេស​ចរណ៍​ និង​ការ​បញ្ជូន​​ក្រុម​អ្នក​យ​ក​ព័ត៌​មាន​ទៅ​វិញ​ទៅ​មក​ជា​ដើម​​​។​​

ភា​គី​ទាំង​ ២ នឹង​រៀប​ចំ​កិច្ច​ប្រ​ជុំ​កម្រិត​ការ​ងារ​ តា​មរ​យៈ​​​ការ​ពិ​គ្រោះ​យោ​បល់​ទៅ​វិញ​ទៅ​មក​ ដើ​ម្បី​អនុ​វត្ត​​​ជាក់​ស្ដែង​​នៃ​កិច្ច​ព្រម​ព្រៀង​នេះ​ និង​លើក​កម្ពស់​​ការ​ពិ​គ្រោះ​យោ​បល់​ជា​​​ទៀង​ទាត់​។​

លោក Hwangbo Eun ​ប្រ​ធាន​ Incheon Daily ​បាន​ឲ្យ​ដឹង​ថា ស្ថា​ប័ន​​​របស់​លោ​ក កំ​ពុង​ប្រតិ​បត្តិ​ការ​​រយៈ​ពេល​​ ២០ ​ឆ្នាំ​ហើយ រហូត​មក​ដល់​ពេល​នេះ​ ដើ​ម្បី​ប​ម្រើ​អ្នក​អាន​នៅ​ទី​ក្រុង​ Incheon​ ប្រទេស​ កូ​រ៉េ​ ដែល​ពេញ​ដោយ​​សក​ម្ម​ភាព​ព្រ​លា​ន​យន្ត​ហោះ ​និង​ស​កម្ម​ភាព​កំ​ពង់​ផែ​ស​​មុទ្រ​។

លោក​បាន​បន្ថែម​ថា​ សក្ដា​នុ​ព​ល​របស់​កម្ពុជា​ កាន់​តែ​មាន​​ចំ​ណាប់​អា​រម្មណ៍​​ក្នុង​ចំ​ណោម​​ប្រ​ជា​ជន​កូ​រ៉េ​ ហើយ​ជា​លើក​ដំ​បូង​សម្រាប់​ស្ថាប័ន​ព័ត៌​មាន​ Incheon​ Daily ​ដើ​ម្បី​ស្វែង​រក​ភាព​ជា​ដៃ​គូ​ជា​មួយ​ស្ថា​ប័ន​ព័ត៌​មាន​ធំ​មួយ​ នៅ​កម្ពុជា​ ដើ​ម្បី​ចែក​រំ​លែក​ព័ត៌​មាន​អំពី​​​កម្ពុជា ទៅ​អ្នក​អាន​ជន​ជាតិ​កូរ៉េ​។​

លោក​Hwangbo Eun បាន​លើក​ឡើង​​​ថា​៖ «​នេះជា​លើក​ដំ​បូង​ដែល​ស្ថា​ប័ន​ព័ត៌​មាន​ប្រ​ចាំ​ថ្ងៃ​​ Korean Inche​o​n ​ចាប់​អា​រម្មណ៍​ពិត​ប្រាកដ​​លើ​ស្ថា​ប័ន​​ព័ត៌​មាន​កម្ពុជា និង​សម្រេច​ចិត្ត​ធ្វើ​កិច្ច​ស​ហ​ប្រតិ​បត្តិ​ការ​ចាប់​ពី​ថ្ងៃ​នេះ​»៕​LA