ក្រុង​វ៉ាស៊ីនតោនៈ ក្រុម​អ្នក​ចរចា​ជាន់​ខ្ពស់​របស់​អាមេរិក និង​​ចិន​ គ្រោង​នឹង​ពិភាក្សា​គ្នា​តាម​ទូរស័ព្ទ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ ប៉ុន្តែ​មិនមាន​ផែនការ​ពិភាក្សា​ទល់​មុខ​គ្នា​​នៅ​ឡើយ​ទេ។ នេះ​​បើ​យោង​តាម​​​រដ្ឋមន្ត្រី​ក្រសួង​​ហិរញ្ញវត្ថុ​អាមេរិក Steven Mnuchin កាល​ពី​ថ្ងៃ​ចន្ទ។

ការ​ពិភាក្សា​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នេះ​នឹង​ជា​ការ​ចរចា​លើក​​ទី២ ក្នុង​​ពេល ២ សប្តាហ៍ ​ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​មក​ពី​ទីក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ប៉េកាំង ខណៈ​ដែល​​ភាព​ធូរស្រាល​ការ​ចរចា​ពាណិជ្ជកម្ម​បន្ត​កើត​មាន។

លោក Mnuchin ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ថ្ងៃ​ចន្ទ​ថា៖ «យើង​រំពឹង​ថា​នឹង​មាន​ការ​ពិភាក្សា​តាម​ទូរស័ព្ទ​ថ្នាក់​ខ្ពស់​មួយ​​ផ្សេង​ទៀត​នៅ​សប្តាហ៍​នេះ»។

លោក​ថ្លែង​​ថា៖ «ថា​តើ​យើង​បង្កើត​វឌ្ឍនភាព​ខ្លាំង​កម្រិត​ណា​មួយ នោះ​គឺ​ជា​ឱកាស​ល្អ​មួយ​ដែល​យើង​នឹង​ដើរ​ទៅ​ដល់​ទីនោះ​នា​ពេល​បន្ទាប់»។

លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ និង​ប្រធានាធិបតី​ចិន កាល​ពី​ខែ​មុន​បាន​ព្រមព្រៀង​​​​បន្ត​ការ​ចរចា​ពាណិជ្ជកម្ម​ឡើង​វិញ បន្ទាប់​ពី​ការ​ពិភាក្សា​បាន​ដួល​រលំ​នៅ​ដើម​ខែ​ឧសភា នៅ​ពេល​​ដែល​ភាគី​អាមេរិក​បាន​ចោទ​​ប្រកាន់​ទីក្រុង​ប៉េកាំង​ថា​មិន​​អើពើ​ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​សំខាន់ៗ​​របស់​ខ្លួន។

ជា​លទ្ធផល លោក ត្រាំ បាន​បង្កើន​ការ​ដក​ហូត​ពន្ធ​លើ​ទំនិញ​នាំចូល​ពី​ចិន​តម្លៃ ២០០ ពាន់​លានដុល្លារ ប៉ុន្តែ​កាល​​ពី​ខែ​មុន លោក​បាន​ផ្អាក​ការ​ដំឡើង​ពន្ធ​លើ​ទំនិញ​តម្លៃ ៣០០ ពាន់​លាន​ដុល្លារ​ផ្សេង​ទៀត។

លោក​ប្រធានាធិបតី​បាន​ឲ្យ​ដឹង​​កាល​ពី​ថ្ងៃ​ចន្ទ​ថា ពន្ធ​គយ​កំពុង​ចាប់​ផ្តើម​ខាំ​ត្របាក់​សេដ្ឋកិច្ច​​ចិន​ហើយ ដែល​បាន​មើល​ឃើញ​ថា កំណើន​សេដ្ឋកិច្ច​ចិន​បាន​ថមថយ​ដល់​កម្រិត​ទាប​បំផុត​របស់​ខ្លួន​ក្នុង​រយៈពេល ២៧ ឆ្នាំ៕ AFP/KC