ភ្នំពេញៈ វិនិយោគិននឹងមានជម្រើសកាន់តែច្រើនក្នុងទីផ្សារមូលបត្រកម្ពុជា ខណៈសញ្ញាប័ណ្ណរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ លីមីធីត (HKL) កាលពីម្សិលមិញត្រូវបានចុះបញ្ជីជាផ្លូវការនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។
លោកស្រី ជា សិរី អគ្គនាយិកាបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា (NBC) បានឲ្យដឹងថា ការចុះបញ្ជីនេះបានបង្ហាញពីការចាប់ផ្តើមដំណើរការទីផ្សារមូលធនបំណុលនៅកម្ពុជា ដែលជាចំណែកសំខាន់មួយនៃទីផ្សារហិរញ្ញវត្ថុ។
លោកស្រីថ្លែងថា បច្ចុប្បន្ន វិនិយោគិន ស្ថាប័នហិរញ្ញវត្ថុ និងសហគ្រិនវិនិយោគនានា មានជម្រើសឧបករណ៍វិនិយោគច្រើនជាងមុន។
លោកស្រីបន្តថា៖ «ពួកគាត់អាចមានលទ្ធភាពក្នុងការជ្រើសរើសការវិនិយោគលើឧបករណ៍វិនិយោគប្រភេទថ្មី ដែលជាឧបករណ៍ទទួលបានចំណូលថេរសម្រាប់បំពេញតាមតម្រូវការយុទ្ធសាស្រ្តវិនិយោគ និងកម្រិតហានិភ័យដែលពួកគាត់អាចទទួលយកបាន»។
លោក ហួត អៀងតុង ប្រធានអគ្គនាយក HKL បានថ្លែងក្នុងពិធីចុះបញ្ចីក្នុងផ្សារហ៊ុនកាលពីម្សិលមិញថា នេះគឺជាជោគជ័យ និងជាមោទនភាពមួយរបស់ក្រុមហ៊ុនលោក ដែលបានចូលរួមចំណែកជំរុញការអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជា។
លោកបានលើកឡើងថា៖ «ចាប់ពីថ្ងៃចុះបញ្ជីនេះទៅ វិនិយោគិនអាចទិញសញ្ញាបណ្ណ [របស់ហត្ថាកសិករ] ក្នុងទីផ្សារមូលបត្រកម្ពុជា បើវិនិយោគិនដែលកំពុងតែកាន់កាប់សញ្ញាបណ្ណបច្ចុប្បន្ន សម្រេចចិត្តដាក់លក់វិញ»។
សញ្ញាបណ្ណសាជីវកម្ម ឬមូលបត្របំណុល របស់ហត្ថាកសិករ ដែលមាននិមិត្តសញ្ញាជួញដូរ HKL21A ត្រូវបានដាក់ឲ្យជួញដូរនៅទីផ្សារបន្ទាប់នៃទីផ្សារមូលបត្រកម្ពុជា បន្ទាប់ពីការចុះបញ្ជីនេះ។
វិនិយោគិនអាចដាក់ការបញ្ជាទិញ ឬលក់តាមរយៈក្រុមហ៊ុនមូលបត្រក្នុងដំណើរការមួយដែលស្រដៀងទៅនឹងការជួញដូរភាគហ៊ុនដែរ។
តម្លៃមូលបត្របំណុលនេះអាចប្រែប្រួលទៅតាមតម្រូវការ និងការផ្គត់ផ្គង់។
នៅដំណាក់កាលបរិវិសកម្ម សញ្ញាបណ្ណចំនួន ១,២ លានសញ្ញាបណ្ណរបស់ HKL ត្រូវបានទិញយកទាំងអស់ដោយវិនិយោគិនជាស្ថាប័នក្នុងតម្លៃចារឹក (តម្លៃដើម) ក្នុងមួយសញ្ញាបណ្ណ ១០ ម៉ឺនរៀល ជាមួយនឹងអត្រាគូប៉ុង (ការប្រាក់) ៨,៥ ភាគរយក្នុង ១ ឆ្នាំ និងមានអាយុកាល ៣ ឆ្នាំ។
នៅក្នុងការធ្វើបរិវិសកម្មក្រុមហ៊ុននេះ ប្រមូលបានថវិកាសរុប ៣០ លានដុល្លារ។
លោក ហុង សុខហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាបានឲ្យដឹងថា អ្នកកាន់កាប់មូលបត្រអាចកាន់កាប់រហូតដល់កាលបរិច្ឆេទកំណត់ ដើម្បីទទួលបានការប្រាក់ ឬអាចលក់ចេញនៅក្នុងទីផ្សារបន្ទាប់នៅពេលមានការផ្តល់តម្លៃខ្ពស់។
លោកថ្លែងថា៖ «ខ្ញុំរំពឹងថា នឹងមានអ្នកខ្លះអាចដាក់លក់វិញក្នុងករណីមានតម្រូវការទីផ្សារ» ដែលនឹងឈានទៅរកការមានសកម្មភាពជួញដូរក្នុងទីផ្សារ។
វិនិយោគិនធំៗ ដែលទិញមូលបត្របំណុលនេះ រួមមានសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ធនាគារវឌ្ឍនៈ និងក្រុមហ៊ុនធានារ៉ាប់រងបន្ត៕LA