ក្រុង​គូឡាឡាំពួៈ រដ្ឋមន្ដ្រី​របស់​ម៉ាឡេស៊ី​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ប្រទេស ​ម៉ាឡេស៊ី ​នឹង​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក (WTO) ជុំវិញ​ផែនការ​របស់​សហភាព​អឺរ៉ុប (EU) ដើម្បី​បញ្ឈប់​ការ​ប្រើប្រាស់​ប្រេង​ដូង​នៅ​ក្នុង​ផលិតកម្ម​​ជីវ​ឥន្ធនៈ។

ប្រទេស​​អាស៊ី​អាគ្នេយ៍​មួយ​នេះ ​គឺ​ជា​ប្រទេស​ផលិត​ប្រេង​ដូង​ធំ​ជាង​គេ​ទី២ ​របស់​ពិភព​លោក បន្ទាប់​ពី​ប្រទេស ​ឥណ្ឌូនេស៊ី ​ហើយ​នឹង​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដោយ​ផែនការ​របស់​សហភាព​​​អឺរ៉ុប​​ក្នុង​ការ​កាត់​បន្ថយ​​ការ​​ប្រើប្រាស់​​ប្រេង​ដូង​នៅ​ក្នុង​ការ​ផលិត​​ជីវ​ឥន្ធនៈ​​នៅ​ត្រឹម​ឆ្នាំ ​២០៣០។​

លោកស្រី Teresa Kok រដ្ឋមន្ដ្រី​ម៉ាឡេស៊ី​ទទួល​ខុស​ត្រូវ​ខាង​ប្រេង​បន្លែ​ដែល​អាច​ញ៉ាំ​បាន បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ AFP ថា៖ «​ប្រទេស ​ម៉ាឡេស៊ី នឹង​ប្ដឹង​ទៅ​អង្គការ WTO ដោយ​សង្ឃឹម​ថា នឹង​ដាក់​ពាក្យ​នៅ​​ខែ​វិច្ឆិកា»

លោកស្រី​បាន​ឲ្យ​ដឹង​ថា ការិយាល័យ​របស់​​អគ្គ​មេធាវី​ម៉ាឡេស៊ី​កំពុង​ធ្វើ​ការងារ​​លើ​បណ្ដឹង​នេះ ហើយ​ប្រទេស ​ម៉ាឡេស៊ី ​សង្ឃឹម​ថា នឹង​សហការ​ជាមួយ​ប្រទេស ​ឥណ្ឌូនេស៊ី ​នៅ​ក្នុង​ករណី​នេះ​។​

ប្រេង​ដូង ​គឺ​ជា​គ្រឿង​ផ្សំ​ដ៏​សំខាន់​មួយ​​នៅ​ក្នុង​​​​ផលិតផល​ជា​ច្រើន​រាប់​​ចាប់​ពី​អាហារ​រហូត​ដល់​ផលិតផល​គ្រឿង​សម្អាង ប៉ុន្តែ​ប្រេង​នេះ​ស្ថិត​ក្នុង​បញ្ហា​​ចម្រូង​ចម្រាស​រយៈពេល​​យូរ​មក​ហើយ​ ដោយសារ​តែ​​ក្រុម​អ្នក​​បរិសា្ថន​បាន​ឲ្យ​ដឹង​ថា ការ​ដាំដុះ​ដូង​ប្រេង​បាន​ជំរុញ​ឲ្យ​មាន​ការ​កាប់​ឆ្ការ​ព្រៃ ដោយសារ​តែ​តំបន់​ដ៏​ធំ​នៃ​ព្រៃ​ទាក់ទាញ​ទឹក​ភ្លៀង​ត្រូវ​បាន​​កាប់​បំផ្លាញ​​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ថ្មីៗ​នេះ ដើម្បី​បើក​ផ្លូវ​សម្រាប់​ការ​ដាំដុះ​ដូង​ប្រេង​។

ការ​ប្រើប្រាស់​ប្រេង​ដូង​​​ក្នុង​ការ​ផលិត​​អាហារ និង​គ្រឿង​សម្អាង​ បាន​ធ្លាក់ចុះ​រួច​ហើយ​នៅ​អឺរ៉ុប ដែល​មួយ​ផ្នែក​ដោយសារ​ការ​រង​សម្ពាធ​ពី​ក្រុម​អង្គការ​បរិស្ថាន​​ដែល​បាន​ដាក់​លើ​​ក្រុមហ៊ុន​ធំ ប៉ុន្តែ​​​កំពុង​កើន​ឡើង​ការ​ប្រើប្រាស់​​ក្នុង​ផលិតកម្ម​ជីវ​ឥន្ធនៈ។

លោក​នាយក​រដ្ឋមន្ដ្រី​ ម៉ាហាធៀ ម៉ូហាម៉ាដ កាល​ពី​ខែ​មីនា​បាន​រិះគន់​វិធានការ​របស់​សហភាព​អឺរ៉ុប​​ក្នុង​ការ​ទប់ស្កាត់ ការ​ប្រើប្រាស់​​​ប្រេង​ដូង​ក្នុង ផលិតកម្ម​​ជីវឥន្ធនៈ ដោយ​លើក​ឡើង​ថា វា​បង្ក​ឲ្យ​​បើក​ចំហ​សង្គ្រាម​ពាណិជ្ជកម្ម​មួយ​ជាមួយ​ប្រទេស ​ម៉ាឡេស៊ី​។​​

លោក​ក៏​បាន​ព្រមាន​ពី​ការ​សងសឹក​ដោយ​​ការ​ទិញ​យន្តហោះ​ប្រយុទ្ធ​ថ្មីៗ ពី​ប្រទេស ចិន ជំនួស​ឲ្យ​យន្តហោះ​ ​Rafale ឬ​យន្តហោះ Eurofighter Typhoon របស់​ប្រទេស ​បារាំង​។​

នៅ​​សប្ដាហ៍​មុន​​លោក​ប្រធានាធិបតី​​ ជូកូ វីដូដូ របស់​ប្រទេស ​ឥណ្ឌូនេស៊ី បាន​សន្យា​ថា នឹង​ប្រយុទ្ធ​ប្រឆាំង​នឹង​ផែនការ​នានា​​របស់​សហភាពអឺរ៉ុប​ ដែល​​លោក​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Bloomberg News ​ថា៖ «​ប្រេង​ដូង ​គឺ​ជា​ទំនិញ​យុទ្ធសាស្ដ្រ​មួយ​សម្រាប់​​ប្រទេស ​ឥណ្ឌូនេស៊ី​»៕ AFP/LA​