ភ្នំពេញៈ ការ​លក់​សេវាកម្ម​ទេសចរណ៍​ប្រភេទ Zero-Dollar Tour កំពុង​ធ្វើ​ឲ្យ​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ដែល​ធ្វើ​ដំណើរ​មក​ទស្សនា​តំបន់​អង្គរ​​ធ្លាក់​ចុះ​នៅ​ក្នុង​ឆមាស​ទី​១ នៃ​ឆ្នាំ ​២០១៩។ នេះ​បើ​​តាម​​​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​។

សេវា Zero-Dollar Tour ឬ Zero Cost tour សំដៅ​ដល់​គម្រោង​សេវា​ទេសចរណ៍​ ដែល​ភ្ញៀវ​ទេសចរ​ត្រូវ​បាន​បោក​បញ្ឆោត​​ដោយ​ភ្នាក់ងារ​ទេសចរណ៍​ឲ្យ​ទិញ​កញ្ចប់​ទេសចរណ៍​ក្នុង​តម្លៃ​ថោក ប៉ុន្តែ​​ពួក​គេ​នឹង​ត្រូវ​ចំណាយ​​ច្រើន​ទៅ​លើ​អ្វីៗ​ នៅ​ក្នុង​អំឡុង​​ពេល​ធ្វើ​ដំណើរ និង​ស្នាក់នៅ​របស់​ពួក​គេ​តាម​ការ​រៀបចំ​របស់​ភ្នាក់ងារ​ទេសចរណ៍​នោះ​​។

ក្នុង​​ពិធី​បិទ​សិក្ខាសាលា​ស្ដីពី​ការ​រៀបចំ​ផែនការ​មេ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​សៀមរាប ​កាល​ពី​សប្តាហ៍​មុន​ លោក​ ថោង ​ខុន ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ​បាន​និយាយ​ថា Zero-Dollar Tour​ កំពុង​ក្លាយ​​ជា​ចំណែក​មួយ​ដែល​ធ្វើ​ឲ្យ​​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ មក​ទស្សនា​ខេត្ត​សៀមរាប​ធ្លាក់​ចុះ​។ ក្រុមហ៊ុន​ដែល​លក់​កញ្ចប់​ប្រភេទ​ Zero-Dollar ​Tour ​គឺ​ជា​អ្នក​បំផ្លាញ​គោលដៅ​ទេសចរណ៍​នៅ​ខេត្ត​សៀមរាប។​

លោក​ចោទ​សួរ​ថា៖ ​«​ហេតុ​អ្វី​បាន​ជា​ភ្ញៀវ​ទេសចរ ​ក្នុង​រយៈពេល​ ​៦ ​ខែ ​​ក្នុង​ខេត្ត​សៀមរាប​​​ធ្លាក់​ចុះ? មាន​កត្តា​ជា​ច្រើន​ តែ​​កត្តា​មួយ​ដែល​យើង​បាន​សិក្សា​រក​ឃើញ គឺ​ដោយសារ​តែ​ក្រុម​អ្នក​រក​ស៊ី​ប្រភេទ​ Zero Cost tour»​។

លោក​បន្ត​ថា៖ ​​«​ក្រុម​អ្នក​រក​ស៊ី​​ប្រភេទ​ Zero-Dollar Tour គឺ​ជា​អ្នក​បំផ្លាញ​គោលដៅ​សម្រាប់​វិស័យ​ទេសចរណ៍​តែ​ម្តង​ មាន​ន័យ​ថា ពួក​គាត់​​ធ្វើ​ Tour ដោយ​​មិន​យក​ចំណេញ​ទេ តែ​គាត់​យក​ភ្ញៀវ​មក​ដើម្បី​កាប់​ស៊ី​ តាម​​រយៈ​ការ​លក់​វត្ថុ​អនុស្សាវរីយ៍ ការ​ទិញ​របស់​របរ​ ​ម្ហូប​អាហារ​ និង​អូតែល​ ដោយ​យក​កុំ​មីស្យុង​​»​។

ទង្វើ​របស់​ក្រុម Zero-Dollar Tour បាន​ធ្វើ​ឲ្យ​ភ្ញៀវ​ធុញ​ទ្រាន់ ​និង​ឈប់​ចង់​ធ្វើ​ដំណើរ​មក​​កម្ពុជា។ បច្ចុប្បន្ន​ភ្ញៀវ​ទេសចរ​កូរ៉េ​ ដែល​ធ្លាប់​ឈរ​នៅ​លើ​គេ​ក្នុង​​ចំណោម​ភ្ញៀវ​ទេសចរ​មក​កម្ពុជា បាន​នាំ​គ្នា​ប្ដូរ​ទិសដៅ​​ទៅ​ប្រទេស ​វៀតណាម ​​វិញ ព្រោះ​វៀតណាម​មាន​គោល​នយោបាយ​ទេសចរណ៍​ថ្មី​ជា​ច្រើន។ នេះ​បើ​តាម​លោក ថោង ខុន​។

របាយការណ៍​របស់​គ្រឹះស្ថាន​អង្គរ បាន​ឲ្យ​ដឹង​ថា ​ក្នុង​ឆមាស​ទី​១ ឆ្នាំ ​២០១៩​ ភ្ញៀវទេសចរ​ដែល​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ បាន​​ធ្លាក់​ចុះ​ជាង ៨ ​ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​​ឆ្នាំ ​២០១៨​។

លោក​ ហូ វណ្ឌី ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​និយាយ​ថា Zero-Dollar Tour គឺ​ជា​កត្តា​ផ្សំ​ដែល​​ធ្វើ​ឲ្យ​ភ្ញៀវ​បរទេស​មួយ​ចំនួន​មិន​សប្យាយ​ចិត្ត​។ លោក​បន្ត​ថា ដោយសារ​​ការ​លក់​កញ្ចប់​សេវាកម្ម​ទេសចរណ៍ ​ប្រភេទ​នេះ​ទៅ​ឲ្យ​ភ្ញៀវ​មាន​តម្លៃ​ថោក មាន​​ក្រុមហ៊ុន​ខ្លះ​បាន​បង្ខំ​​ភ្ញៀវ​ឲ្យ​ទិញ​ទំនិញ​​គុណភាព​អន់​តែ​មាន​តម្លៃ​ខ្ពស់ ចូល​​ហាង​ថ្លៃៗ និង​ទៅ​លេង​កាស៊ីណូ ជា​ដើម។​

លោក​ថ្លែង​​​ថា៖ ​«​​ផល​លំបាក​ គឺ​បន្ទាប់​ពី​ភ្ញៀវ​ទាំង​អស់​នោះ​ត្រឡប់​​​ទៅ​ដល់​ប្រទេស​គេ​វិញ ​គេ​នឹង​និយាយ​មិន​ល្អ​ពី​កម្ពុជា ដែល​រក​ស៊ី​លក់​ផលិតផល​ក្លែងក្លាយ និង​មាន​តម្លៃ​ខ្ពស់​​​ទៅ​ដល់​ពួក​គេ​»​។

លោក​ ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា​ បាន​និយាយ​ថា Zero-Dollar Tour ​កើត​មាន​នៅ​កម្ពុជា​ជាង​ ​១០ ​ឆ្នាំ​មក​ហើយ ហើយ​វា​ក៏​​បាន​ជួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ឲ្យ​ធ្វើ​ដំណើរ​មក​កម្ពុជា​ផង​ដែរ។ លោក​បាន​​​ថ្លែង​ថា៖​ ​«​ខ្ញុំ​គិត​ថា Zero-Dollar Tour ​ពិត​ជា​មាន​ផល​ប៉ះពាល់​ ប៉ុន្តែ​មិន​មែន​​ទាំង​ស្រុង​នោះ​ទេ ចំពោះ​​ការ​ធ្លាក់ចុះ​ភ្ញៀវ​ទេសចរ​ក្នុង​ខេត្ត​សៀមរាប​»​។

ទោះបី​យ៉ាង​នេះ​ក្តី ​លោក​​បាន​​អះអាង​ថា ​កម្ពុជា​ក៏​ត្រូវ​តែ​ខិតខំ​ស្វែងរក​ទីផ្សារ​នៅ​តាម​ប្រទេស​ថ្មីៗ​ឲ្យ​បាន​ច្រើន​ផង​ដែរ​ដើម្បី​សម្រេច​បាន​ក្នុង​ការ​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ជិត​ ៧ ​លាន​នាក់ ​ក្នុង​ឆ្នាំ​ ២០១៩ នេះ​៕​ LA