ខេត្ត​ព្រះ​សី​ហ​នុៈ មន្ត្រី​ទេស​ចរណ៍​ខេត្ត​ព្រះ​សី​ហ​នុ​បាន​អះ​អាង​ថា ចំ​នួន​ភ្ញៀវ​ទេស​ចរ​ទៅ​ទស្សនា​ ខេត្ត​ ព្រះ​សី​ហ​នុ​ នៅ​តែ​មាន​​ចំ​នួន​ច្រើន​ គ្រាន់​តែ​មិន​ប្រ​មូល​​ផ្តុំ​នៅ​កណ្តាល​ក្រុង​ដូច​មុន ​ខណៈ​អ្នក​នៅ​ក្នុង​វិ​ស័យ​នេះ​​ បាន​ហៅ​វិ​ធាន​ការ​របស់​រដ្ឋា​ភិ​បាល​បច្ចុ​ប្បន្ន​ជា​ការ​ទាក់​ទាញ​​ជំ​នឿ​ចិត្ត​របស់​ភ្ញៀវ​ក្នុង​ស្រុក​​​ឡើង​វិញ​។​

លោក​ តាំង​ សុ​ចិត្រ​គ្រឹះ​ស្នា​ ប្រ​ធាន​​មន្ទីរ​ទេស​ចរណ៍​ខេត្ត ​ព្រះ​សី​ហ​នុ​ បាន​ប្រាប់​ភ្នំ​ពេញ ប៉ុស្តិ៍​ កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ខណៈ​មាន​ការ​លើក​ឡើង​ថា​ចំ​នួន​​​​ភ្ញៀវ​ទេស​ចរ​ក្នុង​ស្រុក​ទៅ​កម្សាន្ត​នៅ​ក្នុង​ក្រុង ​ព្រះ​សី​ហ​នុ ​មាន​ការ​ធ្លាក់​ចុះ​ តែ​ធាតុ​ពិត​ចំ​នួ​ន​ជា​រួម​​​មិន​បាន​ធ្លាក់​ចុះ​នោះ​​ទេ​។

ទោះ​បី​ជា​យ៉ាង​នេះ​ក្តី​ លោក​ទទួល​​ស្គាល់​ថា​ ការ​ធ្លាក់​ចុះ​​​បាន​​​​កើត​មាន​ឡើង​នៅ​តំ​បន់​​កណ្តា​ល​​ក្រុង​ ​គឺ​ឆ្នេរ​អូរ​ឈើ​ទាល​​។

លោក​ថ្លែង​ថា៖ ​«​​ចំ​នួន​ភ្ញៀវ​ទេស​ចរ​ក្នុង​ស្រុក​បាន​ធ្លាក់​ចុះ​ខ្លះ​នៅ​តំបន់​កណ្តាល​ក្រុង​ព្រះ​សី​ហ​នុ​ដោយ​សារ​​បច្ចុ​ប្បន្ន​តំ​បន់​​កណ្តាល​ក្រុង​ពិ​បាក​រក​កន្លែង​​ស្នាក់​នៅ ស្រប​ពេល​ដែល​តម្លៃ​កន្លែង​ស្នាក់​នៅ និង​អា​ហារ​ ​កើន​ឡើង​ខ្ពស់​ផង​ដែរ»​។

របាយ​ការណ៍​​មន្ទីរ​ទេស​ច​រ​ណ៍​​ខេត្ត ​ព្រះ​សី​ហ​នុ សម្រាប់​​រយៈ​​ពេល​ ៩ ខែ​ ដែល​ភ្នំ​ពេញ ​ប៉ុស្តិ៍​ ទទួល​បាន​កាល​ពី​ម្សិល​មិញ​​​បង្ហាញ​ថា ចំ​នួន​ភ្ញៀវ​ទេស​​ចរ​ក្នុង​ស្រុក​​ នៅ​តែ​បង្ហាញ​​សញ្ញា​វិជ្ជ​មាន​។

របាយ​ការណ៍​បង្ហាញ​ថា ​ក្នុង​រយៈ​ពេល​ ៩ ​ខែ​ ក្នុង​ឆ្នាំ​ ២០១៨​ ខេត្ត​ព្រះ​សី​ហ​នុ​ទទួល​បាន​ភ្ញៀវ​​ទេស​ចរ​សរុប​​ជាង​ ១,៦ ​លាន​នាក់​​ កើន​ឡើង​​​ ៦,៥៦ ​​ភាគ​រយ បើ​ធៀប​​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​​ឆ្នាំ ២០១៧ ​ដែល​មាន​ចំ​នួន​ជាង​ ១,៥ ​លាន​នាក់​​។

ក្នុង​នោះ​ចំ​នួន​ភ្ញៀវ​ជាតិ​​​មាន​ជាង​ចំ​នួន​ ១,១ ​លាន​នាក់ កើន​ឡើង​ជាង ​២ ​ភាគ​រយ និង​ភ្ញៀវ​​បរ​ទេស​មាន​​ចំ​នួន​​ជាង​​ ៤១៤ ៨២៩ ​នាក់​ ​កើន​ឡើង​​ចំនួន​ ១៩,៤៥ ​ភាគ​​រយ​។

ទន្ទឹម​នឹង​អត្រា​កំ​ណើន​​ភ្ញៀវ​ទេស​ចរ​​ក្នុង​ស្រុក​​​ឡើង​តិច​តួច​នេះ បាន​ជំ​រុញ​ឲ្យ​ក្រ​សួង​ទេស​ចរណ៍​កាល​ពី​សប្តាហ៍​មុន​បាន​ប្រ​កាស​បង្កើត​​ក្រុម​​ការ​ងារ​ជំ​នាញ​ចំ​នួន​ ៥ ដែល​ត្រូវ​បាន​អ្នក​នៅ​ក្នុង​វិ​ស័យ​នេះ​មើល​ឃើញ​ថា​ ដើ​ម្បី​រៀប​ចំ ​និង​គ្រប់​គ្រង​តំ​បន់​ឆ្នេរ​ដ៏​ល្បី​ល្បាញ​របស់​ប្រ​ទេស​​ឡើង​វិញ​ បន្ទាប់​ពី​រង​​ការ​រិះ​គន់​ពី​បញ្ហា​អ​សន្តិ​សុខ ​បរិ​ស្ថាន​ ដែល​បង្ក​​ដោយ​លំ​ហូរ​ជន​ជាតិ​ចិន​​ក្នុង​ខេត្ត​នេះ។

ក្រុម​ការ​ងារ​ទាំង​នោះ​រួម​មាន ​ក្រុម​ការ​ងារ​ទាក់​ទង​ទី​ក្រុង​ស្អា​ត​ ​​ក្រុម​ការ​ងារ​​​គ្រប់​គ្រង​ឧ​ស្សា​ហ​កម្ម​ទេស​ចរណ៍​ ​ក្រុម​ការ​ងារ​​គ្រប់​គ្រង​ឆ្នេរ​ស្អាត​ ​ក្រុម​ការ​ងារ​​បណ្តុះ​​​បណ្តាល​ ធន​ធាន​​មនុស្ស​​​ផ្នែក​ជំ​នាញ​វិជ្ជា​ជីវៈ​ទេស​ចរណ៍​និង​​​ក្រុម​ការ​ងារ​​ពិ​និត្យ​កែ​សម្រួ​ល​​​រចនា​សម្ព័ន្ធ​ចាត់​តាំង​របស់​មន្ទីរ​ទេស​ច​រណ៍​ខេត្ត កា​រិ​យាល័​យ​ឆ្នេរ និង​​កា​រិ​យា​ល័យ​​ទេ​ស​ចរ​ណ៍​កោះ​រ៉ុង​ជា​ដើម​។

លោក​​ តាំង​ សុ​ចិត្រ​គ្រឹះ​ស្នា បាន​លើក​ឡើង​ថា បច្ចុ​ប្បន្ន​​ដោយ​សារ​តែ​ខេត្ត​ព្រះ​សី​ហ​នុ​កំ​ពុង​មាន​ការ​អភិ​វឌ្ឍ​ខ្លាំង​លើ​គ្រប់​វិ​ស័យ​ បាន​ធ្វើ​​ឲ្យ​ខេត្ត​ជួប​ប្រ​ទះ​​​នឹង​បញ្ហា​ប្រ​ឈម​ជា​ច្រើន ​ទាំង​ការ​អនុ​វត្ត​ច្បាប់ និង​បញ្ហា​បរិ​ស្ថាន​។​

លោក​បាន​ថ្លែង​​ថា៖ ​«អា​ជ្ញា​ធរ​កំ​ពុង​ខិ​ត​ខំ​ធ្វើ​កិច្ច​ការ​ជា​ច្រើន​ ដូច​ជា​ពង្រឹង​ការ​អនុ​វត្ត​ច្បាប់​ កសាង និង​កែ​លម្អ​ប្រ​ព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​​ ដើ​ម្បី​ឲ្យ​ខេត្ត​​ព្រះ​សី​ហ​នុ​ នៅ​តែ​មាន​សក្តា​នុ​ពល​ក្នុង​ការ​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​បាន​កាន់​តែ​ច្រើន​បន្ថែម​ទៀត​»​។

ទី​ប្រឹក្សា​សមា​គម​​ទី​ភ្នាក់​ងារ​ទេស​ចរណ៍​កម្ពុជា​ លោក​ ហូ វណ្ឌី បាន​​និ​យាយ​ថា​ ការ​ដាក់​ចេញ​នូវ​ចំ​ណុច​​សំ​ខាន់​ៗ​​ទាំង​​ ៥ របស់​​​ក្រសួង​ទេស​ចរណ៍​នេះ​ ​គឺ​ពិត​ជា​​មាន​សារៈ​សំ​ខា​ន់​ណាស់​​ក្នុង​ការ​​ធ្វើ​ឲ្យ​វិ​ស័យ​ទេស​ចរណ៍​ក្នុង​ខេត្ត​ ព្រះ​សី​ហ​នុ​ មាន​ភាព​ស្រស់​បំ​ព្រង​ឡើង​វិញ ខណៈ​កន្លង​មក​​មាន​​​ព័ត៌​មាន​អ​វិជ្ជ​មាន​ជា​ច្រើន​លេច​ចេញ​​ពី​ទី​នោះ។

លោក​បន្ត​ថា​ ការ​ធ្វើ​ឲ្យ​​វិ​ស័យ​ទេស​ចរណ៍​​មាន​និរន្តរ​ភាព​ឡើង​វិញ គឺ​ជា​រឿង​​ដែល​អាជ្ញាធរ​​គ្រប់​លំ​ដាប់​ថ្នាក់​កំ​ពុង​ខិត​ខំ​ធ្វើ​ដើម្បី​​ជម្រះ​ចោល​នូវ​បាតុ​ភាព​អស​កម្ម​ ដែល​ត្រូវ​បាន​លេច​ឮ​ជា​រៀង​រាល់​ថ្ងៃ​។

លោក​ថ្លែង​ថា​៖ «​​ប្រ​កាស​នេះ​នឹង​ចូល​រួម​ចំ​ណែក​យ៉ាង​ធំ​ធេង​​ក្នុង​ការ​ធ្វើ​ឲ្យ​មុខ​មាត់​វិ​ស័យ​ទេស​ចរណ៍​ក្នុង​ក្រុង​ព្រះ​សី​ហ​នុ​មាន​ភាព​រស់​​រវើក​​ឡើង​វិញ​»​។

ទោះ​យ៉ាង​ណា លោក​បញ្ជាក់​​ថា ​ផែន​ការ​នេះ​អាច​សម្រេច​ទៅ​មុខ​បាន ឬ​យ៉ាង​ណា​នោះ ​គឺ​អា​ស្រ័យ​ទៅ​លើ​អ្នក​អនុ​វត្ត​​នៅ​ថ្នាក់​ក្រោម​ផង​ដែរ ព្រោះ​បើ​មាន​គោល​ការណ៍​ល្អ តែ​គ្មាន​ការ​អនុ​វត្ត ឬ​អនុ​វត្ត​មិន​បាន​នោះ វិ​ស័យ​ទេស​ចរណ៍​ខេត្ត​ ព្រះ​សី​ហ​នុ​ នឹង​អាច​បន្ត​ធ្លាក់​ចុះ​បន្ថែម​ទៀត​។

បុគ្គលិក​ម្នាក់​​​របស់ Golden River Bungalow ដែល​ស្ថិត​នៅ​ក្បែរ​ឆ្នេរ​អូរ​ត្រេះ បាន​ប្រាប់​ថា សម្រាប់​កន្លែង​​លោក​​បើ​ធៀប​​ទៅ​នឹង​ឆ្នាំ​មុន គឺ​ចំ​នួន​ភ្ញៀវ​​បរ​ទេស​ស្នាក់​នៅ​គឺ​មាន​ការ​ធ្លាក់​ចុះ​ច្រើន ទាំង​ចំ​នួន​បន្ទប់ និង​រយៈ​ពេល​ស្នាក់​នៅ​។

លោក​បន្ត​ថា សម្រាប់​ប្រ​ជា​ជន​ខ្មែរ​ដែល​មក​កម្សាន្ត​​នៅ​​ឆ្នេរ​អូ​ត្រេះ គឺ​អាច​មាន​ចំ​នួន​នៅ​​ដ​ដែល តែ​ភាគ​ច្រើន​គេ​មក​តែ​ថ្ងៃ​បុណ្យ និង​ថ្ងៃ​​សៅរ៍ អាទិត្យ ​ប៉ុ​ណ្ណោះ​ និង​មិន​​​ស្នាក់​នៅ​នោះ​ទេ។

លោក​​ថា៖ ​«​បើ​អាជ្ញា​ធរ​មិន​មាន​​វិ​ធាន​ការ​គ្រប់​គ្រង​អ្នក​ទេស​ចរ​ចិន​ឲ្យ​មាន​របៀប​នោះ ចំ​នួន​ភ្ញៀវ​ទេស​ចរ​អឺ​រ៉ុប និង​ខ្មែរ នឹង​​មិន​ចង់​មក​លេង​ខេត្ត​​ព្រះ​សី​ហ​នុ​ទៀត​ឡើយ​»៕