ភ្នំពេញៈ​ រដ្ឋា​ភិ​បាល​​បាន​បង្កើន​សហ​ព័ន្ធ​ម្រេច​កម្ពុជា ​ដើម្បី​លើក​កម្ពស់​ទី​ផ្សារ​ និង​ដោះ​ស្រាយ​បញ្ហា​ប្រ​ឈម​របស់​វិ​ស័យ​​នេះ ខណៈ​​ផលិត​ផល​កសិ​កម្ម​ដែល​មាន​តម្លៃ​ខ្ពស់​មួយ​​នេះ​កំ​ពុង​ប្រ​ឈម​នឹង​ការ​ធ្លាក់​​ចុះ​តម្លៃ​ជា​បន្ត​បន្ទាប់​។

សហ​ព័ន្ធ​ម្រេច ​និង​គ្រឿង​ទេស​កម្ពុជា​ ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ថ្ងៃ​សុក្រ​​សប្ដាហ៍​​មុន​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រ​សួង​ពា​ណិជ្ជ​កម្ម និង​ក្រ​សួង​កសិ​កម្ម​។

លោក​ សុង ​សារ៉ន ​អគ្គ​នា​យក​ក្រុម​ហ៊ុន​ Amru ​rice co​.,​Ltd ​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រ​ធាន​សហ​ព័ន្ធ​បាន​ឲ្យ​ដឹង​ថា​ ទម្រង់​នៃ​ការ​ងារ​របស់​សហ​ព័ន្ធ​ម្រេច​ មិន​ខុស​គ្នា​នឹង​សហ​ព័ន្ធ​ស្រូវ​អង្ករ​នោះ​ទេ ​ដែល​នឹង​ធ្វើ​ការ​ដើ​ម្បី​ដោះ​ស្រាយ​បញ្ហា​តម្លៃ​ ទី​ផ្សារ​ និង​ការ​ដាំ​ដុះ​។​ ​

លោក​ថ្លែង​ថា​៖ «​គោល​បំ​ណង​របស់​សហ​ព័ន្ធ​នេះ​ គឺ​លើក​កម្ពស់​តម្លៃ​​ម្រេច​របស់​យើង និង​ស្វែង​រក​ទិស​ដៅ​ទី​ផ្សារ​ថ្មី ជា​ពិ​សេស​ម្រេច​មិន​មែន GI»។ ​លោក​បន្ថែម​ថា ​កសិករ​នឹង​​មិន​ពឹង​ផ្អែក​តែ​លើ​ការ​នាំ​ចេញ​ក្រៅ​ផ្លូវ​ការ​ទៅ​​ប្រ​ទេស​ ថៃ និង​វៀត​ណាម​​ ទៀត​ទេ​។​

លោក​​លើក​ឡើង​ថា​៖ «​យើង​ចង់​​មាន​ទី​ផ្សារ​ផ្ទាល់​របស់​យើង​ ជា​ជាង​​ការ​នាំ​ចេញ​ក្រៅ​ផ្លូវ​ការ​ទៅ​ប្រ​ទេស​ ថៃ និង​វៀត​ណាម​ យើង​នឹង​បង្កើត​ទី​ផ្សារ ​និង​ឈ្មោះ​ ​ម្រេច​កម្ពុជា​ របស់​យើង ​និង​ដោះ​ស្រាយ​រាល់​បញ្ហា​​ប្រ​ឈម​​ក្នុង​ឧស្សាហ​កម្ម​ម្រេច​»​។

មាន​​សមា​ជិក​សមា​គម​ម្រេច​ចំ​នួន​ ១៧​ ទូ​ទាំង​​ប្រ​ទេស​ដែល​ចូល​រួម​ជា​មួយ​​ស​ហ​ព័ន្ធ​នេះ ​ដែល​នឹង​ធ្វើ​ការ​ងារ​រួម​គ្នា​ជា​មួយ​​ក្រ​សួង​ពា​ណិជ្ជ​កម្ម និង​ក្រ​សួង​​កសិ​កម្ម​ ដើ​ម្បី​ដោះ​ស្រាយ​បញ្ហា​ប្រ​ឈម​ទាំង​នេះ​។​ នេះ​បើ​តាម​លោក ​សុង ​សា​រ៉ន​។​

តាម​លោក ​សារ៉ន ​កម្ពុជា​ភាគ​ច្រើន​ដាំ​ម្រេ​ចខ្មៅ ដែល​ផ្តល់​បរិ​មាណ​ផល​ ២០ ០០០ ​តោន ​ជា​មធ្យម​ប្រ​ចាំ​ឆ្នាំ។

តាម​លោក​ សុង ​សា​រ៉ន​ បច្ចុ​ប្បន្ន​តម្លៃ​ម្រេច​នៅ​ចន្លោះ​ពី ២,៥ ​ដុ​ល្លារ​ទៅ ៣ ដុ​ល្លារ​​ក្នុង​មួយ​គី​ឡូ​ក្រាម ដែល​កសិ​ករ​ភាគ​ច្រើន​​មិន​ទទួល​បាន​​ប្រាក់​ចំ​ណេញ​នោះ​ទេ​។​

លោក ​ងួន ​ឡាយ​ ប្រ​ធាន​សមា​គម​​លើក​កម្ពស់​ម្រេច​កំព​ត​ ដែល​បាន​ចូល​រួម ជា​សមា​ជិក​​ក្រុម​ប្រឹ​ក្សា​ភិ​បាល​សហ​​ព័ន្ធ​នេះ​ ​បាន​ឲ្យ​ដឹង​ថា សហ​ព័ន្ធ​នេះ​នឹង​ដើរ​​តួ​នាទី​ដ៏​សំ​ខាន់​ក្នុង​ការ​អភិ​វឌ្ឍ​​ឧ​ស្សាហ​កម្ម​ម្រេច​។​ ​​

លោក​ថ្លែង​​ថា​៖ «​យើង​គួរ​តែ​ផ្ដោត​លើ​របៀ​ប​​ក្នុងការ​បង្កើត​ទំ​នុក​ចិត្ត​សម្រាប់​អតិ​ថិ​ជន​ និង​រក្សា​​គុណ​ភាព​ម្រេច​ បន្ទាប់​មក​ម្រេច​របស់​យើង​នឹង​មាន​ទី​ផ្សារ​»​។ លោក​បន្ត​ថា​​៖ «​សហ​ព័ន្ធ​មាន​​​តួ​នា​ទី​សំ​ខាន់​​ក្នុង​ការ​អភិ​វឌ្ឍ​​វិស័​យ​​ម្រេច​​»​។​

លោក ​បៀន ​ឃាង​ជូ អ្នក​គ្រប់​គ្រង​​កសិ​ដ្ឋាន​ម្រេច​ គីម សួរ ​មាន​​ ១០ ហិក​តា​​ក្នុង​ខេត្ត​ពោធិ៍​សាត់​ រំ​ពឹង​ថា សហ​ព័ន្ធ​នេះ​នឹង​​ចូល​រួម​ធ្វើ​ឲ្យ​វិ​ស័យ​ម្រេច​មាន​​ស្ថិរ​ភាព​ទី​ផ្សារ និង​ការ​លើក​​កម្ពស់​ដល់​កសិ​ករ​ដាំ​ម្រេច​។​ ​​

លោក​បញ្ជាក់​ថា​៖ «​នៅ​ពេល​នេះ​​យើង​កំ​ពុង​ជម្នះ​ជា​​មួយ​​តម្លៃ​ ហើយ​វា​ពិ​បាក​​ក្នុង​ការ​ស្វែង​រក​អ្នក​ទិញ ប្រ​សិន​បើ​សហ​ព័ន្ធ​នេះ​​អាច​ផ្សព្វ​ផ្សាយ​ពី​គុណ​ភាព​ម្រេច​របស់​យើង​ ដល់​ទី​ផ្សារ​អន្តរ​ជាតិ ​និង​ធ្វើ​បច្ចុ​ប្បន្ន​ភាព​ទី​ផ្សារ​តម្លៃ​ម្រេច​ទាំង​អស់​ វា​នឹង​មា​ន​ប្រយោ​ជន៍​សម្រាប់​កសិករ​»​។

លោ​ក​បន្ថែម​ថា ​លោក​អាច​ផលិត​​ម្រេច​បាន​ ៦០ ​​តោន​ក្នុង​ ១ ​​ឆ្នាំ​ ​ដែល​​​លក់​​ទៅ​ប្រ​ទេស ចិន​ និង​​វៀត​ណាម​ ក្នុង​តម្លៃ​​ដែ​ល​​មិន​ទទួល​​បាន​​ប្រាក់​​​ចំ​ណេញ​នោះ​ទេ​៕​LA