ភ្នំពេញៈ អគ្គ​នា​យក​ដ្ឋាន​ពន្ធ​ដារ​ (GDT)​​ ប្រ​មូល​​ចំ​ណូល​បាន​​ជាង​ ២ ​ពាន់​លាន​ដុ​ល្លារ​ក្នុង​​អំ​ឡុង​ ១១​ ខែ​នៃ​ឆ្នាំ​នេះ ​ដោយ​​បាន​កើន​ឡើង​ ១២,​៤៨​ ភាគ​រយ បើ​​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​​កាល​ពី​ឆ្នាំ​មុន។​ នេះ​បើ​​យោង​តាម​​របាយ​ការណ៍​របស់​អគ្គ​នា​យក​​ដ្ឋាន​នេះ​។​

របាយ​ការណ៍​ដែល​បាន​ផ្សព្វ​ផ្សាយ​​​​កាល​​ពី​ម្សិល​មិញ​បង្ហាញ​ថា ​ការ​ប្រ​មូល​​ប្រាក់​ចំ​ណូល​ពន្ធ​​នៅ​​ក្នុង​រយៈ​ពេល​ ១១ ​ខែ ​ឆ្នាំ ​២០១​៨ ​បាន​កើន​ចំនួន​ ២២៨ ​​លាន​ដុល្លារ​ពី​​ជាង​ ១,៨២​ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​មុន ​ពោល​​​គឺ​កើន​​ ១២,​៤៨ ​​ភាគ​រយ​ ស្មើ​នឹង​ ១០៦,​៨៨ ​ភាគ​រយ​នៃ​ផែន​ការ​ប្រ​ចាំ​ឆ្នាំ ​ឬ​លើ​ស​ផែន​ការ​ ​១៣២,​៣៣ ​លាន​ដុ​ល្លារ​។​

របាយ​ការណ៍​នេះ​បង្ហាញ​ថា ​គ្រាន់​តែ​ក្នុង​ខែ​វិច្ឆិកា ​អគ្គ​នា​យក​​ដ្ឋាន​ពន្ធ​ដារ​​​ប្រ​មូល​​​ចំ​ណូល​ពន្ធ​អាករ​គ្រប់​ប្រ​ភេទ​បាន​​ចំ​នួន​ជាង​ ១៨៧,​៥០ ​លាន​ដុល្លារ​​ស្មើ​នឹង​ ៩,​៧៥ ​ភាគ​រយ​នៃ​ផែន​ការ​ច្បាប់​ ​បើ​ធៀប​​នឹង​ចំ​ណូល​ខែ​វិច្ឆិកា ឆ្នាំ​ ២០១៧ ឃើញ​ថា ការ​ប្រ​មូល​ចំ​ណូល​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​ ២០១៨ ​នេះ​បាន​កើន​ឡើង​ ​៤៣,៧៩​ លាន​ដុ​ល្លារ។​

លោក ​គង់​ វិបុល អគ្គ​នា​យក​នៃ​អគ្គ​នាយ​ក​ដ្ឋាន​ពន្ធ​ដារ ​ក្នុង​អំ​ឡុង​កិច្ច​ប្រ​ជុំ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ បាន​​​ជំ​រុញ​ឲ្យ​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​ ត្រូវ​ពង្រឹង​ការ​ប្រ​មូល​ពន្ធ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​។​

លោក​ថ្លែង​ថា​៖ «​ជា​ការ​ឆ្លើយ​តប​នឹង​អ្នក​បង់​​ពន្ធ​ [យើង​] ចាំ​បាច់​ត្រូវ​​ឲ្យ​ពួក​គេ​មាន​ឆន្ទៈ​ និង​រីក​រាយ​​ក្នុង​ការ​បង់​ពន្ធ​ និង​ធ្វើ​ការ​សហ​ការ​ល្អ​សម្រាប់​​ប្រ​ជា​ជន​ ​ក្នុង​ការ​បង់​ពន្ធ​»​។​

លោក ​គង់ វិបុល ​បាន​ឲ្យ​ដឹ​ង​​ទៀត​​ថា ​ដើ​ម្បី​ធា​នា​​ការ​​​​ប្រ​មូល​ពន្ធ​​​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​សម្រាប់​ឆ្នាំ​ ២០១៨ ​ឲ្យ​សម្រេច​​​តាម​ផែន​ការ​ដែល​បាន​គ្រោង​ទុក​ អគ្គ​នា​យក​ដ្ឋាន​ពន្ធ​ដារ​​នឹង​អនុ​វត្ត​យ៉ាង​​ម៉ឺង​ម៉ាត់​នូវ​គោល​នយោ​បាយ​កែ​ទម្រង់​ពន្ធ​ដារ​ស៊ី​ជម្រៅ​ ដែល​បាន​​ដាក់​ចេញ​ដោយ​រាជ​​រដ្ឋា​ភិ​បាល​ ដែល​រួម​ទាំង​​ការ​ធ្វើ​ទំ​នើប​កម្ម ព័ត៌​មាន​វិទ្យា​សម្រាប់​ការ​គ្រប់​គ្រង​ការ​ ប្រ​មូល​ពន្ធ​ទាំង​អស់​៕​ LA