ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃចន្ទបានសម្រេចផ្លាស់ប្តូរទីតាំងនៃការសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីមួយដែលជាការវិនិយោគរួមគ្នារវាងក្រុមវិនិយោគិនក្នុងស្រុក និងថៃទៅកាន់ទីតាំងដែលមានទំហំកាន់តែធំ។
សេចក្ដីប្រកាសព័ត៌មានបានពីខុទ្ទកាល័យទីស្ដីការគណៈរដ្ឋមន្ដ្រីបានឲ្យដឹងថា ខុទ្ទកាល័យទីស្ដីការគណៈរដ្ឋមន្ដ្រីសូមជូនដំណឹងថា រដ្ឋាភិបាលកម្ពុជាបានយល់ព្រមជាគោលការណ៍ក្នុងការផ្លាស់ប្តូរទីតាំងសម្រាប់ការវិនិយោគព្រលានយន្តហោះថ្មីលើផ្ទៃដីសរុបពី ៤០០ ទៅ ៦០០ ហិកតា ពីទីតាំងចាស់ដែលបានគ្រោងទុកនៅក្រុងខេមរភូមិន្ទ ខេត្តកោះកុងទៅទីតាំងថ្មីស្ថិតនៅបាក់ខ្លងវិញ។
លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញអំពីការរុះរើទីតាំងនោះ។ លោកបានឲ្យដឹងថា ទីតាំងចាស់តូច ដោយមានប៉ះពាល់មួយចំនួនដល់ប្រជាជនមូលដ្ឋាន ខណៈទីតាំងថ្មីកាន់តែធំ និងមិនមានផលប៉ះពាល់ណាមួយដែលផ្ដល់ទីកន្លែងកាន់តែច្រើនសម្រាប់ក្រុមហ៊ុនក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត តំបន់ឧស្សាហកម្ម សណ្ឋាគារ និងភោជនីយដ្ឋានដើម្បីគាំទ្រដល់គម្រោងនេះ។
លោកថ្លែងថា៖ «ទីតាំងចាស់គឺតូចបន្តិច និងមានផលប៉ះពាល់មួយចំនួនដល់ប្រជាជន ខណៈទីតាំងថ្មីកាន់តែធំដែលផ្ដល់លទ្ធភាពកាន់តែច្រើនសម្រាប់ក្រុមវិនិយោគិនក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត អគារ និងតំបន់ឧស្សាហកម្ម»។
ព្រលានយន្តហោះកោះកុងថ្មីគឺជាការវិនិយោគរួមរវាងក្រុមហ៊ុនពហុផលិតផលក្នុងស្រុក L.Y. P Group ដែលគ្រប់គ្រងដោយមហាសេដ្ឋីជំនួញ លី យ៉ុងផាត់ និងក្រុមហ៊ុន Bangkok Airway ដោយមានទុនវិនិយោគ ៤០ លានដុល្លារ។
លោក ចាន់សិរីវុត្ថា បានឲ្យដឹងថា ក្រុមហ៊ុននេះនឹងបង្កើនទុនវិនិយោគពីផែនការនេះពី ១០ លានដុល្លារ ឬ ២០ លានដុល្លារផ្សេងទៀត។ លោកបន្តថា៖ «វាជាទីតាំងដ៏ធំមួយ ដូច្នេះពួកគេនឹងកែតម្រូវទុនវិនិយោគរបស់ពួកគេដើម្បីឲ្យត្រូវនឹងទំហំនៃការអភិវឌ្ឍ»។
ជាមួយគ្នានេះដែរលោកបានឲ្យដឹងថា ក្រុមហ៊ុននឹងធ្វើការសិក្សាលទ្ធភាពឡើងវិញលើទីតាំងថ្មី ដែលនឹងត្រូវការពេលវេលាប្រហែល ៦ ខែ ហើយលទ្ធផលនឹងត្រូវរំពឹងថានឹងបញ្ចប់ត្រឹមចុងឆ្នាំនេះ។ លោកបន្ថែមថា សម្រាប់ការសាងសង់របស់គម្រោងនេះនឹងត្រូវការពេលវេលាចន្លោះពី ៣ ទៅ ៥ ឆ្នាំ។ ព្រលានយន្តហោះនេះអាចទទួលយន្តហោះប្រភេទ 4T និង 4D បាន។
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅក្នុងសុន្ទរកថារបស់លោកនៅបុណ្យសមុទ្រលើកទី ៧ នៅខេត្តកោះកុងកាលពីឆ្នាំ ២០១៨ បានឲ្យដឹងថា បន្ទាប់ពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងទីតាំងអេកូទេសចរណ៍ ជាពិសេសពេលព្រលានយន្តហោះធ្វើរួចហើយ ភ្ញៀវទេសចរកាន់តែច្រើនទាំងជាតិ និងអន្តរជាតិនឹងហូរចូលមកខេត្តនេះយ៉ាងច្រើន។
បច្ចុប្បន្នព្រលានយន្តហោះអន្តរជាតិតារាសាគរដែលមានតម្លៃ ៣៥០ លានដុល្លារផ្សេងទៀតមានទីតាំងនៅស្រុកបទុមសាគរ និងត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនចិន Tianjin Union Development Group រំពឹងថា នឹងដំណើរការនៅត្រឹមចុងឆ្នាំនេះ។ ក្រុមហ៊ុននេះក៏មានរមណីយដ្ឋានអេកូទេសចរណ៍តារាសាគរផ្ទាល់ខ្លួននៅក្នុងខេត្តកោះកុងផងដែរ។
តំបន់ឆ្នេរសមុទ្ររបស់កម្ពុជាដែលរួមមានខេត្តកោះកុង ក្រុងព្រះសីហនុ ខេត្តកែប និងខេត្តកំពតលាតសន្ធឹងចម្ងាយប្រហែល ៤៤០ គីឡូម៉ែត្រ និងបានទទួលភ្ញៀវទេសចរបរទេស ១០១ ១៩៧ នាក់ ក្នុងរយៈពេល ៩ ខែឆ្នាំមុនធៀបនឹង ៦១ ៧៧៣ នាក់ កើនឡើង ៦៣,៨ ភាគរយ៕LA