ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​ជិត​បញ្ចប់​សេចក្ដីព្រាង​ផែនការមេ​សម្រាប់​ប្រព័ន្ធ​ដឹកជញ្ជូន​ពហុមធ្យោបាយ​ ២០២១-២០៣០​ ​ហើយ​ដែល​ជា​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​លើកកម្ពស់​ការតភ្ជាប់ និង​កាត់បន្ថយ​តម្លៃ​ដឹកជញ្ជូន និង​ឡូជីស្ទិក ដើម្បី​ធ្វើ​សមាហរណកម្ម​ទៅក្នុង​តំបន់ និង​ពិភពលោក​។

សេចក្ដី​ព្រាង​នេះ​ត្រូវបាន​រំពឹងថា នឹង​ត្រូវ​បញ្ចប់​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​ ២០២០ ខាងមុខ​។

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពី​ថ្ងៃ​អង្គារ​បាន​ដឹកនាំ​កិច្ចប្រជុំ​ក្រសួង​ពាក់ព័ន្ធ​ដែល​ត្រូវ​ចូលរួម​ដោយ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក សាយ សំអាល់ រដ្ឋមន្ដ្រី​ក្រសួងបរិស្ថាន​លោក សុខ ចិន្តាសោភា អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ដើម្បី​ត្រួតពិនិត្យ​អំពី​ការអភិវឌ្ឍ​ចុងក្រោយ​របស់​សេចក្ដី​ព្រាង​នៃ​សេចក្ដីព្រាង​ផែនការមេ​ដែល​ត្រូវ​បានរៀបចំ​ដោយ​សាជីវកម្ម​ពិគ្រោះ​យោបល់​វិស្វកម្ម​អន្តរជាតិ​ចិន​ចាប់តាំងពី​ពាក់កណ្ដាល​ឆ្នាំ​ ២០១៨​។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​។

សេចក្ដីព្រាង​ផែនការមេ​សម្រាប់​ប្រព័ន្ធ​ដឹកជញ្ជូន​ពហុមធ្យោបាយ​នៅ​កម្ពុជា មាន​ផែនការមេ​ ៧ ដែល​រួមមាន​ផែនការមេ​ដឹកជញ្ជូន​ពហុមធ្យោបាយ ផែនការមេ​ដឹកជញ្ជូន​ផ្លូវគោក ផែនការមេ​ដឹកជញ្ជូន​ផ្លូវដែក ផែនការមេ ដឹកជញ្ជូន​ផ្លូវទឹក ផែនការមេ​ដឹកជញ្ជូន​ផ្លូវ​សមុទ្រ ផែនការមេ​ដឹកជញ្ជូន​ផ្លូវ​អាកាស និង​ផែនការមេឡូជីស្ទិក​។

សេចក្ដីប្រកាស​ព័ត៌មាន​ឲ្យ​ដឹងថា​៖ «​រដ្ឋាភិបាល​កម្ពុជា​ចាត់ទុក​សេចក្ដី​ព្រាង​ផែនការមេ​សម្រាប់​ប្រព័ន្ធ​ដឹកជញ្ជូន​ពហុមធ្យោបាយ​នៅ​កម្ពុជា ២០២១-២០៣០ នឹង​ដើរតួនាទី​សំខាន់​ក្នុង​ការបម្រើ​ជា​ផែនទីមេ ព្រម​ទាំង​ការកំណត់​ក្របខ័ណ្ឌ​រួម​នៃ​ផែនការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​មធ្យោបាយ​ដឹកជញ្ជូន ដែល​រួមមាន​ប្រព័ន្ធ​ឡូជីស្ទិក​ដែល​ជួយ​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការវិនិយោគ​សាធារណៈ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​»​។

សេចក្ដី​ព្រាង​ផែនការមេ​សម្រាប់​ប្រព័ន្ធ​ដឹកជញ្ជូន​ពហុមធ្យោបាយ​នៅ​កម្ពុជា ២០២១-២០៣០ ផ្ដល់​ជម្រើស​ផែនការ​សកម្មភាព​ត្រឹម​ឆ្នាំ​ ២០៣០ ការដឹកជញ្ជូន​ផ្លូវគោក​នៅ​តែ​អាទិភាព​នៅ​កម្ពុជា ប៉ុន្តែ​វា​ត្រូវតែ​ផ្ដោត​ភាគច្រើន​លើ​គុណភាព​ជាជាង​បរិមាណ ហើយ​ក៏​ដើម្បី​បន្ត​ក្នុង​ការអភិវឌ្ឍ​ផ្លូវ​ដឹកជញ្ជូន​តាមរយៈ​ផ្លូវអាកាស​ផ្លូវ​សមុទ្រ​ផងដែរ ព្រមទាំង​ស្ដារ និង​លើកកម្ពស់​ហេដ្ឋារចនាសម្ព័ន្ធ និង​ការតភ្ជាប់​ការដឹកជញ្ជូន​តាមរយៈ​ផ្លូវដែក និង​ផ្លូវទឹក​។ នេះ​បើ​យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​។

ក្នុង​ឆ្នាំ​ ២០២០ រដ្ឋាភិបាល​កម្ពុជា​បាន​រៀបចំ​ផែនការ​ក្នុង​ការបង្កើន​ថវិកា​វិនិយោគសាធារណៈ​ ១,៤ ​ពាន់​លាន​ដុល្លារ ​លើ​ការសាងសង់ និង ការស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ​កើនឡើង​ ១១៧,៩ ​ភាគរយ​ធៀប​នឹង​ការចំណាយ​ក្នុង​ឆ្នាំ​ ២០១៩​។ នេះ​បើតាម​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​ ២០២០​។

លោក វ៉ា ស៊ឹមសូរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​ពុធ​ថា សេចក្ដី​ព្រាង​ផែនការមេ​នេះ​នឹង​បម្រើ​ជា​ផែនទី​ផ្លូវ​ដ៏សំខាន់​សម្រាប់​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​របស់​កម្ពុជា ជាមួយ​នឹង​ការផ្ដល់​ឱកាស​វិនិយោគ​ដ៏ធំ​សម្រាប់​ទាំង​ក្រុម​វិនិយោគិន​ក្នុងស្រុក និង​បរទេស​។ ​

លោក​ថ្លែងថា​៖ «​នៅពេល​សេចក្ដី​ព្រាង​ផែនការមេ​នេះ​ត្រូវបាន​បញ្ចប់ យើង​នឹង​មាន​ផែនទី​ផ្លូវ​ដ៏ទូលំទូលាយ​បំផុត​សម្រាប់​ការតភ្ជាប់​ការដឹកជញ្ជូន ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​សំខាន់​ជាងនេះ​ទៅ​ទៀត​នឹង​បង្កើត​មជ្ឈមណ្ឌល​ឡូជីស្ទិក ឬ​មជ្ឈមណ្ឌល​នៅតាម​តំបន់​សំខាន់ៗ​មួយចំនួន​ផ្សេងទៀត​នៅ​តាម​ខេត្ត​ដើម្បី​កាត់បន្ថយ​តម្លៃ​ការដឹកជញ្ជូន និង​ឡូជីស្ទិក​។ នេះ​នឹង​បង្កើត​ឱកាស​ដ៏ធំ​មួយ​ដើម្បី​ទាក់ទាញ​ក្រុម​វិនិយោគិន​កាន់តែ​ច្រើន​»​។

លោក​ ស៊ិន ចន្ធី ប្រធាន​សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា​ស្វាគមន៍​សម្រាប់​ការរីកចម្រើន​ដ៏ល្អ​នេះ​។ លោក​បាន​បន្តថា​៖ «​វា​ជា​ជំហាន​វិជ្ជមាន​មួយ​សម្រាប់​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​យើង ការដឹកជញ្ជូន និង​ឡូជីស្ទិក ខណៈ​យើង​ទទួល​បាន​ផែនការមេ​ដ៏ទូលំទូលាយ​នឹង​ត្រូវបាន​អនុវត្ត​។ ចាប់តាំងពី​យើង​ទទួល​​បាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់ វា​ចាំបាច់​សម្រាប់​ពួកយើង​ក្នុង​ការមាន​ផែនការ​ច្បាស់លាស់​សម្រាប់​ការដឹកជញ្ជូន ឡូជីស្ទិក និង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​យើង​»៕LA