ភ្នំពេញៈ រោង​ចក្រ​កាត់​ដេរ​ថ្មី​ចំ​នួន​ ៦៩ ​ត្រូវ​បាន​​បើក​ដំ​ណើរ​ការ​ក្នុង​​​រយៈ​ពេល​ ៩ ​ខែ​ដំ​បូង​​ឆ្នាំ​នេះ ​ខណៈ​​ចំ​នួន​​ ៣២ ​ត្រូវ​បាន​បិទ​​ទ្វារ​ក្នុង​អំ​ឡុង​ពេល​នេះ​។ ​នេះ​​បើ​យោង​តាម​របាយ​ការណ៍​បាន​ពី​ក្រ​សួង​ឧស្សា​ហ​កម្ម ​និង​សិ​ប្ប​កម្ម​។​

មន្ដ្រី​រដ្ឋា​ភិ​បាល​បង្ហាញ​មូល​ហេតុ​នៃ​ការ​បិទ ​និង​ការ​បើក​ដំ​ណើរ​ការ​រោង​ចក្រ​នេះ​ ថា​​​ជា​និ​ន្នា​ការ​ធម្មតា​ក្នុង​ការ​ធ្វើ​ពា​ណិជ្ជ​កម្ម​ និង​​មិន​បាន​បង្ហាញ​​ពី​ការ​បា​រម្ភ​​ពី​​ការ​ដក​ប្រ​ព័ន្ធ​អនុ​គ្រោះ​ពន្ធ​ EBA​​ទេ​។​​

លោក អ៊ុំ សុ​ថា​ អ្នក​នាំ​ពាក្យ​ក្រ​សួង​ឧ​ស្សា​ហ​កម្ម និង​សិប្ប​កម្ម ​បាន​ឲ្យ​ដឹង​ថា ​ដោយ​សារ​ស្ថិរ​ភាព​នយោ​បាយ​ កំ​ណើន​សេដ្ឋ​កិច្ច ​និ​ន្នា​ការ​កំ​ណើន​រោង​ចក្រ​ថ្មី​​នេះ​កំ​ពុង​បង្ហាញ​ស​ក្ដា​នុ​ព​ល​សម្រាប់​ការ​វិ​និ​យោគ​របស់​ប្រ​ទេ​ស​​នេះ​​។ ​

លោក​ថ្លែង​ថា៖ «​ចំ​នួន​រោង​​ចក្រ​កំ​ពុង​រក្សា​បាន​កំ​ណើននោះ​មាន​ន័យ​ថា ​ប្រ​ទេស​របស់​យើង​មាន​ស​ក្ដា​នុ​ពល​ល្អ​សម្រាប់​​ក្រុម​វិ​និ​យោ​គិន​ដ​រាប​​ណា​ យើង​មាន​ស្ថិរ​ភាព​នយោ​បាយ​ល្អ ព្រម​ទាំង​​គោល​នយោ​បាយ​ទាក់​ទាញ​​ការ​​វិ​និ​យោគ​ផ្ទាល់​ពី​បរ​ទេស​ផង​ដែរ​»​។​

របាយ​ការណ៍​​បង្ហាញ​ថា ​ចំ​នួន​រោង​ចក្រ​ថ្មី​សរុប​​ ១២៩ ​ត្រូវ​បាន​បើក​ដំ​ណើរ​ការ​នៅ​រយៈ​ពេល​ ៩ ខែ​ដំ​បូង​ ក្នុង​​នោះ​ ​៦៩ ​គឺ​ជា​រោង​ចក្រ​កាត់​ដេរ ​ខណៈ​រោង​ចក្រ​​ ៤០​ ត្រូវ​បា​ន​បិទ​ទ្វារ​ ក្នុង​ចំ​ណោម​នោះ​ ៣២​ គឺ​ជា​រោង​ចក្រ​កាត់​ដេរ​ ​ហើយ​​ការ​បិទ​ទ្វារ​នេះ​ធ្វើ​ឲ្យ​កម្ម​ករ​គ្មា​ន​ការ​ងារ​ធ្វើ​សរុប ១៨ ​៦៤៥ ​នាក់។​

លោក​ អ៊ុំ​ សុ​ថា​ បញ្ជាក់​ថា ​ការ​បិទ​ទ្វារ​​គឺ​ជា​បញ្ហា​ធម្ម​តា​ សម្រាប់​ការ​ធ្វើ​ពា​ណិជ្ជ​កម្ម។ ​លោក​បន្ត​ថា​៖ «​ការ​បិទ​ទ្វារ​រោង​ចក្រ​ជា​ការ​ប្រែ​ប្រួល​នៃ​និ​ន្នា​ការ​ធ្វើ​ពា​ណិជ្ជ​កម្ម​ រោង​ចក្រ​ទាំង​នោះ​បិទ​ឬ​បើក​ដំ​ណើរ​ការ​ឡើង​វិញ ​​ផ្អែក​លើ​កិច្ច​ព្រម​​ព្រៀង​ទិញ របស់​អ្នក​ទិញ ឬ​លំ​ហូរ​​ហិ​រញ្ញ​វ​ត្ថុ​របស់​ពួក​គេ​ វា​មិន​មែន​ជា​បញ្ហា​​​សេដ្ឋ​កិច្ច​របស់​កម្ពុជា​​ទេ»​។​

លោក​ លឹម​ ហេង​ អនុ​ប្រ​ធាន​ស​ភា​ពា​ណិជ្ជ​កម្ម​កម្ពុជា​យល់​ស្រប​នឹង​លោក អ៊ុំ ​សុថា​ ដោយ​ថ្លែង​ថា ការ​ប្រែ​ប្រួល​របស់​ឧ​ស្សាហ​កម្ម​នេះ នឹង​មិន​ជាប់​ពាក់​ព័ន្ធ​ជា​មួយ​នឹង​បញ្ហា​ EBA នោះ​ទេ​។​ ​

លោក​ថ្លែង​ថា​៖ «ជា​មួ​យ​គ្នា​នេះ​ដែរ​ EBA ​មិន​មែន​ជា​ការ​បារម្ភ​សម្រាប់​កំ​ណើន​របស់​ឧ​ស្សា​ហ​កម្ម​នេះ​ទេ​ ដោយ​សារ​​​យើង​​នៅ​តែ​មាន​ទី​ផ្សារ​​​ក្នុង​ដៃ​ ហើយ​នៅ​តែ​​រក​បាន​​ប្រាក់​ចំ​ណេញ​ ​ក្រុម​វិ​និ​យោ​គិន​នៅ​តែ​បន្ត​ជា​​មួយ​យើង​»​។​

នី​តិ​វិ​ធី​របស់​ EU ក្នុង​ការ​ដក​​កិច្ច​ព្រម​​ព្រៀង EBA ​ពី​កម្ពុជា​កំ​ពុង​ទាក់​ទាញ​​ការ​បា​រម្ភ​យ៉ាង​ខ្លាំង​​សម្រា​ប់​វិ​​ស័​យ​​ដែល​ជំ​រុញ​កំ​ណើន​សេដ្ឋ​កិច្ច​របស់​កម្ពុជា​​មួយ​នេះ។​ ​​កាល​ពី​សប្ដាហ៍​មុន​ ស​មា​គម​រោង​ចក្រ​កាត់​ដេរ​​នៅ​កម្ពុជា​​បាន​អំ​ពាវ​នាវ​ដល់​ EU កុំ​ឲ្យ​ EU ដក​ EBA។​

GMAC ​បាន​ឲ្យ​ដឹង​ថា​៖ «​ការ​ផ្អាក​បណ្ដោះ​​អា​សន្ន​នៃ​ EBA ឬ​ការ​ដាក់​ទណ្ឌ​​កម្ម​ដោយ​ឯក​តោ​ភា​គី​រយៈ​ពេល​ខ្លី​ណា​មួយ​ អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​អ​វិជ្ជ​មាន​រយៈ​ពេល​វែង​​លើ​ការ​រស់​នៅ​របស់​កម្ម​ករ​យើង​ និង​ក្រុ​ម​គ្រួ​សារ​របស់​ពួក​គេ​»​។​ ​

GMAC បាន​បន្ត​​ថា​៖ «​ការ​រីក​​ចម្រើន​ទាំង​អស់​ដែល​កម្ពុជា សម្រេ​ច​បាន​​ក្នុង​រយៈ​ពេល​​ ២ ទស​វត្សរ៍​កន្លង​មក​ តាម​រយៈ​​កិច្ច​ខិត​ខំ​​ប្រឹង​ប្រែង​របស់​ភា​គី​ពាក់​ព័ន្ធ​ទាំង​អស់​ ​រួម​ទាំង​​​ដៃ​គូ​អភិ​វឌ្ឍន៍​ដូច​ជា​ EU អាច​ត្រូវ​បាន​បំ​ផ្លាញ​យ៉ាង​រហ័ស​»​។​

របាយ​ការណ៍​​​ឲ្យ​ដឹង​ថា វិ​ស័យ​​កាត់​ដេរ​​​រក​ប្រាក់​​ចំ​ណូល​បាន ៥,​៣២ ​ពាន់​​លាន​ដុ​ល្លារ​ នៅ​រយៈ​ពេល​ ៨ ខែ​ដំ​បូង​​ឆ្នាំ​នេះ​កើន​ឡើង​ ១២ ​ភាគ​រយ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។​

EU ​គឺ​ជា​ទី​ផ្សារ​នាំ​ចេញ​ឈា​ន​មុខ​គេ​របស់​កម្ពុជា​ និង​ជា​អ​តិ​ថិ​ជន​ធំ​ជាង​គេ​សម្រាប់​​ការ​ផលិត​សម្លៀក​បំ​ពាក់ និង​​​ស្បែក​ជើង​។​ វិ​ស័យ​នេះ​បាន​ផ្ដល់​ការ​ងារ​ដល់​​កម្ម​ករ​ប្រ​ហែល​ ៧០០ ០០០ ​នាក់​ ឬ​ប្រ​ហែល​​ ៧,៥ ​ភាគ​រយ​នៃ​​កម្លាំ​ង​ពល​កម្ម​សរុប​។​

លោក ​អាត់​ ធន់ ​ប្រ​ធាន​ស​ហ​ភាព​ការ​ងារ​កម្ពុជា​ បាន​បញ្ជាក់​ថា​ EBA ​ជា​ការ​បា​រម្ភ​ដ៏​ធំ​មួយ​សម្រាប់​កម្ម​ករ​។​​​លោក​ថ្លែង​ថា​៖ «​ទោះ​បី​ជា​រដ្ឋា​ភិ​បាល​បញ្ជាក់​ថា​ ការ​បាត់​បង់ EBA មិន​មែន​ជា​ការ​បា​រម្ភ​ក៏​ដោយ​ ប៉ុ​ន្តែ​វា​នៅ​តែ​ជា​ការ​​បា​រម្ភ​ដ៏​ធំ​របស់​យើង​ លុះ​ត្រា​តែ​រដ្ឋា​ភិ​បាល​អាច​ធា​នា​សន្ដិ​សុខ​​ការ​ងារ​ និង​ប្រាក់​ខែ​សម្រាប់​កម្ម​ករ​ទាំង​អស់​»​។

លោក​បន្ថែម​ថា កំ​ណើន​​រោង​ចក្រ​ថ្មី ​ក្នុង​អំ​ឡុង​ពេល​នេះ​មិ​ន​ឆ្លុះ​បញ្ចាំង​ពី​​បញ្ហា​ពិត​នោះ​ទេ​។​ ​លោក​លើក​ឡើង​ថា​៖ «​វា​គឺ​ជា​ផ្នែក​មួយ​នៃ​ច​ល​នា​បើក​ឡើង​វិញ​របស់​​ក្រុម​វិ​និ​យោគ​ចាស់​ៗ [បន្ទាប់​ពី​ការ​បិទ​ទ្វារ​] ដូ​ច្នេះ​វា​​​មិន​មែន​ជា​កំ​ណើន​ដ៏​ធំ​សម្រាប់​ឧស្សា​ហ​កម្ម​នេះ​ទេ​»៕​LA