ភ្នំពេញៈ រោង​ចក្រ​លាង​សម្អាត ​និង​កម្ចាត់​មេ​រោគ​លើ​​ផ្លែ​ឈើ​ស្រស់​ តម្លៃ​ ១០ ​លាន​ដុ​ល្លា​រ​​​នៅ​ខេត្ត​កំ​ពង់​ស្ពឺ​ នឹង​ចាប់​ផ្ដើម​ដំ​ណើរ​ការ​​នៅ​ខែ​ធ្នូ ​ខាង​មុខ​នេះ​ដែល​នឹង​ផ្ដល់​អត្ថ​ប្រ​យោជន៍​ធំ​ដល់​កសិ​ករ​ ​ពិ​សេស​ក​សិ​ករ​ដាំ​ស្វាយ​។ ​នេះ​បើ​​តាម​អ្នក​នាំ​ពាក្យ​​ក្រ​សួង​​កសិ​កម្ម​​។​

រោង​ចក្រ​ ដែល​វិ​និ​យោ​គ​ដោយ​​ Hyundai Corporation Group ​របស់​​កូ​រ៉េ​ខាង​ត្បូង​ ស្ថិត​​លើ​ផ្ទៃ​ដី​ទំហំ​ ៣ ​ហិក​តា ​នៅ​ស្រុក​ ភ្នំ​ស្រួច​ ខេត្ត​ កំ​ពង់​ស្ពឺ​។​

រោង​ចក្រ​នេះ​ត្រូវ​បាន​កំណត់​លើក​មុន​ថា​ នឹង​បើក​ដំ​ណើរ​ការ​នៅ​ត្រឹម​ខែ​កញ្ញា​ ប៉ុ​ន្តែ​វា​ត្រូវ​បាន​ពន្យារ​ពេល​ដោយ​សារ​ការ​ធ្លាក់​ភ្លៀង​ច្រើន​ពេក​។ ​នេះ​បើ​​តាម​លោក Chang Hoon Le​e ​នា​យក​គ្រប់​គ្រង​​នៅ​ក្រុម​ហ៊ុន​ Hyundai។​

លោក​ថ្លែង​ថា​៖ «ដោយ​សារ​​​ភ្លៀង​ធ្លាក់​ខ្លាំង​ វា​ត្រូវ​បាន​ពន្យា​រពេល​ [ហើយ​]​ វា​នឹង​ត្រូវ​បាន​បញ្ចប់​ត្រឹម​ខែ​ធ្នូ​ ហើយ​យើង​កំ​ពុង​រង់​ចាំ​​ម៉ា​ស៊ីន ​VHT ​Machine​s​»​។​ លោក​បន្ថែម​ថា​នៅ​ខែ​​នេះ​ក្រុម​ហ៊ុន​នឹង​ចុះ​បញ្ជី​សម្រាប់​ការ​នាំ​ចេញ​​លើក​ដំ​បូង​របស់​ខ្លួន​ ដោយ​សហ​ការ​ជា​មួយ​អគ្គ​នាយក​ដ្ឋាន​​កសិ​កម្ម ​(GDA) របស់​ក្រ​សួង​កសិ​កម្ម​។​

លោក​ថ្លែង​ថា​៖ «​ក្រុម​អ្នក​បច្ចេក​ទេស​ជប៉ុន​នឹង​មក​កម្ពុជា​​ដើ​ម្បី​ដំ​ឡើង​ម៉ា​ស៊ីន​ VHT ​machines ​នៅ​សប្ដាហ៍​ក្រោយ​ ហើយ​​យើង​នឹង​​ទទួល​ការ​បណ្ដុះ​បណ្ដាល​ពី​ពួក​គេ​រយៈ​ពេល​ ១ ​ខែ​»​​។​

លោក​ឲ្យ​ដឹង​ថា ​ពេល​នោះ​ក្រុម​ហ៊ុន​​នឹង​អញ្ជើញ​ទី​ភ្នាក់​ងារ​ខាង​គុណ​ភាព​ផ្លែ​ឈើ និ​ង​សាច់​សត្វ​របស់​កូ​រ៉េ​មក​វាយ​តម្លៃ​ដើ​ម្បី​បញ្ជាក់​ពី​​គុណ​ភាព​​នាំ​ចេញ​ទៅ​ប្រ​ទេស​ កូរ៉េ​។​ ​លោក​ថ្លែ​ង​ថា​៖ «​បន្ទាប់​មក​ក្រុម​ហ៊ុន​នឹង​រៀប​ចំ​នី​តិ​វិ​ធី​​សុំ​វិញ្ញា​បន​បត្រ​បញ្ជាក់​ប្រ​ភព​ដើម​ (CO)​ ពី​ប្រ​ទេស​ កម្ពុជា​ ​និង​​​​ការ​បញ្ជាក់​ស្ដង់​ដារ​​អនា​ម័យ និង​ភូត​​គាម​អនា​ម័យ​ដើ​ម្បី​នាំ​ចេញ​តែ​ម្តង​​»​​។​

ក្រុម​ហ៊ុន​ Hyundai Corporation បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ ជា​មួយ​ Mao Legacy Co., Ltd ជា​​ក្រុម​ហ៊ុន​​ផលិត​ផ្លែ​ស្វាយ​​ក្នុង​ស្រុក​ កាល​ពី​ខែ​ វិច្ឆិ​កា ឆ្នាំ ២០១៦​ ហើយ​ក្រុម​ហ៊ុន​ទាំង​ ២ ​នេះ​​មាន​ចម្ការ​ស្វាយ​​រួម​គ្នា​ប្រហែល​ ២,៤០០ ហិក​តា​ នៅ​ខេត្ត​កំ​ពង់​ស្ពឺ​។ ក្រុម​ហ៊ុន​សង្ឃឹម​ថា នឹង​អាច​​កែ​ច្នៃ​​ផ្លែ​ឈើ​ ៥០,០០០ តោន​ប្រ​ចាំ​ឆ្នាំ​រួម​មាន​​ផ្លែ​ដូង និង​ផ្លែ​មង្ឃុត​ផង​ដែរ​។​

ក្រុម​ហ៊ុន ​Hyundai មាន​សា​ខា​ ៤៤ នៅ​ទូ​ទាំង​​ពិ​ភព​លោក​ និង​បណ្ដា​ញ​​ដ៏​រឹង​មាំ​សម្រាប់​ការ​នាំ​ចេញ​អា​ហារ​​មាន​គុណ​ភាព​ខ្ពស់​របស់​កម្ពុជា​។​

លោក​ Chang Hoon Lee ​ថ្លែង​ថា​៖ «​យើង​ទទួល​បាន​ការ​បញ្ជា​ទិញ​ផ្លែ​ស្វាយ​​ជាង​ ៦,០០០​ តោន​រួច​ហើយ​ ប៉ុន្តែ​យើង​​មិន​ប្រ​ញាប់​នោះ​ទេ​ រហូត​ដល់​យើង​ជឿ​ជាក់​ពិត​ប្រាកដ​ ដោយ​សារ​យើង​​ត្រូវ​តែ​ប្រ​កួត​ប្រ​ជែង​ជា​មួយ​​ផ្លែ​ស្វាយ​ថៃ និង​ហ្វី​លី​ពីន​»​។​

ទិន្ន​ន័យ​របស់​ក្រ​សួង​កសិ​កម្ម​បង្ហាញ​ថា ​ប្រ​ទេស​ កម្ពុជា ​បាន​នាំ​ចេញ​​​ផ្លែ​ស្វាយ​ ៧៧,​៤២១ តោន​​កាល​​ពី​ឆ្នាំ ២០១៧ ​កើន​ឡើង​ជិត​ ៣ ​ដង​​ធៀប​នឹង​ ២២,១១៤ តោន​​ពី​ឆ្នាំ ២០១៦។ របាយ​ការណ៍​បង្ហាញ​ថា​ ការ​ដាំ​ដុះ​ស្វាយ​មាន​ចំ​នួន ១៥១-៦០២ ហិក​តា​កាល​ពី​ឆ្នាំ​មុន​។​

លោក ​ស្រី វុ​ឌ្ឍី អ្នក​នាំ​ពាក្យ​​ក្រ​សួង​កសិ​កម្ម​បាន​ឲ្យ​ដឹង​ថា ​ជា​មួយ​នឹង​វត្ត​មាន​រោង​ចក្រ​នេះ វា​នឹង​ជួយ​ធា​នា​ទី​ផ្សារ​កសិ​ករ​ ​និង​បន្ថែម​តម្លៃ​សម្រាប់​វិ​ស័យ​នេះ​។ ​

លោ​ក​ថ្លែង​ថា​៖ «​​យើង​​មិន​អាច​នាំ​ចេញ​ផ្លែ​ឈើ​ស្រស់​របស់​យើង​​បាន​ទេ ​ដោយ​សារ​​វា​​មាន​ឧបស​គ្គ ​យើង​ចាំ​បាច់​ត្រូវ​ការ​នាំ​ចេញ​ទៅ​បណ្ដា​​ប្រ​ទេស​ផ្សេង​ទៀត​ ដូច​ជា​ ចិន​ កូ​រ៉េ ​និង​ជប៉ុន​»​។ ​

លោក​បន្ត​ថា​៖ «​នៅ​ពេល​​រោង​ចក្រ​នេះ​ចាប់​ផ្ដើម​ដំ​ណើរ​ការ​ ​មាន​ទិស​ដៅ​ទី​ផ្សារ​មាន​សក្ដា​នុ​ពល​​ជា​ច្រើន​ សម្រាប់​ផ្លែ​ឈើ​របស់​យើង​ កសិ​ករ​នឹង​លែង​បារម្ភ​អំពី​ទី​ផ្សារ​ និង​តម្លៃ​ទៀត​ហើយ​»​។​

លោក​ អិុ​ន ​ឆៃ​វ៉ាន​ ប្រ​ធាន​សមា​គម​ស្វាយ​កំ​ពង់​ស្ពឺ​ សង្ឃឹម​ថា ​ផ្លែ​ស្វាយ​កម្ពុជា​នឹង​មើល​ឃើញ​​ពី​ការ​នាំ​ចេញ​ជា​ផ្លូវ​ការ​​ជា​ជាង​​ការ​រត់​ពន្ធ​ទៅ​វៀត​ណាម ឬ​ថៃ​។​ ​

លោក​បញ្ជាក់​ថា​៖ «​វា​នឹង​នាំ​យក​កេរ្ដិ៍​ឈ្មោះ​​ផ្លែ​ស្វាយ​កម្ពុជា​ ទៅ​​ទី​ផ្សារ​អន្តរ​ជាតិ ​តម្លៃ​ផ្លែ​ស្វាយ​នឹង​មិន​​ប្រែ​​ប្រួល​ច្រើន​​ទៀត​នោះ​ទេ​ កសិករ​​នឹង​​​អាច​បន្ថែម​តម្លៃ​លើ​ផ្លែ​ស្វាយ​របស់​ពួក​គេ​ ពេល​​រោង​ចក្រ​ដំ​ណើរ​ការ​​»៕​LA