ក្រុងវ៉ាស៊ីនតោនៈ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ កំពុង​សួរ​ទីប្រឹក្សា​របស់​ថា តើ​វា​មាន​លទ្ធភាព​សម្រាប់​អាមេរិក​ក្នុង​ការទិញ​យក​ក្រោះហ្គីនលែន (Greenland) ដែរ​ឬ​ទេ​។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​។

កាសែត Wall Street Journal បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន ដែល​លើក​ឡើង​ប្រភព​ដឹង​ពី​ការពិភាក្សា​នេះ​ថា​លោក ត្រាំ បាន​បង្ហាញ​ចំណាប់​អារម្មណ៍​លើ​កោះ​ស្វ័យគ្រប់គ្រង Greenland ដែល​ដែនដី​របស់​ប្រទេស​ដាណឺម៉ាក​។ កោះ​នេះ​ភាគច្រើន​ត្រូវ​បាន​គ្របដណ្ដប់​ដោយ​ទឹកកក​។ លោក ត្រាំ បាន​សួរ​ទីប្រឹក្សា​របស់​លោក​ថា តើ​វា​មាន​លទ្ធភាព​សម្រាប់​អាមេរិក ក្នុង​ការទិញ​ដែនដី​នេះ​ដែរ​ឬ​ទេ​?

កាសែត​នេះ​បាន​រាយការណ៍​ថា លោក ត្រាំ មាន​ភាព​អន្ទះសា​ចង់ដឹង​ពី​ធនធាន​ធម្មជាតិ និង​ភាព​ពាក់ព័ន្ធ​ភូមិសាស្ដ្រ​នយោបាយ​របស់​កោះ​នេះ​។

កោះ Greenland គឺជា​តំបន់​ស្វ័យគ្រប់គ្រង​មួយ​របស់​ដាណឺម៉ាក​ដែល​ធ្វើ​អាណានិគម​លើ​កោះ​ទំហំ ៧៧២- ០០០ ម៉ែត្រ​ម៉ាយល៍ (២ លាន​គីឡូម៉ែត្រ​ការ៉) នេះ​កាលពី​សតវត្សរ៍​ទី ១៨ និង​ជា​កន្លែង​រស់នៅ​របស់​ប្រជាជន​រស់នៅ​ជិត​ ៥៧ ០០០ ​នាក់​ដែល​ភាគច្រើន​ជនជាតិ​ដើម Inuit​។

មិន​មាន​ការអត្ថាធិប្បាយ​ជា​ផ្លូវការ​ពី​សេតវិមាន​នោះ​ទេ ហើយ​ស្ថានទូត​ដាណឺម៉ាក​ប្រចាំ​នៅ​ទីក្រុង​វ៉ាស៊ីនតោន មិន​បាន​ឆ្លើយតប​ភា្លមៗ​ទៅ​នឹង​ការស្នើសុំ​អត្ថាធិប្បាយ​របស់​ទីភ្នាក់ងារ​ព័ត៌ AFP នោះ​ដែរ​។

កាសែត Wall Street Journal ឲ្យ​ដឹង​ថា​ទីប្រឹក្សា​របស់​លោក ត្រាំ មួយ​ចំនួន​បាន​ឲ្យ​ដឹងថា ការទិញ​កោះ Greenland ដែល​ស្ថិត​នៅ​ភាគ​ឦសាន្ត​របស់​ប្រទេស​កាណាដា​អាច​ល្អ​សម្រាប់​អាមេរិក ខណៈ​ដែល​ទីប្រឹក្សា​ផ្សេង​ទៀត​បាន​ហៅ​វា​ថា​គ្រាន់​តែ​ជា «​ការចាប់អារម្មណ៍​មួយ​ឆាវ​» របស់​ប្រធានាធិបតី​តែប៉ុណ្ណោះ​។

កាសែត Wall Street Journal បាន​រាយការណ៍​ថា អ្នក​ផ្សេងទៀត​នៅ​ក្រៅ​សេតវិមាន​និយាយ​ថា​ចំណាប់​អារម្មណ៍​របស់​លោក ត្រាំ អាច​ជា​បំណងប្រាថ្នា​ក្នុងការ​ទទួល​បាន​សមិទ្ធផល​កេរដំណែល​មួយ ហើយ​ក្រុម​ទីប្រឹក្សា​របស់​លោក​ឆ្ងល់​អំពី​លទ្ធភាព​សម្រាប់​ការស្រាវជ្រាវ ឬ​ឥទ្ធិពល​យោធា​កាន់តែ​ខ្លាំង​សម្រាប់​អាមេរិក​។

មូលដ្ឋាន​យោធា Thule Air Base របស់​អាមេរិក​ដែល​ស្ថិត​នៅ​ចុង​ភាគ​ខាងជើង​កោះ Greenland របស់​អាមេរិក​ត្រូវ​បាន​ដាក់​ទីតាំង​នៅលើ​កោះ​នេះ​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មក​ហើយ​។

ប៉ុន្តែ Greenland មិន​ល្អ​ដូច​ឈ្មោះ​ខ្លួន​ថា​ជា «​ដី​បៃតង​» ទេ ដោយសារ ៨៥ ភាគរយ​គ្របដណ្ដប់​ដោយ​ផ្ទាំង​ទឹកកក​កម្រាស់ ៣ គីឡូម៉ែត្រ​) ដែល​មាន ១០ ភាគរយ​នៃ​ទឹកសាប​របស់​ពិភពលោក​ហើយ​កំពុង​រលាយ​ដែល​អាច​ពន្លិច​តំបន់​ឆ្នេរ​ពិភពលោក​៕ LA