ក្រុងវ៉ាស៊ីនតោនៈ លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ កាលពី​ថ្ងៃ​អង្គារ​បាន​ព្រមាន​ទីក្រុង​ប៉េកាំង​កុំ​ឲ្យ​អូសបន្លាយ​ពេល​ក្នុង​ការចរចា​ពាណិជ្ជកម្ម ដោយ​សង្ឃឹម​ថា​នឹង​ទទួលបាន​កិច្ចព្រមព្រៀង​ប្រសើរ​ជាង​នេះ ប្រសិនបើ​លោក​មិន​ឈ្នះឆ្នោត​ធ្វើ​ជា​ប្រធានាធិបតី​អាមេរិក​នៅ​អាណត្តិ​ទី​ ២ ក្នុងការ​បោះឆ្នោត​នៅ​ឆ្នាំក្រោយ​។

ការចរចា​គ្រោង​នឹង​បន្តធ្វើ​ឡើងវិញ​នៅ​ខែ​នេះ បន្ទាប់ពី​មាន​ការធ្លាក់ចុះ​ខ្លាំង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រយៈពេល​មួយ​នេះ​កាលពី​ខែសីហា​។

ការដកហូត​ពន្ធគយ​របស់​អាមេរិក​ទៅលើ​ទំនិញ​នាំចូល​ពី​ចិន​បាន​កើនឡើង​នៅ​ចុង​សប្តាហ៍​មុន​។

លោក ត្រាំ បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម Twitter ថា​៖ «​យើង​កំពុង​ធ្វើការងារ​បាន​យ៉ាង​ល្អ​ក្នុង​ការចរចា​របស់​យើង​ជាមួយ​ប្រទេស​ចិន​»​។ លោក​អះអាង​ថា​សេដ្ឋកិច្ច​ដែល​កំពុង​ធ្លាក់ចុះ​របស់​ប្រទេស​ចិន​មិន​អាច​ទ្រាំទ្រ​មិន​ស្វែងរក​ដំណោះស្រាយ​បានយូរ​ទេ​។

លោក​ថ្លែងថា​៖ «​ខណៈ​ដែល​ខ្ញុំ​ប្រាកដថា ពួកគេ​នឹង​ចង់​ដោះស្រាយ​បញ្ហា​ជាមួយ​រដ្ឋាភិបាល​អាមេរិក​ថ្មី​... រយៈពេល ១៦ ​ខែ​ជាង​ទៀត គឺជា​ពេល​ដ៏វែង​មួយ​ដែល​ត្រូវ​រង​ការឈឺចាប់​ចំពោះ​ការងារ និង​ក្រុមហ៊ុន​»​។

លោក​បន្តថា​៖ «​ហើយ​នៅពេល​នោះ​ខ្ញុំ​គិតថា តើ​អ្វី​នឹង​កើតឡើង​ចំពោះ​ប្រទេស​ចិន​នៅពេល​ខ្ញុំ​ឈ្នះឆ្នោត​? នោះ​គឺ​កិច្ចព្រមព្រៀង​នឹង​កាន់តែ​តានតឹង​ខ្លាំង​ជាង​នេះ​!»​។

ទន្ទឹមនឹង​នេះដែរ ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គារ​ថា ព្រឹទ្ធសមាជិក​លោក Senators Steve និង​លោក David Perdue បាន​ជួប​ឧបនាយករដ្ឋមន្ត្រី​ចិន​លោក Liu He ដែលជា​មេដឹកនាំ​ក្រុម​ការងារ​ចរចា​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​នៅក្នុង​ទីក្រុង​ប៉េកាំង​​ដំណឹង​នេះ​កើត​មាន​ឡើង​បន្ទាប់ពី​មានការ​លើក​ឡើង​ថា កិច្ចប្រឹងប្រែង​ដើម្បី​ធ្វើឲ្យ​ការចរចា​ពាណិជ្ជកម្ម​ងាក​មករក​ការចរចា​វិញ​អាច​មិនមាន​ភាពច្បាស់លាស់​។

ក្រុមមន្ត្រី​អាមេរិក និង​ចិន​កំពុង​មាន​ភាពលំបាក​ក្នុង​ការរៀបចំ​ពេលវេលា​មួយ​ដើម្បី​ជួបគ្នា​ពិភាក្សាគ្នា បន្ទាប់ពី​ទីក្រុង​វ៉ាស៊ីនតោន​បាន​ច្រានចោល​ការទាមទារ​របស់​ទីក្រុង​ប៉េកាំង​ឲ្យ​ផ្អាក​ការដំឡើង​ពន្ធគយ​ជុំ​ចុងក្រោយ​បំផុត​កាលពី​ចុង​សប្តាហ៍​មុន​។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Bloomberg៕ KC