ក្រុង​ញូវយ៉កៈ ការ​កើន​ឡើង​ជម្លោះ​ពាណិជ្ជកម្ម​រវាង​អាមេរិក​ ​និង​​​ចិន នឹង​ជំរុញ​ឲ្យ​មាន​ផល​​ប៉ះពាល់​អវិជ្ជមាន​លើ​ពាណិជ្ជកម្ម​ពិភព​លោក និង​សេដ្ឋកិច្ច​របស់​អាមេរិក។ នេះ​បើ​យោង​តាម​​អតីត​មន្ត្រី​ជាន់​ខ្ពស់​​អាមេរិក ​២ ​រូប។

លោក Jacob Lew អតីត​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​​ចាប់​​ពី​ឆ្នាំ​ ២០១៣ ដល់​ឆ្នាំ ២០១៧ ​ថ្លែង​ថា ជម្លោះ​ពាណិជ្ជកម្ម​ដែល​កាន់​តែ​អាក្រក់​​ឡើង​រវាង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​​​ធំ​ទាំង ​២ ​នេះ នឹង​បង្ក​ឲ្យ​មាន​ការ​​អាក់​ខាន​ដល់​ចង្វាក់​​ផ្គង់ផ្គង់​ពិភព​លោក ព្រម​ទាំង​សមត្ថភាព​​របស់​ប្រទេស​ទាំង ​២ ​​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ផង​ដែរ។

ក្នុង​កម្មវិធី​ពិភាក្សា​នា​ពេល​ថ្មីៗ​មួយ​ក្នុង​ទីក្រុង​ញូវយ៉ក លោក Lew ​មាន​ប្រសាសន៍​ថា៖ «ហើយ​បន្ទាប់​មក វា [សង្គ្រាម​ពាណិជ្ជកម្ម] រាលដាល​​ទៅ​ជា​ហានិភ័យ​ភូមិ​សាស្រ្ត​​នយោបាយ ដែល​នឹង​បង្កើត​ឲ្យ​មាន​ភាព​មិន​ប្រាកដប្រជា។ ភាព​មិន​ប្រាកដប្រជា​មិនមែន​ជា​គ្រឿង​ផ្សំ​ដ៏​ធំ​មួយ​ក្នុង​ការ​ស្ទុះ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​អាមេរិក​ដែល​មាន​រយៈពេល ១០ ឆ្នាំ​» ពី​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ ២០០៨ នោះ​ទេ។

លោក Lew ដែល​បច្ចុប្បន្ន ​គឺ​ជា​ដៃគូ​ម្នាក់​ប្រចាំ​ក្រុមហ៊ុន​មូលនិធិ​វិនិយោគ​ឯកជន​របស់​អាមេរិក កត់​សម្គាល់​ថា ​អាមេ-រិក​ទទួល​បាន​អត្ថ​ប្រយោជន៍​ដ៏​ច្រើន​ពី​​នាម​ជា​អ្នក​បោះ​ផ្សាយ​​រូបិយប័ណ្ណ​បម្រុង​​ពិភព​លោក និង​ជា​មជ្ឈមណ្ឌល​ធនាគារ​ពិភព​លោក​អស់​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ។

លោក​​បាន​បន្ថែម​ថា លោក​ជឿ​ថា ការ​ដំឡើង​ពន្ធ និង​ការ​ដាក់​ទណ្ឌកម្ម​ជា​ឯកតោ​ភាគី​របស់​ ទីក្រុង​វ៉ាស៊ីនតោន «បាន​បង្កើត​ភ្លើង​លឿង​​​​​ជុំវិញ​ពិភព​លោក​​ដែល​កំពុង​បង្ក​ឲ្យ​មនុស្ស​មាន​ភាព​ប្រុងប្រយ័ត្ន​​ក្នុង​ការ​ធ្វើ​អាជីវកម្ម​» នៅ​អាមេរិក។

លោក​ថ្លែងថា ផល​វិបាក​នឹង​កើត​មាន​លើស​ពី​ថា​តើ​ផលិតផល​​ក្នុង​ស្រុក​សរុប​នឹង​បាត់បង់​ប៉ុន្មាន​ភាគរយ។ លោក​​​ថា៖ «ខ្ញុំ​គិត​ថា ហានិភ័យ​រយៈពេល​វែង​ចំពោះ​សេដ្ឋកិច្ច​អាមេរិក​​​មាន​ទំហំ​ធំ ​និង​ខ្លាំង​គួរ​សម»។

លោក Donald Kohn ដែល​​​ធ្លាប់​បម្រើ​ការងារ​​ក្នុង​ធនាគារ​កណ្តាល​អាមេរិក​អស់​រយៈពេល ៤០ ឆ្នាំ​ បាន​ឲ្យ​ដឹង​ថា ទីផ្សារ​ភាគហ៊ុន​ និង​ទីផ្សារ​ហិរញ្ញវត្ថុ​ពិភព​លោក នឹង​រង​គ្រោះ​ពី​ភាព​ចលាចល​ណា​មួយ​ក្នុង​ទំនាក់​ទំនង​ពាណិជ្ជកម្ម​រវាង​អាមេរិក ​និង​ចិន។

លោកថា អាមេរិក​​មាន​ឱនភាព​​ពាណិជ្ជកម្ម​​ព្រោះ​ប្រទេស​នេះ​ចំណាយ​ច្រើន​ជាង​ផលិត ហើយ​អាមេរិក​នាំចូល​ទំនិញ​ដើម្បី​បំពេញ​ទៅ​តាម​ការ​ចំណាយ ដែល​ទំនិញ​ទាំង​នោះ​មិន​ផលិត​​​​​ក្នុង​ស្រុក៕ People''s Daily/KC