ក្រុងវ៉ាស៊ីនតោនៈ ជា​ផ្នែក​មួយ​នៃ​ការ​សន្យា​ «​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​ក្លាយ​ជា​ប្រទេស​​ដ៏អស្ចារ្យ​ម្តង​ទៀត​» លោក​ប្រធានាធិបតី ដូណាល់ ត្រាំ និង​សមាជិកសភា​មកពី​គណបក្ស​សាធារណរដ្ឋ​កំពុង​ព្យាយាម​ដាក់​ចេញ​នូវ​វិធានការ​ជំរុញ​សេដ្ឋកិច្ច​យ៉ាង​តក់ក្រហល់ ហើយ​ស្រប​ពេល​គ្នា​នោះ​ដែរ​បាន​កាត់​បន្ថយពន្ធ​សាជីវកម្ម​។

ក្រុម​អ្នក​វិភាគ​ថវិកា​បាន​ឲ្យ​ដឹង​ថា លទ្ធផល​ទំនង​ជា​នឹង​បង្កើន​បំណុល និង​ឱនភាព​ថវិកា​ចំពោះ​ប្រទេស​ដែល​ខ្ចីប្រាក់​ច្រើន​ជាង​គេ​របស់​ពិភពលោក​មួយ​នេះ​។

ឱនភាព​ដែល​កំពុង​កើនឡើង

ឱនភាព​ថវិកា​របស់​អាមេរិក​បាន​ស្ថិត​នៅ​លើ​ផ្លូវ​ឆ្ពោះ​ទៅ​រក​ការ​កើនឡើង​រួច​ទៅ​ហើយ ដោយសារ​ប្រជាជន​មាន​វ័យ​កាន់​តែ​ចាស់ និង​កំណើន​ការ​ចំណាយ​ផ្នែក​សុខាភិបាល​។ តែ​បច្ចុប្បន្ន​ឱនភាព​នេះ​អាច​នឹង​ថយ​ចុះ​មក​វិញ​។

បន្ទាប់ពី​ការ​កាត់បន្ថយ​អត្រាពន្ធ​ខ្លាំង​កាលពី​ខែធ្នូ ដែល​ត្រូវ​បាន​គេ​រំពឹង​ថា​អាច​នឹង​កាត់បន្ថយ​ប្រាក់​ចំណូល​របស់​រដ្ឋាភិបាល​សហព័ន្ធ​ចំនួន ១,៥ ​ពាន់​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​ ១០ ​ឆ្នាំ​ខាង​មុខ​នោះ ច្បាប់​ថវិកា​ដែល​លោក ត្រាំ បាន​ចុះ​ហត្ថលេខា​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​នោះ ស្នើសុំ​ថវិកា​ចំណាយ​ផ្នែក​វិស័យ​ការពារ​ជាតិ​បន្ថែម ៣០០ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​ ២ ​ឆ្នាំ​។

សេតវិមាន និង​សមាជិកសភា​សហរដ្ឋអាមេរិក​ក៏​បាន​រៀបចំ​ផែនការ​ថវិកា​ចំនួន ១,៥ ​ពាន់​ពាន់​លាន​ដុល្លារ​ផង​ដែរ ដើម្បី​ធ្វើការ​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​មួយ​នេះ ដោយ​អាច​ប្រើប្រាស់​មូលនិធិ​របស់​អ្នក​ជាប់​ពន្ធ​ចំនួន​រាប់ពាន់​លាន​ដុល្លារ ដើម្បី​ចូលរួម​ចំណែក​ក្នុង​គម្រោង​ភាព​ជា​ដៃគូ​សាធារណៈ និង​ឯកជន​មួយ​ដែល​អាច​នឹង​កើត​មានឡើង​។

អតីត​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា បាន​ធ្វើ​កិច្ចការ​ដើម្បី​កាត់បន្ថយ​ឱនភាព​នេះ បន្ទាប់ពី​ការ​ចំណាយ​លើ​ការ​សង្គ្រោះ​បន្ទាន់ បន្ទាប់ពី​វិបត្តិ​ធំៗ​ក្នុង​ចន្លោះ​ឆ្នាំ ២០០៨-២០១០ ដោយ​បាន​ទម្លាក់​ឱនភាព​ពី ៩,៨ ​ភាគរយ​នៃ ផ.ស.ស កាលពី​ឆ្នាំ​ ២០០៩ មក​នៅត្រឹម ២,៤ ​ភាគរយ​នៅ​ឆ្នាំ​ ២០១៥ ​។

យោង​តាម​គណៈកម្មាធិការ​ទទួល​បន្ទុក​គម្រោង​ថវិកា​សហព័ន្ធ​ដោយ​ការ​ទទួល​ខុសត្រូវ (CRFB) បាន​ឲ្យ​ដឹង​ថា ដោយ​បាន​កើនឡើង​ដល់ ៦៦៦ ​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​សារពើពន្ធ ២០១៧ ឱនភាព​អាច​នឹង​កើនឡើង​ដល់ ១ ​ពាន់​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ​២០១៩​។

បំណុល និង​វិនិយោគិន

ដោយ​មាន​បំណុល​ជាង ២០ ​ពាន់​ពាន់​លាន​ដុល្លារ ឬ​ច្រើន​ជាង ផ.ស.ស ប្រចាំ​ឆ្នាំ​បំណុល​របស់​សហរដ្ឋ​អាមេរិក​មាន​កម្រិត​ខ្ពស់​បំផុត​រួច​ទៅ​ហើយ​គិត​ចាប់​តាំងពី​សង្គ្រាម​លោក​លើក​ទី​ ២ ​មក​។

យោង​តាម​ក្រុមហ៊ុន JPMorgan Chase ការ​ខ្ចីប្រាក់​របស់​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​នឹង​កើនឡើង​ក្នុង​ឆ្នាំ​សារពើពន្ធ​ ២០១៨ នេះ ដល់ ១,៤ ​ពាន់​ពាន់​លាន​ដុល្លារ​ធៀប​នឹង​ចំនួន ៥៥០ ​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៧ ពោល​គឺ​កើនឡើង​ជិត​ ៣ ​ដង​។

លោក William Dudley ប្រធាន​ធនាគារ​កណ្តាល​ក្រុង​ញូវយ៉ក​បាន​ឲ្យ​ដឹង​កាលពី​​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​ថា ឱនភាព​ដែល​កំពុង​កើនឡើង​ខ្លាំង​បែប​នេះ​អាច​ជំរុញ​ទិន្នផល (​អត្រា​ការប្រាក់​) លើ​បំណុល​របស់​រដ្ឋាភិបាល ដូច្នេះ​វា​នឹង​បង្កើន​ចំណាយ​ការប្រាក់​សម្រាប់​រដ្ឋាភិបាល​សហព័ន្ធ​។

យោង​តាម​ការិយាល័យ​ថវិកា​សភា​របស់​អាមេរិក​បាន​ឲ្យ​ដឹង​ថា សូម្បី​តែ​មុន​ពេល​រាប់​បញ្ចូល​នូវ​កម្ចី​ថ្មី អត្រា​ការប្រាក់​ដែល​កំពុង​កើនឡើង អាច​បង្ហាញ​ថា ការ​ចំណាយ​លើ​ការ​ខ្ចីប្រាក់​របស់​អាមេរិក​អាច​នឹង​កើនឡើង​ទ្វេដង​ក្នុង​រយៈពេល​ ១០ ​ឆ្នាំ​ខាង​មុខ​នេះ​។

ការ​ប្រែក្រឡាស់​របស់​គណបក្ស​សាធារណរដ្ឋ

ពាក្យ​មួយ​ចំនួន​ដូចជា «​មាត់ជ្រោះ​សារពើពន្ធ (​ស្ថានភាព​អាក្រក់​ខាង​ផ្នែក​ថវិកា​)» និង «​ការ​កំណត់​ការ​ចំណាយ​ថវិកា (​ការដាក់​កម្រិត​ការ​ចំណាយ​របស់​រដ្ឋាភិបាល​)» ដែល​ជា​ពាក្យ​គេ​ប្រើប្រាស់​ញឹកញាប់​នៅ​ក្នុង​សម័យកាល​ទ្រឹស្តី​ថវិកា​របស់​គណបក្ស​សាធារណរដ្ឋ មុន​ការ​បោះឆ្នោត​របស់​លោក ត្រាំ មិន​ត្រូវ​បាន​គេ​យក​មក​ប្រើ​ទៀត​នោះ​ទេ​នៅ​ពេល​នេះ​។

ចលនា​នៃ​ទប់ស្កាត់​សារពើពន្ធ​ដែល​បាន​ជំរុញ​ឲ្យ​មាន​កំណើន​គាំទ្រ​ដល់​គណបក្ស Tea បន្ទាប់ពី​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា បាន​ឡើង​កាន់​តំណែង​ក្នុង​ឆ្នាំ​ ២០០៩ នោះ​ទំនង​ជា​បន្ត​កើត​មាន​ក្នុង​ចំណោម​អ្នក​ជំទាស់​មួយ​ចំនួន​នៅ​ក្នុង​ក្រុម​សំឡេង​ភាគច្រើន​របស់​គណបក្ស​សាធារណរដ្ឋ​។

លោក Paul Ryan ប្រធាន​សភា​ជាន់​ទាប​សហរដ្ឋ​អាមេរិក​បាន​សាទរ​ចំពោះ​ការ​កាត់​បន្ថយ​ពន្ធ​កាលពី​ខែ​ធ្នូ​ដោយ​បាន​កោត​សរសើរ​ដល់ «​ភាព​ជា​អ្នក​ដឹកនាំ​ប្រធានាធិបតី​ដ៏ល្អ​បំផុត​» ​របស់​លោក ត្រាំ​។

ការ​កោតសរសើរ​នោះ​ផ្ទុយ​ខ្លាំង​ពី​ការ​រំឭក​របស់​លោក​ក្នុង​ឆ្នាំ​ ២០១២ ថា គោលនយោបាយ​សារពើពន្ធ​របស់​លោក អូបាម៉ា នឹង​ជំរុញ​ឲ្យ​មាន «​កំណើន​បំណុល​»​។

តើ​ន​រណា​នឹង​សង​បំណុល​ទាំង​នេះ​?

សេតវិមាន និង​លោក Steven Mnuchin រដ្ឋមន្ត្រី​ក្រសួង​រតនាគារ​សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹង​ថា​ការ​កាត់បន្ថយ​ពន្ធ​កាលពី​ខែ​ធ្នូ​នឹង​ជួយ​ចំណាយ​ត្រឡប់​មក​ខ្លួនឯង​វិញ​។

លោក Mnuchin បាន​លើកឡើង​ថា កំណើន​សេដ្ឋកិច្ច​ដែល​កំពុង​កើនឡើង​នេះ នឹង​ជួយ​ប៉ះប៉ូវ​ការ​ធ្លាក់​ចុះ​ប្រាក់​ចំណូល​ដែល​កំពុង​ធ្លាក់​ចុះ​របស់​រដ្ឋាភិបាល​អាមេរិក​។

សមាជិក​សភា​មកពី​គណបក្ស​ប្រជាធិបតេយ្យ​បាន​រំឭក​ថា បំណុល​រដ្ឋាភិបាល​ដែល​កំពុង​កើនឡើង​នេះ​គឺជា​​ «​គ្រាប់បែក​កំណត់​ម៉ោង​មួយ​»​។ ការ​លើក​ឡើង​នេះ​មាន​នៅក្នុង​ពាក្យ​សម្តី​របស់​លោក Jack Lew អតីត​រដ្ឋមន្ត្រី​ក្រសួង​រតនាគារ​សហរដ្ឋអាមេរិក​។

លោក Lew បាន​ឲ្យ​ដឹង​កាលពី​ខែ​មុន​នេះ​ថា​៖ «​ស្បែកជើង​បន្ទាប់​ដែល​ជ្រុះ​នឹង​ក្លាយ​ជា​ការ​វាយប្រហារ​មួយ​លើ​ពលរដ្ឋ​ងាយ​រងគ្រោះ​ខ្លាំង​ក្នុង​សង្គម​របស់​យើង​»​។

លោក​បន្ថែម​ថា​៖ «​យើង​នឹង​មើល​ឃើញ​សំណើ​មួយ​ចំនួន​សុំ​កាត់​បន្ថយ​ធានារ៉ាប់រង​សុខភាព​សម្រាប់​ពលរដ្ឋ​ក្រីក្រ សុំ​ដក​ជំនួយ​ស្បៀងអាហារ​មូលដ្ឋាន​ចេញ​ពី​ពលរដ្ឋ​ក្រីក្រ វាយប្រហារ​គោលនយោបាយ​សុខាភិបាល Medicare និង​សន្តិសុខ​សង្គម​»៕ BP