ហុងកុងៈ ក្រុម​វិនិយោគិន​អាស៊ី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​សាទរ​ការសម្រេចចិត្ត​របស់​លោក ដូណាល់ ត្រាំ ក្នុង​ការពន្យារពេល​ការបង្កើន​ពន្ធ​នាំ​ចូល​លើ​ទំនិញ​របស់​ចិន និង​សេចក្ដី​ប្រកាស​របស់​ទីក្រុង​ប៉េកាំង​ក្នុងការ​ដកចេញ​ទំនិញ​អាមេរិក​មួយចំនួន​ពី​បញ្ជី​ពន្ធ​នាំចូល​របស់ខ្លួន​។

ការផ្លាស់ប្តូរ​នេះ​ផ្ដល់​សញ្ញា​ពី​ការបន្ធូរបន្ថយ​ភាព​តានតឹង​រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទាំង​ ២ មុនពេល​កិច្ចប្រជុំ​មួយ​របស់​ក្រុម​អ្នកចរចា​កម្រិត​ខ្ពស់​នៅ​ខែក្រោយ​។

ពួកគេ​ក៏បាន​ផ្ដល់​ការលើក​ទឹកចិត្ត​បន្ថែម​សម្រាប់​ក្រុម​វិនិយោគិន ខណៈ​ពួកគេ​រង់ចាំ​សេចក្ដី​ប្រកាស​សំខាន់ៗ​ពី​អាមេរិក និង​ធនាគារ​កណ្ដាល​អឺរ៉ុប​ដែល​ត្រូវបាន​រំពឹងថា នឹង​មើលឃើញ​ការបន្ធូរបន្ថយ​បន្ថែមទៀត​នៃ​គោលនយោបាយ​រូបិយវត្ថុ​។

នៅលើ​ Twitter កាលពី​រាត្រី​ថ្ងៃ​ពុធ​លោក​ ​ត្រាំ បាន​ឲ្យ​ដឹងថា​៖ «​យើង​បាន​យល់ស្រប​ចំពោះ​កាយវិការ​មួយ​នៃ​សុ​ឆន្ទៈ​ក្នុង​ការដកចេញ​ផែនការ​ការបង្កើន​ពន្ធ​នាំចូល​លើ​ទំនិញ​មាន​តម្លៃ​ ២៥០ ​ពាន់​លាន​ដុល្លារ (២៥ ​ភាគរយ​ដល់​ ៣០ ​ភាគរយ​) ចាប់ពី​ថ្ងៃទី​ ១ ខែ​តុលា​ដល់​ថ្ងៃទី​ ១៥ ខែតុលា​»​។

លោក​បន្ថែម​ថា​ការពន្យារ​ពេលនេះ​ត្រូវបាន​ស្នើឡើង​ដោយ «​លោក Liu He ឧបនាយក​រដ្ឋមន្ដ្រី​របស់​ប្រទេស​ចិន និង​ដោយសារ​ការពិត​ដែល​ថា សាធារណរដ្ឋ​ប្រជាមានិត​ចិន​នឹង​ប្រារព្ធ​ខួប​លើក​ទី​ ៧០ ​របស់​ពួកគេ​» នៅ​ថ្ងៃទី​១ ខែ​តុលា​។

ប្រទេស​ចិន​បាន​ឲ្យ​ដឹងថា ខ្លួន​នឹង​លើកលែង​ជា​បណ្ដោះអាសន្ន​លើ​ទំនិញ​អាមេរិក​ ១៦ ​ប្រភេទ​ពី​ការបង្កើន​ជា​ការផ្សះផ្សា​មួយ​ដល់​ទីក្រុង​វ៉ាស៊ីនតោន មុន​ពេល​ការចរចា​ធ្វើ​ឡើង​ដែល​លោក ដូណាល់ ត្រាំ បាន​ហៅថា​ជា​ «​ការផ្លាស់ប្តូរ​ដ៏ធំ​មួយ​»​។

ការបង្ហាញ​ការផ្សះផ្សា​កាន់តែ​ច្រើន​ពី​ភាគី​ទាំង​ ២ បន្ទាប់ពី​ការគុំកួន​គ្នា​រយៈពេល​ជាច្រើន​ខែ​បាន​ជំរុញ​ឲ្យ​មាន​ក្ដីសង្ឃឹម​ថា ពួកគេ​អាច​ឆ្ពោះ​ទៅ​រក​ដំណោះស្រាយ​ចំពោះ​សង្គ្រាម​ពាណិជ្ជកម្ម​ដែលមាន​រយៈពេល​យូរ​ដែល​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក និង​ផ្សារហ៊ុន​ផងដែរ​។

លោក Tommy Xie សេដ្ឋវិទូ​នៅ​ក្រុមហ៊ុន Oversea-Chinese Banking Corp បាន​ថ្លែងថា ការពន្យារ​ពេលនេះ «​បង្ហាញថា លោក ត្រាំ មិន​ចង់​បង្កើន​ពន្ធ​នាំចូល​មុន​ពេល​ការចរចា​ពាណិជ្ជកម្ម​នៅ​ដើមខែ​តុលា ហើយ​វា​បង្កើត​លក្ខខណ្ឌ​ល្អៗ​ជាច្រើន​»​។ លោក​បន្តថា​៖ «​វា​បន្ថែម​ក្ដី​សង្ឃឹម​ថា​នឹង​មាន​ព័ត៌មាន​ល្អៗ​ពី​កិច្ចប្រជុំ​ខែ​តុលា ហើយ​ទីផ្សារ​នឹង​រង់ចាំ​មើល​ព័ត៌មាន​»​។

ការអភិវឌ្ឍ​កាលពី​ថ្ងៃ​ពុធ​ត្រូវ​បាន​ស្វាគមន៍​យ៉ាង​ទូលំទូលាយ ទោះបី​ជា​ផ្សារហ៊ុន​អាស៊ី​បាន​ជម្នះ​ក្នុង​ការរក្សា​កំណើន​ថ្លៃ​លើកដំបូង ដោយសារ​តែ​ការទទួល​បាន​ប្រាក់ចំណេញ​ពី​ការកើនឡើង​ល្អប្រសើរ​នៅ​សប្ដាហ៍​នេះ​។

ផ្សារហ៊ុន​តូក្យូ បានបញ្ចប់​ការកើនឡើង​កាន់តែ​ខ្ពស់​ ០,៨ ​ភាគរយ​នៅពេល​ព្រឹក​ម្សិលមិញ និង​តម្លៃ​ផ្សារហ៊ុន​ស៊ាងហៃ​បាន​កើនឡើង ​០,២ ​ភាគរយ ខណៈ​តម្លៃ​ផ្សារហ៊ុន​ស៊ីដនី​កើនឡើង​​ ០,៥ ​ភាគរយ​។ តម្លៃ​ផ្សារហ៊ុន វែល្លីងតុន និង​តៃប៉ិ ក៏​បាន​កើនឡើង​ផង​ដែរ ហើយ​ផ្សារហ៊ុន​ហ្សាការតា​ក៏​កើនឡើង​ផងដែរ ប៉ុន្តែ​តម្លៃ​ផ្សារហ៊ុន​ហុងកុង​បាន​ធ្លាក់ចុះ​ ០,២ ​ភាគរយ​។

លោក Jun Inoue ជា​សេដ្ឋវិទូ​ជាន់ខ្ពស់​មួយ​រូប​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ Mizuho Research Institute បាន​ឲ្យ​ដឹងថា វិធានការ​របស់លោក ត្រាំ ចង្អុល​បង្ហាញ​ថា លោក «​អាច​បត់បែន​បាន ដើម្បី​ទទួល​បាន​សម្បទាន​ពី​ប្រទេស​ចិន និង​ថា លោក​មិនមែន​កំពុង​ព្យាយាម​ក្នុង​ការពិន័យ​ទីក្រុង​ប៉េកាំង​ឲ្យ​ខាង​តែ​បាន​នោះទេ​»​។

ការបន្ធូរបន្ថយ​ភាព​តានតឹង​ពាណិជ្ជកម្ម​ជាក់ស្ដែង​បាន​បង្កើន​តម្លៃ​ប្រេង ជា​ក្ដីសង្ឃឹម​នៃ​ការបញ្ចប់​ជម្លោះ​ដែល​បាន​ធ្វើឲ្យ​មាន​ក្ដីសង្ឃឹម​ឡើងវិញ​សម្រាប់​តម្រូវការ​៕ LA