ភ្នំពេញៈ Acleda Securities ជា​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​នៅ​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា​ (CSX) ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា គ្រប់​ក្រុម​វិនិយោគិន​ដែលមាន​គណនី​ជួញដូរ​ជាមួយ Acleda Securities ឬ ក្រុមហ៊ុន​មូលបត្រ​ណា​ដែល​បាន​ជ្រើសរើស​ធនាគារ​អេស៊ីលីដា​ក្នុងការ​ទូទាត់​សាច់ប្រាក់​គេ​ក្នុង​ប្រតិបត្តិ​ការមូលបត្រ​នឹង​អាច​ភ្ជាប់​គណនី​ជួញដូរ​របស់​ពួកគេ​តាមរយៈ​កម្មវិធី​ទូរស័ព្ទ​ចល័ត​របស់​អេស៊ីលីដា​ចាប់ពី​ថ្ងៃទី​ ១៧ ខែកុម្ភៈ​នេះ​តទៅ​។

លោក ព្រំ វិសុទ្ធ អគ្គនាយក​ក្រុមហ៊ុន​មូលបត្រ Acleda Securities បាន​ប្រាប់​ឲ្យ​ដឹងថា ធនាគារ​នេះ​បាន​ភ្ជាប់​ប្រព័ន្ធ​អាចជួយ​ក្រុម​វិនិយោគិន​ទាំងអស់ ក្នុង​ការផ្ទេរប្រាក់​ពី​គណនី​ទាន់​ចិត្ត ឬ​គណនី​ធនាគារ​ទាន់​ពេលវេលា​នៅ​គ្រប់ពេល និង​គ្រប់កន្លែង ដើម្បី​ទិញ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ចុះបញ្ជី​ក្នុង​ផ្សារហ៊ុន​កម្ពុជា​។

លោក​ថ្លែងថា​៖ «​ភាពងាយស្រួល​របស់​ធនាគារ​ដែល​បាន​ភ្ជាប់​ប្រព័ន្ធ​នេះ​នឹង​បង្កើន​ប្រតិបត្តិការ​ជួញដូរ​ភាគហ៊ុន​ប្រកប​ដោយ​ស្ថិរភាព និង​បង្កើន​មូលធន​នីយកម្ម​ទីផ្សារ​របស់​ផ្សារហ៊ុន​នេះ​ជាមួយនឹង​សន្ទនីយ​ភាព​កាន់តែ​ខ្ពស់ ដែល​អាច​ទាក់ទាញ​ក្រុមហ៊ុន​មិនបាន​ចុះបញ្ជី ពិចារណា​ការចុះបញ្ជី​មូលបត្រ​លើ​ផ្សារហ៊ុន​របស់​យើង ដើម្បី​កៀរគរ​ប្រភព​មូលនិធិ​ក្នុង​ស្រុក​ជាមួយ​នឹង​តម្លៃ​ការប្រាក់​ទាប និង​រយៈពេល​វែង ដើម្បី​គាំទ្រ​ការពង្រីក​អាជីវកម្ម​របស់​ពួកគេ និង​ឱកាស​កំណើន​»​។

បច្ចុប្បន្ន​ធនាគារ​អេស៊ីលីដា​កំពុង​ស្ថិត​ក្នុង​ការរៀបចំ​ការចុះបញ្ជី​លើ​ផ្សារហ៊ុន​នៅពេល​ណាមួយ​នៅ​ត្រីមាស​ទី​ ១ ឆ្នាំនេះ បន្ទាប់ពី​ធនាគារ​នេះ​បានទទួល​ការយល់ព្រម​ជាគោលការណ៍​លើ​ការត្រួតពិនិត្យ​សិទ្ធិ​ចុះបញ្ជី​មូលបត្រ​មូលធន​ពី CSX សម្រាប់​ការជួញដូរ​មូលបត្រ​របស់ខ្លួន​។ ធនាគារ​នេះ​បានទទួល​លិខិតផ្លូវការ​មួយ​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា​កាលពី​ថ្ងៃទី​ ២៦ ខែ​វិច្ឆិកា​ដែល​អនុញ្ញាត​ឲ្យ​បន្ត​ផែនការ​សម្រាប់​ការបោះផ្សាយ​មូលបត្រ​សាធារណៈ​លើកដំបូង (IPO)​។

កាលពី​ឆ្នាំ​ ២០១៩ មូលធន​នីយកម្ម​ទីផ្សារ​បាន​កើនឡើង​ ១៥៧ ​ភាគរយ ​ដល់ ៨០០,៣៩ ​លាន​ដុល្លារ​។ បច្ចុប្បន្ននេះ​មាន​ក្រុមហ៊ុន​ ៥ ​បោះផ្សាយ​លក់​ភាគហ៊ុន និង​ក្រុមហ៊ុន​ ៣ ​ចេញ​បណ្ណ​បំណុល​ដែល​បាន​ប្រមូល​មូលនិធិ​សរុប​រហូតដល់​ ១៥១ ​លាន​ដុល្លារ​។ ចំនួន​ក្រុម​វិនិយោគិន​បាន​កើនឡើង​ដល់​ ២២ ៣៣៨ ក្នុង​នោះ​ ១៧ ​ភាគរយ​ជា​ជនបរទេស​។ ទំហំ​ជួញដូរ​ជា​មធ្យម​មាន​ចំនួន ១ ៧៥០ ៥០២ ​ភាគហ៊ុន​ក្នុង​ ១ ​ខែ​ ស្មើនឹង ៤ ២២១ ៤៩០ ​ដុល្លារ​ ក្នុង ១ ​ខែ​។ នេះ​បើ​យោងតាម​ទិន្នន័យ​បាន​ពី​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ( SECC)​។

គិត​ត្រឹម​ឆ្នាំ​ ២០១៩ មាន​ការកើនឡើង​យ៉ាងខ្លាំង​នៃ​អ្នក​ចូលរួម​ក្នុង​ផ្សារហ៊ុន ដូចជា​ភាគី​ជា​សមភាគី​កណ្ដាល ៥ ​សម្រាប់​ទីផ្សារ​ជួញដូរ​ឧបករណ៍​និស្សន្ទ ក្រុមហ៊ុន​កម្រៃជើងសា ការជួញដូរ​ឧបករណ៍​និស្សន្ទ ២៧ ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​ ៥ ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​នៅ​ឆ្នាំនេះ និង​ក្រុមហ៊ុន​ធានា​ទុកទ្រព្យ​ចំនួន​ ៥ ដែល​បាន​អាជ្ញាប័ណ្ណ​ពី SECC រួចរាល់​៕LA