ភ្នំពេញៈ ក្រុម​វិនិយោគិន​កូរ៉េ​កំពុង​សម្លឹងមើល​ឱកាស​វិនិយោគ​នៅ​ទីផ្សារ​មូលបត្រ​កម្ពុជា ជាពិសេស​ជាមួយ​នឹង​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ដែល​រំពឹងថា​នឹង​ចុះបញ្ជី​លើ​ផ្សារហ៊ុន​នេះ​នៅ​ខែ​ខាងមុខនេះ​។

ពាណិជ្ជករ​ និង​ក្រុម​វិនិយោគិន​រាប់រយ​នាក់​មកពី​សមាគម​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​កូរ៉េ​នៅក្នុង​កម្ពុជា​បាន​ចូល​ក្នុង​សិក្ខាសាលា​សាធារណៈ​មួយ​ស្ដីពី​ធនាគារ ACLEDA Bank នៅ​ទីក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​ពុធ​។

លោក Shin Chang Moo វិនិយោគិន​កូរ៉េ​ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ធនាគារ PPCBank បាន​ឲ្យ​ដឹង​នៅក្នុង​សិក្ខាសាលា​នេះ​ថា វត្តមាន​របស់​ធនាគារ​អេស៊ីលីដា ភីអិលស៊ី លើ​ផ្សារមូលបត្រ​កម្ពុជា​ (CSX) ​ទទួល​បាន​ការចាប់អារម្មណ៍​ច្រើន​ពី​ក្រុម​វិនិយោគិន​សាធារណៈ ដោយសារ​តែ​ធនាគារ​នេះ​មាន​សក្ដានុពល​ខ្លាំង​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក​ថ្លែងថា​៖ «​នេះ​ជា IPO លើក​ដំបូង​របស់​វិស័យ​ពាណិជ្ជកម្ម​នៅ​ប្រទេស​កម្ពុជា​ដែល​ធនាគារ​អេស៊ីលីដា ភីអិលស៊ី​នាំមុខគេ​លើកដំបូង និង​ជា​គំរូ​មួយ​សម្រាប់​ធនាគារពាណិជ្ជ​ទាំងអស់​ក្នុង​ការចុះបញ្ជី​នៅ​ថ្ងៃ​ខាងមុខ​។ ធនាគារ​អេស៊ីលីដា មាន​សក្ដានុពល​ច្រើន​ក្នុង​ការរីកចម្រើន និង​ជា​ធនាគារ​កម្ពុជា​ដំបូង​គេ និង​រកបាន​ប្រាក់ចំណូល​យ៉ាង​ច្រើន​ជា​រៀងរាល់​ឆ្នាំ ខ្ញុំ​ជឿជាក់​ថា​ក្រុម​វិនិយោគិន​មាន​ចំណាប់អារម្មណ៍​លើ​ការវិនិយោគ​»​។

លោក​បាន​បន្តថា​៖ «​ហើយ​ក្រុម​វិនិយោគិន​មួយចំនួន​មិនអាច​រង់ចាំ​កាលបរិច្ឆេទ​ចុះបញ្ជី​ផ្លូវការ​ទេ ពិសេស​នៅពេល​នេះ​ធនាគារ​អេស៊ីលីដា​បាន​ប្រកាស​ថា ខ្លួន​នឹង​អនុញ្ញាត​ឲ្យ​បុគ្គល​ក្លាយ​ជា​ភាគទុនិក​។ នោះ​នឹង​នាំយក​ភាព​វិជ្ជមាន​យ៉ាងខ្លាំង​ទាំង​ផ្សារ​មូលបត្រ​កម្ពុជា និង​ភាគី​ក្រុម​វិនិយោគិន ជាពិសេស​សេដ្ឋកិច្ច​កម្ពុជា​»​។

លោក Jong Weon HA អ្នក​យុទ្ធសាស្ដ្រ​ទីផ្សារ និង​ជា​ប្រធាន​ប្រតិបត្តិការ​នៅ CSX បាន​ឲ្យ​ដឹងថា ក្រុម​វិនិយោគិន​កូរ៉េ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការវិនិយោគ​លើ​វិស័យ​ធនាគារ​កម្ពុជា​ដែល​ត្រូវបាន​ចាត់ទុកជា​វិស័យ​ទទួល​បាន​ប្រាក់ចំណេញ​ខ្លាំង​បំផុត​ក្នុង​ចំណោម​វិស័យ​ជាច្រើន​ដែល​រីកចម្រើន​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក​ថ្លែងថា​៖ «​មាន​ការទិញ​ជាច្រើន​របស់​ធនាគារ​ក្នុងស្រុក​ដោយ​ក្រុម​វិនិយោគិន​ស្ថាប័ន​កូរ៉េ​រហូត​មក​ដល់​ពេលនេះ ប៉ុន្តែ​ក្រុម​វិនិយោគិន​កូរ៉េ​លក្ខណៈ​បុគ្គល​មិន​ដែល​មាន​ឱកាស​ក្នុង​ការចូលរួម​នោះទេ​។ មាន​ក្រុម​វិនិយោគិន​ជាច្រើន​ដែល​កំពុង​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​សួរ​អំពី​ការធ្វើ IPO របស់​ធនាគារ​អេស៊ីលីដា​។ ដូច្នេះ​ខ្ញុំ​ជឿជាក់​ថា សិក្ខាសាលា​នេះ​នឹង​ផ្ដល់​ព័ត៌មាន​លម្អិត​សម្រាប់​ពួកគេ ដើម្បី​ត្រៀមខ្លួន​ឲ្យ​ហើយ​ក្នុង​ការទិញ​ភាគហ៊ុន​របស់​ធនាគារ​ក្នុង​ស្រុក​ឈានមុខ​គេ​មួយ​នេះ​»​។

លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​បាន​ឲ្យ​ដឹងថា ជាមួយ​នឹង​ការធ្វើ IPO របស់​ធនាគារ​នេះ​នឹង​បង្ហាញ​ទំព័រ​ថ្មី​មួយ​នៃ​ប្រវត្តិសាស្ដ្រ​ជោគជ័យ​របស់​ធនាគារ​អេស៊ីលីដា តាមរយៈ​ការធ្វើឲ្យ​ធនាគារ​នេះ​ក្លាយជា​ធនាគារ​សាធារណៈ​ដំបូង​គេ​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក​បន្តថា​៖ «​ធនាគារ​អេស៊ីលីដា ភីអិលស៊ី នឹង​ក្លាយជា​ធនាគារ​ដំបូង​គេ​នៅក្នុង​ប្រទេស​កម្ពុជា​នឹង​ចុះបញ្ជី​នៅ CSX ក្នុងពេល​ឆាប់ៗ​នេះ​។ ​សិក្ខាសាលា​នេះ​នឹង​ជា​ឱកាស​ដ៏ល្អ​បំផុត​សម្រាប់​អ្នកចូលរួម​ក្នុងការ​ទទួល​បាន​ព័ត៌មាន​សំខាន់ៗ​ និង​នីតិវិធី​សម្រាប់​ការវិនិយោគ​លើ​វិស័យ​សន្ដិសុខ​នៅក្នុង​ប្រទេស​កម្ពុជា​»​។

តាំងពី​ការចាប់​ផ្ដើមដំបូង​ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​ការផ្ដល់​ឥណទាន​ដល់​សហគ្រាស​ធុន​តូច ធនាគារ​នេះ​បាន​បង្កើន​ទុន​របស់​ខ្លួន​ ៧០០ ​ដង និង​ប្រាក់ចំណេញ​សុទ្ធ​របស់​ខ្លួន​ជិត​ ២០០០ ​ដង​។ ទ្រព្យសកម្ម​របស់​ធនាគារ​នេះ​នៅពេល​នេះ​មាន​តម្លៃ​ ៦ ​ពាន់​លាន​ដុល្លារ​៕LA