ក្រុង​ហូជីមិញៈ វៀត​ណាម​​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​​​​សមាជិក​​អាស៊ាន​​​មួយ​ចំនួន​​ដែល​បន្ត​ធ្វើ​ឲ្យ​ ភាព​ទាក់​ទាញ​របស់​ខ្លួន​មាន​ភាព​ប្រសើរ​ឡើង​​​​ជា​និច្ច​ចំពោះ​​​វិនិយោគិន​បរទេស ​ដោយ​សារ​​សេដ្ឋកិច្ច​រីក​ចម្រើន​ និង​បរិយាកាស​វិនិយោគ​ប្រសើរ​ឡើង​របស់​ប្រទេស​នេះ​។ នេះ​បើ​យោង​តាម​អ្នក​ជំនាញ​។

លោក Berly D. Alvarez ប្រធាន​​ក្រុមហ៊ុន Kaunlad Lending Investors Corporation ​របស់​​ហ្វីលីពីន​ ​និង​ជា​វាគ្មិន​​​ក្នុង​​កិច្ច​ប្រជុំ​ Horasis Asia 2018 ​ដែល​​​​ធ្វើ​ឡើង​​​ថ្មី​ៗ​នេះ​​​​នៅ​ខេត្ត​​ប៊ីញ​ដួង ប្រទេស​ វៀតណាម ​​​បាន​ឲ្យ​ដឹង​ថា សមត្ថ​ភាព​របស់​វៀតណាម​ក្នុង​ការ​ទាក់ទាញ​​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​​ទទួល​បាន​ដោយ​សារ​​កំណែ​ទម្រង់​សេដ្ឋ​កិច្ច​​​ជា​បន្ត​បន្ទាប់​របស់​ខ្លួន ​មាន​ប្រជាជន​វ័យ​ក្មេង ​មាន​ប្រជាជន​កាន់​តែ​ច្រើន​មក​រស់​នៅ​ទីក្រុង​មាន​កម្លាំង​ពលកម្ម​គ្រប់​គ្រាន់​ ការ​កែ​លម្អ​​​​​បរិយាកាស​វិនិយោគ​ និង​ស្ថិរភាព​នយោបាយ​។

លោក​បាន​បន្ថែម​ថា​ ការ​ពិត​ដែល​វៀត​ណាម​​បាន​​រៀប​ចំ​កិច្ច​ប្រជុំ APEC ក្នុង​ឆ្នាំ​ ២០១៧​ ​បាន​បញ្ជាក់​ពី​សមាហរណ​កម្ម​សេដ្ឋ​កិច្ច​ក្នុង​តំបន់​​របស់​ខ្លួន​ ​និង​ការ​កែ​លម្អ​បរិយាកាស​ធុរកិច្ច​ជា​លំ​ដាប់។

វៀតណាម​​ បាន​និង​កំពុង​ទាក់​ទាញ​ការ​វិនិយោគ​ក្នុង​វិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ​ ​រួម​មាន​គម្រោង​ថាមពល ផ្លូវ​ថ្នល់​ ​សំណង់​ផ្លូវ​ដែក ​និង​ថាម​ពល​កកើត​ឡើង​វិញ។ ​

លោក Don Lam អគ្គ​នាយក​ក្រុមហ៊ុន VinaCapital ​បាន​ថ្លែង​ថា​សេដ្ឋកិច្ច​​វៀតណាម​នៅ​តែ​រឹងមាំ​​ជា​មួយ​នឹង​​កំណើន ​៦,៦ ​ភាគ​រយ​​​សម្រាប់​ឆ្នាំ​ក្រោយ​ ​​អតិ​ផរណា​នៅ​តែ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​បាន ​​និង​ការ​ពង្រីក​វិស័យ​កម្មន្តសាល​។

លោក​​បាន​ថ្លែង​ថា៖ «ការ​វិនិយោគ​​បរទេស​​​ច្រើន​ជាង​មុន​​​​រំពឹង​ថា​នឹង​ហូរ​ចូល​​​វៀតណាម​​នា​ពេល​ខាង​មុខ​​»។

លោក Pakpoom Vallisuta ប្រធាន​ក្រុមហ៊ុន Quant Group Corporation ​ដែល​ក្រុមហ៊ុន​ផ្តល់​​ប្រឹក្សា​​ផ្នែក​ធនាគារ​​វិនិយោគ​នាំ​មុខ​គេ​របស់​ថៃ បាន​ប្រាប់​​សារព័ត៌​មាន Viet Nam News ​ថា កំណែ​ទម្រង់​​ទីផ្សារ​ក៏​​ជួយ​ទាក់ទាញ​ការ​វិនិយោគ​ផង​ដែរ​។

លោក Pham Hong Hai អគ្គនាយក​ក្រុម​ហ៊ុន HSBC Vietnam ​បាន​​ថ្លែង​ថា​៖ «​​យើង​ក៏​មើល​ឃើញ​ផង​ដែរ​នូវ​​​ការ​បង្វែរ​ពាណិជ្ជ​កម្ម (ផ្លាស់​ប្តូរ​ពី​ប្រទេស​ថ្លៃ​ដើម​ទាប​ទៅ​ប្រទេស​ថ្លៃ​ដើម​ខ្ពស់ «Trade Diversion») ដែល​អាច​កើត​មាន ខណៈ​​តម្រូវ​​ការ​​នំា​ចូល​របស់​អាមេរិក​​​បែរ​ចេញ​ពី​ប្រទេស​ ចិន ​​ទៅ​ទីផ្សារ​​អាស៊ាន​ដទៃ​ៗ​ទៀត​​ដូច​ជា​​វៀត​ណាម​ជា​ដើម»។

លោក​បាន​បន្ថែម​ថា​ ខណៈ​និន្នាការ​នេះ​ជា​សញ្ញា​ល្អ​មួយ​សម្រាប់​ការ​អភិវឌ្ឍ​របស់​វៀតណាម​​ វា​ក៏​ដាក់​សម្ពាធ​បន្ថែម​ទៀត​​ទៅ​លើ​ប្រទេស​​នេះ​ ​និង​អាជីវ​កម្ម​នានា​ឲ្យ​​​អភិវឌ្ឍ​​ហេដ្ឋារចនា​សម្ព័ន្ធ​​​ផង​ដែរ។ លោក​បាន​​​ថ្លែង​ថា៖ «​ដូច្នេះ​ ​​ខ្ញុំ​គិត​ថា ការ​កែ​លម្អ​ផលិត​ភាព​ការងារ​​​​តាម​រយៈ​​​ការ​អប់​រំ​ និង​ ការ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង គួរ​តែ​ជា​​អាទិភាព​​មួយ​​សម្រាប់​រដ្ឋាភិបាល»។

លោក​បាន​ថ្លែង​ថា​ ទោះ​វា​ជា​ការ​ពិត​​​ដែល​ថា ​​មួយ​​ផ្នែក​ធំ​​នៃ​កម្លាំង​ពលកម្ម អាច​​​​ផ្លាស់​ប្តូរ​ពី​កសិកម្ម​ក្តី ក៏​​ពួក​គេ​ភាគ​ច្រើន​បំផុត​អាច​ផ្លាស់​ប្តូរ​​បាន​​ទៅ​រក​​តែ​​​​វិស័យ​ផលិត​កម្ម​​​​បច្ចេក​វិទ្យា​កម្រិត​ទាប​ប៉ុណ្ណោះ ​ហើយ​នៅ​​មាន​ការ​ខ្វះ​ខាត​​កម្មករ​ ដែល​មាន​​លក្ខណ​សម្បត្តិ​គ្រប់គ្រាន់​​ដើម្បី​ឈាន​ទៅ​រក​តួនាទី​​ខ្ពស់​ជាង​នេះ​។

កិច្ច​ប្រឹងប្រែង​បន្ថែម

រដ្ឋាភិបាល​វៀតណាម ​បាន​​បង្កើត​កិច្ច​ខិតខំ​ប្រឹងប្រែង​នានា​​ដូច​ជា​​​កែ​លម្អ​​គុណ​ភាព​នៃ​ការ​អប់រំ​ថ្នាក់​បឋម​សិក្សា ​​និង​​អនុវិទ្យាល័យ​​ ​ប៉ុន្តែ​​​នៅ​ត្រូវ​ការ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​​​ច្រើន​ទៀត​។

ការ​កែ​លម្អ​​ការ​អប់រំ​ថ្នាក់​ឧត្តម​សិក្សា​​ និង​ការ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ ​ការ​ជំរុញ​ការ​បណ្តុះ​បណ្តាល​នៅ​កន្លែង​ការងារ​​ដែល​ដឹក​នាំ​ដោយ​វិស័យ​ឯកជន​ និង​ការ​ផ្តល់​ឱកាស​រៀន​ពេញ​មួយ​ជីវិត​ គឺ​ជា​កំណែ​ទម្រង់​មួយ​ចំនួន​ក្នុង​ចំណោម​កំណែ​ទម្រង់​​ដែល​ចាំបាច់​ បើ​ប្រទេស​នេះ​ចង់​ទទួល​បាន​អត្ថប្រយោជន៍​​ពេញ​​លេញ​ពី​​ចំណុច​​ល្អ​នៃ​ប្រជាសាស្រ្ត​​បច្ចុប្បន្ន​របស់​ខ្លួន​ និង​​ការ​បង្វែរ​ពាណិជ្ជ​កម្ម​​ដែល​អាច​កើត​មាន​។ ​

ក្រុម​អ្នក​ជំនាញ​​បាន​ផ្តល់​អនុសាសន៍​​ថា ​ក្រុមហ៊ុន​វៀតណាម​​គួរ​​ទាញ​យក​ប្រយោជន៍​ពី​​​បច្ចេក​វិទ្យា​ឧស្សាហ​កម្ម​ជំនាន់​ទី ​៤ ​ដោយ​​វិនិយោគ​បន្ថែម​​ក្នុង​វិស័យ​បច្ចេក​វិទ្យា​​ដើម្បី​បង្កើន​សមត្ថភាព​ប្រកួត​ប្រជែង​របស់​ខ្លួន។

ក្រុម​អ្នក​ជំនាញ​ទាំង​នោះ​បាន​​បន្ត​ថា​ ​ជាង​នេះ​ទៀត​ កំណែ​ទម្រង់​​គោល​នយោបាយ​​ដើម្បី​ទាក់​ទាញ​​​ការ​វិនិយោគ​​បរទេស​ច្រើន​ជាង​មុន​មាន​សារៈ​​សំខាន់​សម្រាប់​ទទួល​បាន​​កំណើន​សេដ្ឋកិច្ច​​បន្ថែម​ទៀត​ និង​បង្កើន​សមត្ថ​ភាព​​ប្រកួត​ប្រជែង​របស់​ប្រទេស​នេះ​ ជា​ពិសេស​​​ក្នុង​វិស័យ​នានា​ដូច​ជា​ ហេដ្ឋា​រចនា​សម្ព័ន្ធ​ ​និង​កម្មន្តសាល។

បញ្ហា​ប្រឈម​

បរិយាកាស​អាជីវ​កម្ម​របស់​វៀតណាម​​​នៅ​ប្រឈម​មុខ​នឹង​បញ្ហា​ជា​ច្រើន​នៅ​ឡើយ​​ដូច​ជា​ ​ក្របខ័ណ្ឌ​ច្បាប់​ដែល​មិន​ទាន់​មាន​ការ​អភិវឌ្ឍ​ ​ហានិភ័យ​ខ្ពស់​នៃ​អំពើ​ពុក​រលួយ​ ​ការ​ការពារ​កម្មសិទ្ធិ​បញ្ញា​មាន​កម្រិត​ទាប​ ​ចំនួន​កម្មករ​​ជំនាញ និង​កម្មករ​ផលិត​កម្ម​​​នៅ​មាន​កម្រិត​។ នេះ​បើ​យោង​តាម​លោក Alvarez។

លោក​បាន​ថ្លែង​​ថា​ ប្រព័ន្ធ​យុត្តិធម៌​និង​ហេដ្ឋារចនា​សម្ព័ន្ធ​​នៅ​​វៀតណាម​​ត្រូវ​ការ​​​កែ​លម្អ​​ ​ហើយ​ប្រព័ន្ធ​អប់រំ​​ថ្នាក់​ឧត្តម​សិក្សា ​និង​​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​​​ក៏​ត្រូវ​កែ​លម្អ​ដែរ​។

លោក​​ Alvarez បាន​ថ្លែង​ថា​ ​ក្រុមហ៊ុន​មួយ​ចំនួន​​អាច​ដាក់​រោង​ចក្រ​​​នៅ​​វៀតណាម​​ដោយ​សារ​​សង្គ្រាម​ពាណិជ្ជ​កម្ម​​រវាង​ អាមេរិក‑ចិន​ ​ប៉ុន្តែ​​កម្លាំង​ការងារ​​ដែល​ជា​ទូទៅ​មាន​​គុណ​ភាព​ទាប​ និង​​សមត្ថ​ភាព​បច្ចេក​វិទ្យា​​កម្រិត​ទាប​​របស់​ប្រទេស​នេះ​​​​​អាច​ជា​​បញ្ហា​ធំ​មួយ។

លោក Vallisuta ​​ ប្រធាន​ក្រុម​ហ៊ុន Quant ​ថ្លែង​ថា ក្រុមហ៊ុន​នានា​ក៏​​ចង់​បាន​ប្រព័ន្ធ​អេកូឡូស៊ី​ដែល​ស៊ាំ​នឹង​ពួក​គេ​ និង​​ភាព​សម្បូរ​បែប​នៃ​ទំនិញ​ផង​ដែរ​ ជា​ជាង​គ្រាន់​តែ​​កម្លាំង​ពលកម្ម​តម្លៃ​សមរម្យ​។

លោក Alvarez ​បាន​ថ្លែង​ថា​ ​​វៀតណាម​គួរ​តែ​តម្រង់​ទៅ​រក​​ការ​ហូរ​ចូល​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​​ «​​គុណភាព​ខ្ពស់​» ដោយ​ផ្តោត​​​​លើ​គម្រោង​​​​ប្រើ​ប្រាស់​​​បច្ចេក​វិទ្យា​ទំនើប​ ​បច្ចេក​វិទ្យា​មិន​ប៉ះពាល់​​បរិស្ថាន ​​និង​ផលិត​ផល​ដែល​មាន​លក្ខណៈ​ប្រកួត​ប្រជែង​ ដែល​អាច​ជា​ផ្នែក​នៃ​​បណ្តាញ​​ផលិត​កម្ម​ ​​និង​ចង្វាក់​​តម្លៃ​សកល។

បើ​យោង​តាម​ទីភ្នាក់​ងារ​​វិនិយោគ​​បរទេស​​របស់​វៀតណាម​ ​ប្រទេស​​​ដែល​ជា​សមាជិក​អាស៊ាន​មួយ​នេះ បាន​ទាក់​ទាញ​​​​ការ​វិនិយោគ​​ផ្ទាល់​ពី​បរទេស​​ដែល​បាន​ចុះ​បញ្ជី​ចំនួន ​​៣០,​៨ ​​ពាន់​លាន​​ដុល្លារ​​នៅ​ឆ្នាំ​​នេះ​​ គិត​​​ត្រឹម​ថ្ងៃ​ទី ២០ ខែ​វិច្ឆិកា៕ ANN/PS