ហាណូយៈ ទីក្រុង​ហាណូយ​បាន​ប្ដេជ្ញា​ថា នឹង​បង្រ្កាប​លើ​​ក្រុមហ៊ុន​​ផលិត​ខុស​ច្បាប់​ ដែល​ប្រើប្រាស់​ស្លាក​សញ្ញា​ «​​ផលិត​នៅ​ប្រទេស វៀតណាម​» លើ​ទំនិញ​​​នាំ​ទៅ​អាមេរិក​ ដើម្បី​គេច​ពី​ពន្ធ​នាំចូល​ដោយសារ​តែ​ជម្លោះ​ពាណិជ្ជកម្ម​​រវាង​ប្រទេស ​ចិន​ និង​អាមេរិក​។​

ក្រុមហ៊ុន​នាំចេញ​នានា​បាន​ចាប់​ផ្ដើម​​ផ្លាស់​ប្តូរ​ការ​ផលិត​ពី​ប្រទេស ចិន មក​​វៀតណាម​ ដើម្បី​គេច​ពី​សម្ពាធ​ពន្ធ ​២៥ ​ភាគរយ ​​របស់​​​ប្រធានាធិបតី​អាមេរិក​ ដូណាល់​ ត្រាំ​ លើ​ទំនិញ​របស់​ប្រទេស ​ចិន ​​ដែល​មាន​តម្លៃ ​២០០ ​ពាន់​លាន​​ដុល្លារ​។​

ប៉ុន្តែ​ទីក្រុង​ហាណូយ​ បាន​ឲ្យ​ដឹង​ថា ​ក្រុមហ៊ុន​​ផលិត​មួយ​ចំនួន ​​ត្រូវ​បាន​បញ្ជាក់​​ដោយ​ខុស​ច្បាប់​​ថា ​​ទំនិញ​របស់​ពួក​គេ​​ ​ដែល​រួមមាន ​វាយនភណ្ឌ ​ផលិតផល​​អាហារ​សមុទ្រ និង​ផលិតផល​​កសិកម្ម​ គឺ​មក​ពី​ប្រទេស ​វៀតណាម​ តាម​ពិត​ទំនិញ​ទាំង​នោះ​មាន​ប្រភព​នៅ​ក្នុង​ប្រទេស​ ចិន​។​

លោក​ឧបនាយក​​រដ្ឋមន្ដ្រី​វៀតណាម​ Pham Binh Minh ត្រូវ​បាន​ដក​ស្រង់​​សម្ដី​នៅ​ក្នុង​របាយការណ៍​ផ្លូវ​ការ​មួយ​​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ​​លើ​គេហទំព័រ​រដ្ឋាភិបាល​ថា​៖ «​និន្នាការ​នេះ​បាន​ប៉ះពាល់​កេរ្តិ៍​ឈ្មោះ​របស់​​​ក្រុមហ៊ុន ​និង​ទំនិញ​របស់​ប្រទេស ​វៀតណាម​»។​

លោក​បន្ថែម​ថា៖ ​«​​យើង​នឹង​​បង្កើន​ការ​ដាក់​ពិន័យ​ដើម្បី​ទប់ស្កាត់​ករណី​ទំនិញ​ដែល​បញ្ជាក់​ជា​ទំនិញ​របស់​វៀតណាម​ ដែល​ចូល​ទៅ​ទីផ្សារ​ផ្សេង​ទៀត​»។ នេះ​បើ​យោង​តាម​របាយការណ៍​នេះ​។​

របាយការណ៍​នេះ​ បាន​ឲ្យ​ដឹង​ថា ​មន្ដ្រី​​គយ​របស់​វៀតណាម​ បាន​រក​ឃើញ​​ករណី​ជា​ច្រើន​នៃ​ទំនិញ​ដែល​មាន​​ស្លាក​សញ្ញា​​មិន​ត្រឹមត្រូវ​ ដែល​បាន​​នាំ​ទៅ​អាមេរិក​ អឺរ៉ុប​ និង​ជប៉ុន​។​

រដ្ឋាភិបាល​នេះ ​បាន​អំពាវនាវ​​ឲ្យ​មាន​​​ការ​ត្រួត​ពិនិត្យ​យ៉ាង​តឹងរ៉ឹង​នៃ​ការ​នាំចេញ​ទៅ​ទីផ្សារ​ទាំង​នោះ និង​បាន​ឲ្យ​ដឹង​ថា​ ប្រទេស ​វៀតណាម ​អាច​ត្រូវ​បាន​ផាក​ពិន័យ​ដោយ​អាមេរិក​ ជា​ដៃគូ​ពាណិជ្ជកម្ម​ឈាន​មុខ​គេ​ ​១ របស់​ខ្លួន​ ប្រសិន​បើ​​ប្រទេស​នេះ​បរាជ័យ​ក្នុង​ការ​ទប់ស្កាត់​បញ្ហា​នេះ​។​

វៀតណាម​ ​គឺ​ជា​​មជ្ឈមណ្ឌល​​ផលិតកម្ម ​១ ​សម្រាប់​ទំនិញ​ដែល​​ផលិត​​មាន​តម្លៃ​ទាប​ចាប់​ពី​ស្បែក​ជើង​កីឡា​របស់​​ក្រុមហ៊ុន​ Adidas ​និង​សម្លៀក​បំពាក់​របស់​ក្រុម​ហ៊ុន​ H&M ​រហូត​ដល់​ទូរស័ព្ទ​ស្មាតហ្វូន​របស់​​ក្រុមហ៊ុន Samsung ​និង​ឧបករណ៍​ Intel។

ក្រុមហ៊ុន​នាំចូល​ទាំង​នោះ ​​បាន​កើន​ឡើង​​នៅ​ឆ្នាំនេះ ដោយសារ​តែ​ទីក្រុង​ប៉េកាំង ​និង​ទីក្រុង​វ៉ាស៊ីនតោន​ បាន​បង្កើន​ពន្ធ​នាំចូល​សងសឹក​គ្នា​ទៅ​វិញ​​ទៅ​មក​លើ​ទំនិញ​​មាន​តម្លៃ​រាប់​ពាន់​​លាន​ដុល្លារ​។​

នៅ​ក្នុង​រយៈពេល ៣ ​ខែ​ដំបូង​ឆ្នាំ​នេះ​ ការ​នាំចូល​របស់​អាមេរិក​ពី​វៀតណាម ​បាន​កើន​ឡើង​ជិត ​១៦ ​ពាន់​លាន​ដុល្លារ​ កើន​ឡើង ​៤០ ​ភាគរយ ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពាណិជ្ជកម្ម​របស់​អាមេរិក​។​

ជិត​ពាក់​កណ្ដាល​នៃ​​ក្រុមហ៊ុន​អាមេរិក​ទាំង​អស់​ដែល​ធ្វើ​ការងារ​នៅ​ក្នុង​ប្រទេស ចិន​ បាន​ឲ្យ​ដឹង​ថា ពួកគេ​កំពុង​ពិចារណា​ការ​ផ្លាស់ប្តូរ​ការ​ផលិត​​ពី​អ្វី​ដែល​ហៅ​ថា ​«រោងចក្រ​របស់​ពិភព​លោក ដោយសារ​តែ​លទ្ធផល​ជម្លោះ​ពាណិជ្ជកម្ម​។ នេះ​បើ​យោង​តាម​ការ​ស្ទង់មតិ​ដោយ​សភា​ពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​នៅ​ប្រទេស ​ចិន​។​

លោក​ ដូណាល់ ត្រាំ ​បាន​បង្កើន​ពន្ធ​នាំចូល​​ទំនិញ​របស់​ប្រទេស​ ចិន ​បន្ថែម​ទៀត​កាល​ពី​ខែ​មុន ​បន្ទាប់​ពី​​ការ​ចរចា​​ពាណិជ្ជកម្ម​បាន​បរាជ័យ​ ដែល​បណ្ដាល​​ឲ្យ​ទីក្រុង​ប៉េកាំង​សងសឹក​ដោយ​យក​ពន្ធ​កាន់​តែ​ខ្ពស់​​លើ​ទំនិញ​របស់​អាមេរិក​មាន​តម្លៃ​ ៦០ ​ពាន់​លាន​ដុល្លារ​៕ AFP/LA