ក្រុង​ហាណូយៈ អាមេរិក​កំពុង​ទិញ​បន្ទះ​ថាមពល​ពន្លឺ​ព្រះអាទិត្យ (សូឡា ​ឬ Solar panel) ពី​ប្រទេស ​វៀតណាម ​​ជា​ច្រើន​កន្លង​មក ប៉ុន្តែ​ក្រុមហ៊ុន​ផលិត​ IREX Energy JSC នៅ​វៀតណាម​មិន​កំពុង​អបអរ​នឹង​កំណើន​ទិញ​នេះ​ទេ។

ថ្មីៗ​នេះ ទីភ្នាក់ងារ​ព័ត៌មាន Bloomberg បាន​រាយការណ៍​ថា បន្ទាប់​ពី​ប្រធានាធិបតី​​អាមេរិក​លោក ដូណាល់ ត្រាំ បាន​ដក​ហូត​ពន្ធ​នាំចូល​កាន់​តែ​ខ្ពស់​លើ​ប្រទេស ​ចិន ផលិតកម្ម​នៅ​វៀតណាម​ដែល​ជា​​ប្រទេស​ជិត​ខាង​របស់​ចិន​មាន​ភាព​សកម្ម​ជាង​មុន។

ក្រុមហ៊ុន​ផលិត​របស់​ចិន ដែល​ប្រឈម​ការ​ដក​ហូត​ពន្ធ​ ៥៥ ភាគរយ ​លើ​ទំនិញ​របស់​ពួក​គេ​ បាន​ផ្លាស់​ប្តូរ​ទីតាំង​ផលិតកម្ម​ទៅ​វៀតណាម ខណៈ​ដែល​ក្រុមហ៊ុន​នៅ​វៀតណាម​បាន​មើល​ឃើញ​កំណើន​បញ្ជា​ទិញ​ខ្លាំង។ គ្រាន់​តែ​នៅ​ខែ​មិថុនា​ ការ​នាំចូល​ឧបករណ៍​សម្រាប់​បន្ទះ​​ស្រូប​ថាមពល​ពន្លឺ​​ព្រះ​អាទិត្យ (solar cell) ពី​វៀតណាម​បាន​កើន​ឡើង ៦៥៦ ភាគរយ ​ធៀប​​នឹង​ខែ​មិថុនា​ឆ្នាំ ​២០១៨។

កំណើន​ពាណិជ្ជកម្ម​គ្រប់​យ៉ាង​រាប់​ចាប់​ពី​គ្រឿង​សង្ហារិម​របស់​ក្រុមហ៊ុន Ikea រហូត​ដល់​ស្បែក​ជើង​របស់​ក្រុមហ៊ុន Nike បច្ចុប្បន្ន​កំពុង​ជំរុញ​ឲ្យ​មាន​ការ​ពិនិត្យ​មើល​កាន់​តែ​ដិតដល់​ពី​អាមេរិក និង​ធ្វើ​ឲ្យ​ក្រុមហ៊ុន​នានា​ដូច​ជា​ IREX មាន​ក្តី​បារម្ភ។

លោក Pham Thi Thu Trang ប្រធាន​ផ្នែក​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន IREX បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Bloomberg ពី​ទីក្រុង​ហូជីមិញ​កាល​ពី​សប្តាហ៍​មុន​ថា៖ «យើង​បារម្ភ​ថា អាមេរិក​អាច​ដំឡើង​ពន្ធ​លើ​បន្ទះ​សូឡា​របស់​យើង»។ លោក​បន្ថែម​​ថា៖ «បើ​ទោះ​ជា​ទីផ្សារ​អាមេរិក​ធំ​ក៏​ពិត​មែន តែ​វា​ជា​ទីផ្សារ​ស្មុគស្មាញ​នៅ​ពេល​និយាយ​អំពី​នយោបាយ»។

វៀតណាម​ដែល​ដឹកនាំ​ដោយ​បក្ស​កុម្មុយនីស្ត បាន​បើក​ចំហ​ទីផ្សារ​ជា​លំដាប់​ទៅ​កាន់​វិនិយោគិន​បរទេស​ក្នុង​​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ ដើម្បី​ក្លាយ​ជា​មជ្ឈមណ្ឌល​ផលិតកម្ម​មួយ​ក្នុង​តំបន់ ដោយ​ក្រុមហ៊ុន​ល្បី​ឈ្មោះ​នានា​ដូច​ជា​ក្រុមហ៊ុន Samsung Electronics Co., Intel Corp. និង​ Nestle SA បង្កើត​រោងចក្រ​នៅ​​ទី​នោះ។ ការ​បើក​ចំហ​ពាណិជ្ជកម្ម កម្លាំង​​ពលកម្ម​មាន​ថ្លៃ​ឈ្នួល​ទាប និង​មាន​ទីតាំង​នៅ​ជាប់​ប្រទេស ​ចិន បាន​​ជួយ​ឲ្យ​វៀតណាម​គេច​ផុត​ពី​កិច្ច​គាំពារ​​និយម​ដែល​កំពុង​កើន​ឡើង​បាន​យ៉ាង​​ជោគជ័យ ខណៈ​ដែល​ក្រុមហ៊ុន​នានា​ស្វែងរក​ការ​គេច​ខ្លួន​ចេញ​ពី​សង្គ្រាម​ពាណិជ្ជកម្ម។

វៀតណាម​បាន​កើន​ឡើង​យ៉ាង​លឿន​​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​អាមេរិក​​ដ៏​សំខាន់​មួយ។

យោង​តាម Bloomberg អតិរេក​​ពាណិជ្ជកម្ម​ប្រចាំ​ឆ្នាំ​របស់​វៀតណាម​ជាមួយ​អាមេរិក​បាន​កើន​ឡើង​ខ្ពស់​ជាង ២០ ពាន់​​លាន​ដុល្លារ​ ចាប់​ពី​ឆ្នាំ ២០១៤ មក និង​បាន​កើន​ឡើង​ដល់ ៤០ ពាន់​លាន​ដុល្លារ ​កាល​ពី​ឆ្នាំ​មុន ដែល​ជា​កំណត់​ត្រា​ខ្ពស់​បំផុត​គិត​ចាប់​តាំង​ពី​មាន​កំណត់ត្រា​នៅ​ឆ្នាំ ១៩៩០ មក នេះ​បើ​យោង​តាម​ទិន្នន័យ​​របស់​ការិយាល័យ​ស្ថិតិ​អាមេរិក។ ក្នុង​រយៈពេល ៥ ខែ ​ដំបូង​ក្នុង​ឆ្នាំ​នេះ អតិរេក​នេះ​បាន​​កើន​ឡើង ៤៣ ភាគរយ ​រួច​ទៅ​ហើយ​ធៀប​នឹង​រយៈពេល​ដូច​​គ្នា​កាល​ពី​ឆ្នាំ​មុន​ដែល​មាន​ចំនួន ២១,៦ ពាន់​លាន​ដុល្លារ។

រដ្ឋបាល​របស់​លោក​ ត្រាំ បច្ចុប្បន្ន​កំពុង​ដាក់​សម្ពាធ​លើ​ប្រទេស​ដែល​មាន ប្រជាជន ៩៧ លាន​នាក់​មួយ​នេះ ​ឲ្យ​កាត់​បន្ថយ​អតិរេក​ពាណិជ្ជកម្ម​របស់​ខ្លួន ដោយ​គំរាម​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​​ដែល​មាន​សេដ្ឋកិច្ច​កំពុង​រីក​លូតលាស់​ខ្លាំង​បំផុត​របស់​ពិភព​លោក​​នេះ។

បញ្ហា​បាន​កើត​មាន​ឡើង​នៅ​ខែ​ឧសភា នៅ​ពេល​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​បាន​ដាក់​ប្រទេស ​វៀតណាម ​ចូល​ទៅ​ក្នុង​បញ្ជី​ឃ្លាំមើល​របស់​​ប្រទេស​ដែល​ត្រូវ​ពិនិត្យ​មើល​សម្រាប់​លទ្ធភាព​នៃ​ការ​កើត​មាន​ការ​កេង​ចំណេញ​លើ​រូបិយប័ណ្ណ។ នៅ​ពេល​នោះ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សម្ពាធ​របស់​អាមេរិក វៀតណាម​បាន​ប្រកាស​បង្ក្រាប​លើ​ក្រុមហ៊ុន​នាំចេញ​ចិន ដែល​បាន​ប្រើប្រាស់​វៀតណាម​ធ្វើ​ជា​ផ្លូវ​សម្រាប់​នាំចេញ​ផលិត​ផល​របស់​ក្រុមហ៊ុន​ទាំង​នោះ​ជាមួយ​នឹង​ការ​​ដាក់​ស្លាក​ក្លែងក្លាយ​ថា «ផលិត​នៅ​​វៀតណាម» ដើម្បី​គេច​ផុត​ពី​ការ​ដក​ហូត​ពន្ធ​របស់​លោក ត្រាំ។

លោក ត្រាំ កាល​ពី​ខែ​មុន​បាន​ពិពណ៌នា​វៀតណាម​ថា ​ប្រទេស​ដែល​ «ស្ទើរ​តែ​ជា​អ្នក​រំលោភ​បំពាន​មនុស្ស​រាល់​គ្នា​ដ៏​អាក្រក់​បំផុត​តែ​មួយ​គត់» នៅ​ពេល​លោក​ត្រូវ​បាន​គេ​សួរ​ថា តើ​លោក​មាន​បំណង​ដក​ហូត​ពន្ធ​លើ​ទំនិញ​វៀតណាម ​ឬ​ទេ?។ ហើយ​កាល​ពី​សប្តាហ៍​ទី​១ នៃ​ខែ​នេះ អាមេរិក​បាន​ដក​ហូត​ពន្ធ​ជាង ៤០០ ភាគរយ លើ​ដែក​​ដែល​នាំចូល​ពី​វៀតណាម ដែល​ដែក​ទាំង​នោះ​មាន​ប្រភព​ពី​កូរ៉េ​ខាង​​ត្បូង និង​តៃវ៉ាន់។

ក្រុម​មន្ត្រី​វៀតណាម​កំពុង​ខ្វល់ខ្វាយ។ រដ្ឋាភិបាល​វៀតណាម​បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​ប្តេជ្ញា​ចិត្ត​ទិញ​ទំនិញ​អាមេរិក​បន្ថែម​ទៀត​រាប់​ចាប់​ពី​យន្តហោះ​របស់​ក្រុមហ៊ុន Boeing Co.​ រហូត​ដល់​ផលិតផល​ថាមពល ដើម្បី​​ជួយ​កាត់​បន្ថយ​អតិរេក​ពាណិជ្ជកម្ម​របស់​ខ្លួន​ជាមួយ​ប្រទេស​ដែល​មាន​​សេដ្ឋកិច្ច​ធំ​បំផុត​មួយ​នេះ។ លោក​​នាយក​រដ្ឋមន្ត្រី​វៀតណាម Nguyen Xuan Phuc នៅ​ពាក់​កណ្តាល​ខែ​នេះ​បាន​ប្រាប់​ក្រុម​មន្ត្រី​របស់​លោក​ឲ្យ​ពិនិត្យ​មើល​ប្រតិកម្ម​របស់​អាមេរិក​​ចំពោះ​គោល​នយោបាយ​រូបិយវត្ថុ​របស់​​វៀតណាម​ឲ្យ​បាន​ដិត​ដល់​ថែម​ទៀត។

លោក Alexander Vuving សាស្រ្តាចារ្យ​នៅ​មជ្ឈមណ្ឌល Daniel K. Inouye Asia-Pacific សម្រាប់​ការ​សិក្សា​សន្តិសុខ​នៅ​រដ្ឋ​ហាវ៉ៃ បាន​ថ្លែង​ថា៖ «ពួក​គេ [មន្ត្រី​វៀតណាម] មាន​ភាព​តានតឹង និង​ច្របូក​ច្របល់។ ពួក​គេ​មិន​ដឹង​ថា​ តើ​អ្វី​ដែល​ជា​ជំហាន​បន្ទាប់​របស់​លោក ត្រាំ ទេ»។

លោក Nestor Scherbey ឈ្មួញ​ជើងសា​ និង​អ្នក​ផ្តល់​ប្រឹក្សា​ផ្នែក​គយ​អាមេរិក​ដែល​មាន​អាជ្ញាប័ណ្ណ​​មួយ​រូប ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហូជីមិញ បាន​ថ្លែង​ថា ​វៀតណាម​មិន​មាន​ជំនាញ​ស្ទាត់​នោះ​ទេ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​នានា​ប្រឆាំង​នឹង​ការ​អនុវត្ត​ពាណិជ្ជកម្ម​របស់​ខ្លួន​ក្នុង​​ទីក្រុង​វ៉ាស៊ីន​តោន ជា​ទី​ដែល​មេធាវី​​មួយ​ក្រុម​ចាំបាច់​ត្រូវ​ធ្វើ​ការងារ​យ៉ាង​ឆាប់​រហ័ស​ជាមួយ​រដ្ឋាភិបាល។ លោក​ថ្លែង​ថា៖ «វា​ប្រៀប​ដូច​ជា​ការ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​នៅ​ក្នុង​តុលាការ ហើយ​មិន​បាន​បង្ហាញ​ខ្លួន​ដូច្នេះ​ដែរ»។

តម្លៃ​កម្លាំង​ពលកម្ម​ទាប​

ក្រុមហ៊ុន​ Capital Economics Ltd ប៉ាន់​ប្រមាណ​ថា ​បើ​លោក ត្រាំ ហូត​ពន្ធ​នាំចូល ​២៥ ​ភាគរយ ​​លើ​ការ​នាំចូល​ពី​វៀតណាម ដូច​ដែល​លោក​បាន​ធ្វើ​ជាមួយ​ទំនិញ​របស់​​ប្រទេស ​ចិន ទីក្រុង​ហាណូយ​នឹង​មើល​ឃើញ​ការ​​ធ្លាក់​ចុះ​​ប្រាក់​ចំណូល​ពី​​ការ​នាំចេញ ​២៥ ​ភាគរយ ស្មើ​នឹង​ជាង ​១ ភាគរយ ​នៃ​​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​​ប្រទេស​នេះ​។ ការ​ធ្លាក់​ចុះ​នោះ​នឹង​ជម្រុះ​ចោល​អត្រា​​កំណើន​សេដ្ឋកិច្ច​ប្រមាណ ​០,៥ ​ភាគរយ​ ដែល​ប្រទេស​នេះ​ទទួល​បាន​​ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​មក​​​ក្នុង​នាម​ជា​អ្នក​​ទទួល​ផល​ពី​​​សង្គ្រាម​​ពាណិជ្ជកម្ម។​

កម្មករ​កំពុង​ធ្វើ​ការ​ក្នុង​រោងចក្រ​មួយ​ក្នុង​ទីក្រុង​ហាណូយ ប្រទេស ​វៀតណាម​​។ AFP

សូម្បី​តែ​មុន​ពេល​មាន​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​នេះ ​​វៀតណាម​​ទទួល​​បាន​អត្ថប្រយោជន៍​ពី​​ក្រុមហ៊ុន​នានា ដែល​ស្វែងរក​ជម្រើស​ការ​ចំណាយ​ទាប​ធៀប​នឹង​​​​​ចិន ដោយសារ​ប្រាក់​ឈ្នួល​នៅ​ទីនោះ​ បាន​កើន​ឡើង​។ និន្នាការ​នោះ​នឹង​ទំនង​ជា​បន្ត​កើត​មាន​ ដែល​គួរ​តែ​ជួយ​ទ្រទ្រង់​គន្លង​សេដ្ឋកិច្ច​វៀតណាម​។ នេះ​បើ​យោង​តាម​​លោក Adam McCarty ប្រធាន​សេដ្ឋវិទូ​នៅ​ក្រុមហ៊ុន Mekong Economics ក្នុង​ទីក្រុង​ហាណូយ។​

លោក​ថ្លែង​ថា​៖ «​វា​នឹង​មិន​បញ្ឈប់​ការ​ជំរុញ​សេដ្ឋកិច្ច​ជា​មូលដ្ឋាន​ក្នុង​ការ​ផ្លាស់ប្តូរ​ការងារ​រោងចក្រ​​មូលដ្ឋាន​ពី​ប្រទេស ​ចិន ទៅ​វៀតណាម​ឡើយ​»។ លោក​​បន្ត​ថា​​៖ «​ប្រទេស ចិន ​កំពុង​ចំណាយ​​​​កាន់​តែ​ខ្ពស់​ខ្លាំង​ពេក»។​

មេ​ដឹកនាំ​របស់​ប្រទេស វៀតណាម​ បាន​ធ្វើ​ការងារ​រយៈពេល​យូរ​មក​ហើយ​ ក្នុង​ការ​ការពារ​ប្រទេស​​​ពី​បញ្ហា​​​ពាណិជ្ជកម្ម​នានា​តាមរយៈ​​ការ​ការពារ​ការ​ពឹង​ផ្អែក​របស់​ខ្លួន​លើ​ទីផ្សារ​តែ​មួយ​គត់​ណា​មួយ ដែល​រួម​ទាំង​អាមេរិក​​ផង​ដែរ ដែល​ជា​ទិសដៅ​នាំចេញ​ឈាន​មុខ​គេ​របស់​ប្រទេស​នេះ​។​

វៀតណាម​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​​ជាង​ ១០ រួម​ទាំង​​​កិច្ច​ព្រមព្រៀង​ជាមួយ​សហភាព​អឺរ៉ុប​ដែល​ទើប​នឹង​ចុះ​ហត្ថលេខា​ ដែល​នឹង​លុប​ចោល​ពន្ធគយ ​៩៩ ភាគរយ​ និង​កិច្ច​ព្រមព្រៀង​ភាព​ជា​ដៃគូ​អន្តរប៉ាស៊ីហ្វិក​ដែល​ត្រូវ​បាន​កែ​​លម្អ​ឡើង​វិញ​ ដែល​នៅ​​​ទី​បំផុត​ផ្ដល់​សិទ្ធិ​រួចពន្ធ​ចូល​ទីផ្សារ​ជា​ច្រើន​ដូចជា​​ប្រទេស ​កាណាដា និង​ជប៉ុន​ជា​ដើម​សម្រាប់​ទំនិញ​ជា​ច្រើន​៕ LA