ក្រុងវ៉ាស៊ីនតោនៈ ទីក្រុង​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​អាទិត្យ​បាន​បន្ថែម​ពន្ធ​នាំចូល​ថ្មី​លើ​ការ​នាំចូល​របស់​ប្រទេស​ ចិន ខណៈ​អាមេរិក​បាន​បង្កើនល្បឿន​យុទ្ធនាការ​សម្ពាធ​ខ្ពស់​សំដៅ​បង្ខំ​ទីក្រុង​ប៉េកាំង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​មួយ ទោះបី​វា​ចំពេល​ការបារម្ភ​នៃ​ការធ្លាក់ចុះ​បន្ថែម​ទៀត​នៃ​កំណើនសេដ្ឋកិច្ច​អាមេរិក និង​ពិភពលោក​ក៏ដោយ​។

ពន្ធ​នាំចូល​បន្ថែម​ ១៥ ​ភាគរយ​ ដែល​ប៉ះពាល់​មួយផ្នែក​នៃ​ទំនិញ​មាន​តម្លៃ​ ៣០០ ​ពាន់​លាន​ដុល្លារ​ នាំ​មកពី​ប្រទេស​ ចិន​ បាន​ចាប់ផ្ដើម​អនុវត្ត​នៅ​ម៉ោង​ ៤ និង​ ១ ​នាទី​ម៉ោង​សកល​។ នេះ​បើ​យោងតាម​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​អាមេរិក​។

លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ កាលពី​ថ្ងៃ​សុក្រ​បាន​ច្រានចោល​ការពន្យារពេល​បន្ថែម​ទៀត​ដោយ​ថ្លែងថា​៖ «​ពន្ធ​នាំចូល​ទាំងនេះ​នឹង​បន្ត​ដំណើរការ​ទៅ​ទៀត​»​។

ពន្ធ​នាំចូល​ថ្មី​នេះ​នឹង​កំណត់​ទិសដៅ​ផលិតផល​មួយចំនួន​ចាប់ពី​ផលិតផល​ម្ហូបអាហារ (​ទឹក​ប៉េងប៉ោះ សាច់​បន្ទះ សាច់ក្រក​សាច់ជ្រូក ផ្លែឈើ បន្លែ ទឹកដោះគោ ឈីស​) រហូត​ដល់​ឧបករណ៍​កីឡា (​ដំបង​វាយកូនគោល ក្ដារ​ជិះ​ស្គី​លើទឹក កង់​) ឧបករណ៍​តន្ដ្រី សម្លៀកបំពាក់​កីឡា និង​គ្រឿងសង្ហារិម​។ នេះ​បើ​យោងតាម​បញ្ជី​ផ្លូវការ​។

ក្រុម​សេដ្ឋវិទូ​នៅក្នុង​វិទ្យាស្ថាន​សេដ្ឋកិច្ច​អន្តរជាតិ Peterson មាន​មូលដ្ឋាន​នៅ​ទីក្រុង​វ៉ាស៊ីនតោន​បាន​ប៉ាន់ប្រមាណ​ថា ទំនិញ​មាន​តម្លៃ​ ១១២ ​ពាន់​លាន​ដុល្លារ​នឹង​ត្រូវ​រង​ផលប៉ះពាល់​។

សង្គ្រាម​ពាណិជ្ជកម្ម​ដែល​បាន​បង្កឡើង​ដោយ​លោក ត្រាំ ជាង​​ ១ ​ឆ្នាំ​កន្លង​មក​នេះ​ទទួល​បាន​ភាព​ភ្ញាក់ផ្អើល​ចុងក្រោយ​បំផុត​កាលពី​សប្ដាហ៍​មុន​ជាមួយ​នឹង​ការប្រកាស​របស់​អាមេរិក​ថា ទំនិញ​របស់​ប្រទេស​ចិន​ទាំងអស់​នឹង​ជា​កម្មវត្ថុ​នៃ​ពន្ធ​នាំចូល​នៅ​ត្រឹម​ចុង​ឆ្នាំ​នេះ​។

តួលេខ​ឆ្នាំ​ ២០១៨ បង្ហាញ​ថា​ទំនិញ​តម្លៃ​ជាង​ ២៥០ ​ពាន់​លាន​ដុល្លារ​ នៃ​ការនាំចេញ​របស់​ចិន​សរុប​ទៅ​អាមេរិក ៥៤០ ​ពាន់​លាន​ដុល្លារ​ បាន​ស្ថិតក្រោម​វិធានការ​ពន្ធ​នាំចូល​រួច​ទៅ​ហើយ​។

សេចក្ដី​ប្រកាស​របស់​លោក ត្រាំ កាលពី​ដើម​ខែ​នេះ​ត្រូវ​បាន​ឆ្លើយ​វិញ​ពី​ទីក្រុង​ប៉េកាំង​ដែល​ថា​នឹងដាក់​ពន្ធ​នាំចូល​ទំនិញ​អាមេរិក​ ៧៥ ​ពាន់​លាន​ដុល្លារ ចាប់ផ្ដើម​ជា​ផ្នែកៗ​នៅ​ថ្ងៃទី​ ១ ខែ​កញ្ញា​ទៅ​។

ក្រុមហ៊ុន និង​ក្រុម​ជំនាញ​អាមេរិក​រាប់រយ​បាន​អំពាវនាវ​ឲ្យ​រដ្ឋបាល​លោក ត្រាំ ពន្យារ​ពេល​ពន្ធ​នាំចូល​ថ្មី​នេះ ដោយ​លើក​ឡើង​ថា​ពន្ធ​នាំចូល​ទាំងនេះ​នឹង​បំផ្លាញ​ការងារ និង​ដាក់បន្ទុក​លើ​អតិថិជន​។

ប៉ុន្តែ​កាលពី​ថ្ងៃ​សុក្រ​លោក​ ត្រាំ បាន​ឲ្យ​ដឹងថា អ្នក​ដែល​ត្អូញត្អែរ​ទាំងនោះ​គឺ​ពួកគេ​ខ្លួនឯង​មួយ​ផ្នែក​មាន​កំហុស​។

លោក​បាន​សរសេរ​លើ Twitter ថា​៖ «​បណ្ដា​ក្រុមហ៊ុន​ដែល​ដំណើរការ​មិនល្អ និង​ខ្សោយ​កំពុង​ស្ដីបន្ទោស​យ៉ាង​រហ័ស​លើ​ការយកពន្ធ​នាំចូល​ដ៏តូចតាច​នេះ​ជំនួស​ឲ្យ​ខ្លួនឯង​សម្រាប់​ការគ្រប់គ្រង​មិន​ល្អ វា​គ្រាន់តែ​ជា​លេស​»៕ LA