ភ្នំពេញៈ សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា (EuroCham) បង្ហាញការបារម្ភយ៉ាងខ្លាំងទាក់ទងនឹង នីតិវិធីដកការអនុគ្រោះពន្ធ ស្ថិតក្រោមកិច្ចព្រមព្រៀងអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) របស់សហភាពអឺរ៉ុប ពីប្រទេស កម្ពុជា ដោយបានហៅវិធានការនេះថានឹងធ្វើឲ្យប៉ះពាល់ផលប្រយោជន៍ពាណិជ្ជកម្មរយៈពេលយូរអង្វែងរបស់សហភាពអឺរ៉ុបនៅកម្ពុជា។ នេះបើតាមលិខិតផ្ញើជូនស្នងការទទួលបន្ទុកពាណិជ្ជកម្មគណៈកម្មការអឺរ៉ុប។
ការបង្ហាញពីក្តីបារម្ភនេះកើតមាន ១ សប្ដាហ៍ បន្ទាប់ពីសហភាពអឺរ៉ុប បានជូនដំណឹងដល់ប្រទេស កម្ពុជា កាលពីថ្ងៃទី ៥ ខែតុលាថា កម្ពុជាអាចនឹងបាត់បង់ការអនុគ្រោះពន្ធរបស់ខ្លួនក្នុងការចូលទៅទីផ្សារអឺរ៉ុបប្រសិនបើប្រទេសនេះមិនបានធ្វើឲ្យមាន «ការកែលម្អ និងការបង្ហាញច្បាស់លាស់» ចំពោះបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅក្នុងប្រទេស កម្ពុជា។
លិខិតលើកឡើងថា៖ «យើងទទួលស្គាល់ថា ពេលនេះមិនមានការសម្រេចព្យួរ ឬការដកឋានៈអនុគ្រោះ EBA ពីកម្ពុជានៅឡើយ ហើយយើងនៅតែសង្ឃឹមថា នឹងមានការចរចាបន្តដើម្បីស្វែងរកមធ្យោបាយកាន់តែប្រសើរ ក្នុងការដោះស្រាយក្តីបារម្ភ របស់សហភាពអឺរ៉ុប»។
សភាពាណិជ្ជកម្មអឺរ៉ុប បានលើកឡើងទៀតថា វិធានការដក ឬព្យួរ EBA ពីកម្ពុជាជាការគំរាមកំហែងពិតប្រាកដមួយដល់ពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា៖ «ការព្យួរ ឬដាក់ទណ្ឌកម្មបន្ថែម នឹងគំរាមកំហែងដោយផ្ទាល់ដល់សមត្ថភាពប្រកួតប្រជែង ផ្នែកធុរកិច្ចរបស់អឺរ៉ុបនៅកម្ពុជា និងធ្វើឲ្យភាពមានប្រៀបផ្នែកប្រកួតប្រជែងធុរកិច្ចរបស់អឺរ៉ុបនៅកម្ពុជាធ្លាក់ចុះក្នុងបរិបទមួយដែលប្រទេស ចិន កំពុងបង្កើនវត្តមានរបស់ខ្លួនក្នុងប្រទេសនេះ»។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា មន្ដ្រីរដ្ឋាភិបាលកំពុងស្ថិតលើដំណើរផ្លូវក្នុងការដោះស្រាយបញ្ហា។ ប៉ុន្តែលោកអះអាងថា ការព្យួរការអនុគ្រោះ EBA ត្រូវការរយៈពេលយូរនៅក្នុងនីតិវិធីមុននឹងឈានដល់ការសម្រេចចុងក្រោយ។
លោកថ្លែងថា៖ «រដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ខ្ពស់ ចំពោះការងារលើបញ្ហានេះ ហើយនឹងស្វែងរកមធ្យោបាយ ដើម្បីដោះស្រាយភាពស្មុគស្មាញនេះ»។
ទោះយ៉ាងនេះក្តី សភាពាណិជ្ជកម្មកម្ពុជា មានជំនឿថា បញ្ហានេះនឹងមិនកើតឡើងចំពោះស្ថានភាពរបស់កម្ពុជានោះទេ ដោយសារតែរដ្ឋាភិបាលកម្ពុជា កំពុងស្ថិតលើផ្លូវក្នុងការអនុវត្តតាមលក្ខខណ្ឌ ILO ក្នុងវិស័យកាត់ដេរ។
លោកថ្លែងថា៖ «វានឹងមិនមែនជាការបារម្ភសម្រាប់កម្ពុជានោះទេ ដោយសារតែយើងអនុវត្តតាម ILO រួចហើយ និងការពារអត្ថប្រយោជន៍របស់កម្មករ ដោយការបង្កើនប្រាក់ខែ និងលើកកម្ពស់ការលើកទឹកចិត្តផ្សេងទៀត»។
លោកបន្តថា៖ «បើវាកើតឡើងពិតមែន ខ្ញុំជឿជាក់ថា កម្ពុជាក៏អាចឈរដោយខ្លួនឯងក្នុងចំណុចណាមួយ»។
លោកបន្តថា អត្ថប្រយោជន៍នឹងមិនបាត់បង់តែកម្ពុជាទេ ប៉ុន្តែអឺរ៉ុបក៏នឹងប៉ះពាល់ដែរ។
លោក ហ៊ុន ឡាក់ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ដែលជាផលិតផលសំខាន់មួយរបស់កម្ពុជាបន្ទាប់ពីសម្លៀកបំពាក់ក្នុងការនាំចេញទៅទីផ្សារអឺរ៉ុបបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ក្នុងសប្តាហ៍នេះថា សហព័ន្ធក៏បានពិភាក្សាគ្នាអំពីបញ្ហានេះដែរ ដើម្បីស្វែងរកដំណោះស្រាយណាមួយ ប្រសិនបើវិធានការនេះត្រូវបានអនុវត្ត។
លោកបញ្ជាក់ថា៖ «បញ្ហាការដក EBA នៅតែស្ថិតនៅលើផ្លូវវែងឆ្ងាយមួយ ហើយយើងមិនរំពឹងថា វានឹងប៉ះពាល់ដល់ឧស្សាហកម្មកសិកម្មនោះទេ ព្រោះវាមានសក្ដានុពលច្រើន ពិសេសក្នុងឧស្សាហកម្មស្រូវអង្ករ»៕LA