ក្រុង​ស៊ាងហៃៈ សភា​​ពា​ណិជ្ជ​កម្ម​សហ​ភាព​អឺ​រ៉ុប (EU)​ ​ក្នុង​ប្រ​ទេស ចិន​ បាន​ច្រាន​ចោល​ការ​សន្យា​​ចុង​ក្រោយ​បំ​ផុត​​របស់​លោក​ប្រ​ធា​នា​ធិប​តី​ចិន ស៊ី ជីន​ភីង​ ទាក់​ទង​នឹង​ការ​បើក​ចំ​ហ​ទី​ផ្សារ​ថា​ជា​​ការ​សន្យា​ខ្យល់​ដដែល​ៗ ដោយ​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន​អឺ​រ៉ុប​​ស៊ាំ​​​ទៅ​នឹង​​​ការ​ប្ដេ​ជ្ញា​ចិត្ត​របស់​ប្រ​ទេស​ ចិន ​ទៅ​ហើយ។​

ក្នុង​​ការ​បើក​ដំ​ណើរ​ការ​នៃ​ពិ​ព័រណ៍​នាំ​ចូល CIIE លើក​ដំ​បូង​នៅ​ទី​ក្រុង​ស៊ាង​ហៃ​​កាល​ពី​ថ្ងៃ​ចន្ទ លោក ស៊ី បាន​ប្ដេ​ជ្ញា​ថា ប្រ​ទេស ចិន ​​មាន​ការ «​ប្ដេ​ជ្ញា​ចិត្ត​​ដ៏​ស្ម័គ្រ​ស្មោះ​» ក្នុង​ការ​បើក ចំ​ហ​ទី​ផ្សារ​របស់​ខ្លួន​ ទោះ​បី​ជា​ការ​ចោទ​ប្រ​កាន់​ពី​​បរ​ទេស​ថា ប្រ​ទេស​នេះ​ធ្វើ​ដំ​ណើរ​យ៉ាង​យឺត​យ៉ាវ ឬ​ក៏​ដើរ​ថយ​ក្រោយ​ក្តី ក្នុង​ពេល​ដែល​​​មាន​ការ​អំ​ពាវ​នាវ​​ឲ្យ​មាន​ការ​ជម្រុះ​ចោល​​ឧប​សគ្គ​​ចូល​ទី​ផ្សារ​។​

មេ​ដឹក​​នាំ​របស់​ប្រ​ទេស ចិន ​​បាន​ប្រ​កាស​ថា នឹង​ចាត់​វិ​ធាន​ការ​ជា​ច្រើន​​ក្នុង​វិ​ស័យ​មួយ​ចំ​នួន​​ ប៉ុន្តែ​សភា​ពា​ណិជ្ជ​កម្ម​អឺ​រ៉ុប​​ប្រ​ចាំ​ប្រ​ទេស​ ចិន ​បាន​ឲ្យ​ដឹង​​នៅ​ក្នុង​សេច​ក្ដី​ប្រ​កាស​ព័ត៌​មាន​ដោយ​ប្រើ​ពាក្យ​ខ្លាំង​ៗ​ថា ភាគ​ច្រើន​​នៃ​អ្វី​ដែល​លោក ស៊ី បាន​សន្យា​គ្រាន់​តែ​ជា​ការ​បញ្ជាក់​ឡើង​វិញ​ពី​សេច​ក្ដី​ថ្លែង​ការណ៍​​​កន្លង​មក​ប៉ុ​ណ្ណោះ​​។​

ស​ភា​ពា​ណិជ្ជ​កម្ម​អឺរ៉ុប​បាន​​​ឲ្យ​ដឹង​នៅ​ក្នុង​សេច​ក្ដី​ថ្លែង​ការណ៍​មួយ​កា​ល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​ថា​៖ «ការ​និ​យាយ​ម្ដង​ហើយ​ម្ដង​ទៀត​ជា​រឿយ​ៗ​នេះ ដោយ​មិន​​មាន​ការ​បង្ហាញ​​វិ​ធាន​ការ​​ ឬ​ពេល​វេ​លា​ច្បាស់​លាស់​​គ្រប់​​គ្រាន់​នោះ​ បាន​បណ្ដាល​ឲ្យ​ស​ហ​គមន៍​ពា​ណិជ្ជ​កម្ម​អឺរ៉ុប​​​ មិន​​សូវ​មាន​ភាព​ជឿ​ជាក់​ចំ​ពោះ​ការ​សន្យា​ទាំង​នេះ​ទេ​»​។​

សភា​ពា​ណិជ្ជ​កម្ម​មួយ​នេះ​បាន​ឲ្យ​ដឹង​ថា ការ​រំ​ពឹង​ទុក​សម្រាប់​សុន្ទ​រក​ថា​របស់​លោក ស៊ី ដែល​ថ្លែង​​បើក​ដំ​ណើរ​ការ​ ពិ​ព័រណ៍​នាំ​ចូល​អន្តរ​ជាតិ​របស់​ប្រ​ទេស ចិន ​​ត្រូវ​បាន «​ជំ​រុញ​ជា​បន្ត​បន្ទាប់​» ដោយ​រដ្ឋា​ភិ​បាល​របស់​ប្រ​ទេស ចិន​។​

​លោក ស៊ី ​បាន​ឲ្យ​ដឹង​ថា ប្រ​ទេស​ ចិន នឹង «​បង្កើន» កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​​ក្នុង​ការ​ជំ​រុញ​ការ​នាំ​ចូល បន្ទាប​ពន្ធ​នាំ​ចូល បន្ធូរ​បន្ថយ​នី​តិ​វិ​ធី​ជម្រះ​​ពន្ធ​គយ និង​អនុវត្ត​​ការ​ពិ​ន័យ​ធ្ងន់​ធ្ងរ​លើ​ការ​រំ​លោភ​កម្ម​សិទ្ធិ​បញ្ញា​ ក្នុង​ចំ​ណោម​​កិច្ច​ខិត​ខំ​ប្រឹង​​ប្រែង​ផ្សេង​ទៀត​។​

ប៉ុន្តែ​លោក​មិន​បាន​លើក​ឡើង​​​ជាក់​លាក់ និង​​មិន​បាន​ផ្ដល់​​ការ​​កំ​ណត់​ពេល​​វេលា​នោះ​ទេ​។​

សភា​ពា​ណិជ្ជ​កម្ម​​បាន​កត់​សម្គាល់​ថា ​​​លោក ស៊ី បាន​លើក​ឡើង​ដោយ​សង្ខេប​អំពី​ការ​​លុប​ចោល​ការ​កម្រិត​លើ​ការ​​វិ​និ​យោគ​បរ​ទេស​ក្នុង​សេ​វា​អប់​រំ និង​ឱ​សថ​ និង​គាំទ្រ​ការ​បង្កើន​​ល្បឿន​ការ​ចរចា​ស្ដី​ពី​​កិច្ច​ព្រម​ព្រៀង​​ការ​វិ​និ​យោគ​អឺ​រ៉ុប និង​ប្រ​ទេស ចិន​ ដោយ​ហៅ​កត្តា​​ទាំង​នោះ​ថា «ជា​សក្ដា​នុ​ពល​ដ៏​សំ​ខាន់​»​។​

លោក​ Carlo D''Andrea អនុ​ប្រ​ធាន​សភា​ពា​ណិជ្ជ​កម្ម​អឺ​រ៉ុប​​​បាន​ថ្លែង​ថា​៖ «​ទោះ​បី​ជា​យ៉ាង​នោះ​ក្តី ​ស​ភា​ពាណិជ្ជ​កម្ម​អឺ​រ៉ុប​​មាន​ក្ដី​សង្ឃឹម​កាន់​តែ​ខ្លាំង​ថា ​​អ្វី​ដែល​ត្រូវ​បាន​លើក​ឡើង​​ដោយ​រដ្ឋា​ភិ​បាល​ចិន​ ជា​ព្រឹត្តិ​ការណ៍​​ដ៏​សំ​ខាន់​មួយ​»​។​

លោក​មា​ន​ប្រ​សាសន៍​ថា​៖ «​បញ្ហា​អ្វី​ក៏​ដោយ​ដែល​កើត​ឡើង​​ចំ​ពោះ​ពួក​យើង​គឺ​ថា ​វិ​ធាន​ការ​ច្បាស់​លាស់​នឹង​កើត​ឡើង​នៅ​ពេល​ខាង​មុខ និង​ថាកំ​ណែ​ទម្រង់​​ត្រូវ​បាន​កំ​ណត់​ពេល​វេ​លា​ច្បាស់​លាស់​។

ប្រ​សិន​បើ​ប្រ​ទេស ចិន​ ពិត​ជា​នឹង​បន្ត​ការ​បើក​ចំ​ហ​មែន​ យើង​នឹង​​រំ​ពឹង​ថា ​នឹង​មាន​ការ​ប្ដេ​ជ្ញា​ចិត្ត​​ និង​ជាក់​លាក់​បន្ថែម​ ដែល​ត្រូវ​បាន​ប្រ​កាស​​ដោយ​លោ​ក​ប្រ​ធា​នា​ធិ​ប​តី​ ស៊ី​»​។​

នៅ​ក្នុង​សុន្ទ​រក​ថា​នៅ​ទី​ក្រុង​ដា​វ៉ូស​កាល​ពី​ជិត​ ២ ​ឆ្នាំ​មុន ​លោក ស៊ី​ បាន​បង្ហាញ​​ថា​ ​ចិន​​ជា​​និមិត្ត​រូប​នៃ​ស​ក​ល​ភា​វូប​នី​យ​កម្ម​ ដែល​ផ្ទុយ​នឹង​លោក ត្រាំ ប៉ុន្តែ​ក្រុម​អ្នក​រិះ​គន់ បាន​ឲ្យដឹង​ថា ​លោក​​មិន​ទាន់​បាន​ផ្ដល់​​​​ការ​បំ​ពេញ​​តាម​ការ​សន្យា​ដូច​នោះ​នៅ​ឡើយ​ទេ​៕ AFP/​​LA