ភ្នំពេញៈ កម្ពុជាកំពុងស្វែងរកទីផ្សារថ្មីសម្រាប់ម្រេចកំពត ជាផលិតផលសម្គាល់ភូមិសាស្ដ្រ (GI) តែមួយគត់របស់កម្ពុជាដើម្បីពង្រីកហួសពីទីផ្សារដែលមានស្រាប់នៅតំបន់អឺរ៉ុប។ នេះបើយោងតាមសមាគមលើកកម្ពស់ម្រេចកំពត (KPPA)។
លោក ងួន ឡាយ ប្រធាន KPPA បានឲ្យដឹងថា KPPA កំពុងស្វែងរកការពង្រីកទិសដៅទីផ្សារថ្មីទៅប្រទេស កូរ៉េខាងត្បូង និងក្រុងហុងកុង ដោយសារតែកំណើនទិន្នផលម្រេចពីមួយឆ្នាំទៅមួយឆ្នាំ។
លោកបានថ្លែងថា៖ «យើងកំពុងពិភាក្សាជាមួយប្រទេស កូរ៉េខាងត្បូង និងទីក្រុងហុងកុង ដើម្បីពង្រីកទិសដៅទីផ្សាររបស់យើង»។
លោក ងួន ឡាយ បានឲ្យដឹងថា តំបន់ដាំម្រេច GI កំពត បច្ចុប្បន្នមានផ្ទៃដី ២៥០ ហិកតានៅខេត្តកំពត និងខេត្តកែប។ ក្នុងនោះ ២០០ ហិកតា មានចម្ការម្រេចទុំ ដែលអាចប្រមូលផលបាន។
លោកបន្ថែមថា៖ «ស្តុករបស់យើងត្រូវបានរក្សាកំណើនពីមួយឆ្នាំទៅមួយឆ្នាំ យើងកំពុងស្វែងរកអ្នកទិញបន្ថែមទៀត ដើម្បីឆ្លើយតបនឹងការផលិតរបស់យើង»។
លោកបានបញ្ជាក់ថា បច្ចុប្បន្នទីផ្សារសំខាន់ៗរបស់ម្រេចកំពត គឺសហភាពអឺរ៉ុប អាមេរិក ជប៉ុន និងកាណាដា។
បច្ចុប្បន្នសមាជិករបស់ KPPA បានកើនឡើងដល់ ៤៤២ គ្រួសារ និងបានធ្វើជាដៃគូជាមួយក្រុមហ៊ុនឯកជន ២៩ ដើម្បីនាំទៅទីផ្សារអន្តរជាតិ។
ម្រេចកំពតមានតម្លៃ ១៥ ដុល្លារក្នុងមួយគីឡូក្រាមសម្រាប់ម្រេចខ្មៅ តម្លៃ ២៥ដុល្លារ សម្រាប់ម្រេចក្រហម និងតម្លៃ ២៨ ដុល្លារក្នុង ១ គីឡូក្រាមសម្រាប់ម្រេចស។ វិស័យនេះរកបានប្រាក់ចំណូលប្រហែល ១ លានដុល្លារប្រចាំឆ្នាំ។ នេះបើតាម KPPA៕ LA