ក្រុង​ព្រុច​សែលៈ ប្រទេស​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប គប្បី​ទាញ​យក​ប្រយោជន៍ពី​​ការ​ធ្លាក់ចុះ​តម្លៃ​ថាមពល​កកើត​ឡើង​វិញ ដោយ​​វិនិយោគ​បន្ថែម​ទៀត​ក្នុង​វិស័យ​នេះ និង​ធ្វើ​ឲ្យ​វិស័យ​នេះ មាន​ទំហំ​ស្មើនឹង​ ១​ ភាគ ៣ ​នៃ​ទិន្នផល​ថាមពល​សរុប​នៅ​ឆ្នាំ​២០៣០។ នេះ​បើយោង​តាម​របាយ​ការណ៍​ថ្មី​មួយ​កាល​ពី​ថ្ងៃ​អង្គារ។

ការ​សិក្សា​របស់​ទីភ្នាក់​ងារ​ថាមពល​កកើត​ឡើង​វិញ​អន្តរ​ជាតិ (IRENA) បាន​ឲ្យ​ដឹង​ថា សហ​ភាព​​អឺរ៉ុប អាច​បង្កើត​ថាមពល​កកើត​ឡើង​វិញ​ស្មើនឹង ៣៤​ ភាគរយ​ នៃទិន្នផល​សរុប​នៅ​ឆ្នាំ​ ២០៣០ ពោល​គឺ​កើន​ឡើង​ពី​ទិសដៅ​នាពេល​បច្ចុប្បន្ន​ចំនួន ២៧​ ភាគ​រយ និង​កើន​ឡើង​ទ្វេ​ដង​ធៀប​នឹង​ទិន្នផល​នៅ​ឆ្នាំ​ ​២០១៦។

លោក Miguel Arias Canete គណៈកម្មាការ​ថាមពល​សហ​ភាព​អឺរ៉ុប បាន​សាទរ​ចំពោះ​ការ​កំណត់​ពេលវេលា​របស់​របាយការណ៍​ដែល​គ្រប់​គ្រង​​ដោយ​សហភាព​អឺរ៉ុប​នេះ ពោល​គឺ​ជា​ពេល​ដែល​​ស្រប​គ្នា​ទៅ​នឹង​ការធ្លាក់​ចុះ​តម្លៃ​ថាមពល​ពន្លឺព្រះអាទិត្យ និង​ថាមពលខ្យល់​។​

លោក Canete ថ្លែង​ថា៖ «​របាយការណ៍​នេះ បញ្ជាក់​ពី​ការ​វាយ​តម្លៃ​ផ្ទាល់​របស់​យើង​ដែល​ការ​ចំណាយ​លើ​ថាមពល​កកើត​ឡើង​វិញ បានធ្លាក់​ចុះ​ខ្លាំង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ»។​

លោក​បាន​បន្ត​​ថា៖ «​យើង​ចាំ​បាច់​ពិចារណា​លើ​​ភាព​ជា​ស្តែង​ថ្មីទាំង​នេះ​នៅ​កម្រិត​ប្រកប​ដោយ​​មហិច្ឆិតា​របស់​យើង​សម្រាប់​ការ​ចរចា​នា​ពេល​ខាង​មុខ ដើម្បី​រៀប​ចំ​បញ្ចប់​គោល​នយោ​បាយ​​ថាមពល​កកើត​ឡើង​វិញ​របស់​អឺរ៉ុប​»។​

ទោះ​ជា​យ៉ាង​នេះក្តី ការ​សិក្សា​នេះ​បាន​រំឭក​ថា បើ​ប្រទេស​ជា​សមាជិក​បន្ត​ប្រកាន់​ខ្ជាប់​ទៅ​នឹង​​​​​គម្រោង និង​កម្មវិធី​នា​ពេល​បច្ចុប្បន្ន​របស់​ខ្លួន​នោះ ថាមពល​កកើត​ឡើង​វិញ​នឹង​មាន​ទំហំ​ត្រឹម​តែ ២៤​ ភាគ​រយ ​ប៉ុណ្ណោះ​នៃ​ទិន្នផល​ថាមពល​សរុប​នៅ​ឆ្នាំ​ ២០៣០​»។​

បន្ទាប់​ពី​កើន​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​ឆ្នាំ​ ២០១១ ទីភ្នាក់​ងារ​នេះ​បាន​ឲ្យ​ដឹង​ថា ការ​វិនិយោគ​ថ្មីក្នុង​វិស័យ​ថាមពល​កកើត​ឡើង​វិញ​នៅ​សហភាព​អឺរ៉ុប បាន​ធ្លាក់​ចុះ​ខ្លាំង​ធៀប​នឹង​តំបន់​ធំៗ​ផ្សេង​ទៀត​ក្នុង​ពិភពលោក។​

របាយការណ៍​ដដែល​នេះ​បាន​បន្ត​ឲ្យ​ដឹង​ថា ដើម្បី​សម្រេច​បាន​គោល​ដៅ​រួម ៣៤​ ភាគ​រយ​ ក្នុង​ឆ្នាំ ២០៣០ ​ខាង​មុខ​នេះ តំបន់នេះ​ចាំ​បាច់​ត្រូវ​វិនិយោគ​ជា​មធ្យម ៧៣ ​ពាន់​លាន​ដុល្លារ (៥៨,៨​ ពាន់​លាន​អឺរ៉ូ) ក្នុង​មួយ​ឆ្នាំ តែ​ការ​វិនិយោគនេះ​នឹង​ត្រូវ​បាន​ប៉ះប៉ូវ​ដោយ​កម្រិត​បំពុល​បរិស្ថាន​កាន់​តែ​ទាប ដែល​កាត់​បន្ថយ​ការ​ចំណាយ​ផ្នែក​សុខាភិបាល។​

សេណារីយ៉ូ​ ដ៏​ល្អ​ដែល​ត្រូវ​បាន​លើក​ឡើង​ដោយ​ទីភ្នាក់​ងារ IRENA នេះ អំពាវ​នាវ​ឲ្យ​សហភាព​អឺរ៉ុប​អភិវឌ្ឍ​ថាមពលក​កើត​ឡើង​វិញ​គ្រប់​ប្រភេទ រថយន្ត​អគ្គិសនី ការ​ប្រើ​ប្រាស់​ជីវៈម៉ាស់ ព្រម​ទាំង​ប្រព័ន្ធ​ម៉ាស៊ីន​ត្រជាក់​ និង​កំដៅ​ដែល​ប្រើ​ប្រាស់​ថាមពល​ជំនួស៕ AFP/BP