ក្រុងប្រ៊ុចសែលៈ ចក្រភព​អង់គ្លេស និង​សហភាព​អឺរ៉ុប​កាលពី​ថ្ងៃ​ព្រហស្បតិ៍ សម្រេច​បាន​កិច្ចព្រមព្រៀង​មួយ​ស្តីពី​ការចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប (Brexit) នៅ​នាទីចុងក្រោយ​ពោល​គឺ​ត្រឹមតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ មុនពេល​រៀបចំ​កិច្ចប្រជុំ​របស់​សហភាព​អឺរ៉ុប​ដែល​ត្រូវបាន​គេ​រំពឹងថា​នឹង​ផ្តល់​ការអនុម័ត​ដល់​កិច្ចព្រមព្រៀង​នេះ​។

ប៉ុន្តែ​លោកនាយក​រដ្ឋមន្ត្រី​អង់គ្លេស Boris Johnson នឹង​នៅតែ​ត្រូវយក​កិច្ចព្រមព្រៀង​នេះ​ទៅ​ឲ្យ​សភា​អង់គ្លេស​អនុម័ត​នៅ​ថ្ងៃ​សៅរ៍ ហើយ​វា​ស្ថិត​នៅ​ឆ្ងាយ​ពី​ការ​ប្រាកដប្រជា​ថា សភា​អង់គ្លេស​នឹង​អនុម័ត​កិច្ចព្រមព្រៀង​នេះ​។

លោក Johnson ដែល​បាន​ប្តេជ្ញា​ថា​នឹង​នាំយក​ចក្រភព​អង់គ្លេស​ចេញពី​សហភាព​អឺរ៉ុប​ដោយ​មាន ឬ​ដោយ​គ្មាន​កិច្ចព្រមព្រៀង​មួយ​នោះ​បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម Twitter ថា​៖ «​យើង​មាន​កិច្ចព្រមព្រៀង​ថ្មី​ដ៏អស្ចារ្យ​មួយ​ដែល​គ្រប់គ្រង​មកវិញ​បាន​។ ឥឡូវ​សភា​គួរតែ​គាំទ្រ Brexit នៅ​ថ្ងៃ​សៅរ៍​»​។

មន្ត្រី​សហភាព​អឺរ៉ុប​មាន​ភាពរីករាយ​ដែល​ពួកគេ​បាន​គេចផុត​ពី​វិបត្តិ​ភា្លមៗ​មួយ​នៅ​កិច្ចប្រជុំ​កំពូល​ក្រុមប្រឹក្សា​អឺរ៉ុប ហើយ​លោក Jean-Claude Juncker ប្រធាន​គណៈកម្មការ​អឺរ៉ុប​បាន​ផ្តល់​អនុសាសន៍​ឲ្យ​មេដឹកនាំ​ទាំង ២៧ របស់​សហភាព​អឺរ៉ុប​ផ្សេង​ទៀត​អនុម័ត​កិច្ចព្រមព្រៀង​នេះ​។

លោក Juncker បាន​ឲ្យ​ដឹងថា​៖ «​នៅទីណា​ដែល​មាន​ឆន្ទៈ​នៅ​ទីនោះ​នឹង​មាន​កិច្ចព្រមព្រៀង​មួយ​។ យើង​មាន​មួយ​ហើយ​! វា​ជា​កិច្ចព្រមព្រៀង​ដែល​ស្មើភាព និង​តុល្យភាព​មួយ​សម្រាប់​សហភាព​អឺរ៉ុប និង​អង់គ្លេស ហើយ​វា​គឺជា​សក្ខីភាព​ចំពោះ​ការប្តេជ្ញាចិត្ត​របស់​យើង ដើម្បី​ស្វែងរក​ដំណោះស្រាយ​»​។

កិច្ចព្រមព្រៀង​ព្រាង​នេះ​ត្រូវ​បាន​បង្កើតឡើង​ត្រឹមតែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ​មុនពេល​ចក្រភព​អង់គ្លេស​គ្រោង​នឹង​ចាកចេញ​ពី​ប្លុក​អឺរ៉ុប​នៅ​ថ្ងៃទី​​ ៣១ ខែ​តុលា​ដែល​ជា​ការបញ្ចប់​ទំនាក់ទំនង​ជិតស្និទ្ធ​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​ជិត​ខាង​ដែល​នៅ​ជិត​បំផុត​របស់​ខ្លួន​ដែល​មាន​រយៈពេល​ជាង ៤ ​ទសវត្សរ៍​មកនេះ​។

លោក Michel Barnier ប្រធាន​អ្នកចរចា​របស់​សហភាព​អឺរ៉ុប​ថ្លែងថា​៖ «​យើង​អាច​ស្វែងរក​ដំណោះស្រាយ​ដែល​គោរព​យ៉ាង​ពេញលេញ​ដល់​សុចរិតភាព​របស់​ទីផ្សារ​រួមគ្នា​នេះ​»​។

លោក​បន្ថែមថា​៖ «​យើង​បាន​បង្កើត​ដំណោះស្រាយ​ប្រតិបត្តិការ​ថ្មី និង​ស្របច្បាប់​មួយ​ដើម្បី​គេចផុត​ពី​ការត្រួតពិនិត្យ​ព្រំដែន (hard border) និង​ការពារ​សន្តិភាព និង​ស្ថិរភាព​នៅលើ​កោះ​អៀរឡង់​»​។

លោក​បន្តថា​៖ «​វា​ជា​ដំណោះស្រាយ​មួយ​ដែល​ធ្វើ​ការងារ​សម្រាប់​សហភាព​អឺរ៉ុប សម្រាប់​ចក្រភព​អង់គ្លេស និង​សម្រាប់​ប្រជាជន និង​អាជីវកម្ម​នៅ​អៀរឡង់​ខាងជើង​»​។

ឧបសគ្គ​ភ្លាមៗ​គឺជា​ការប្រឆាំង​ពី​សម្ព័ន្ធមិត្ត​របស់​លោក Johnson ក្នុង​គណបក្ស​សហជីព​ប្រជាធិបតេយ្យ (DUP) របស់​អៀរឡង់​ខាងជើង ដែល​បាន​ច្រានចោល​ការសម្របសម្រួល​របស់​កិច្ចព្រមព្រៀង​នេះ​។

កិច្ចព្រមព្រៀង​នេះ​នឹង​មើលឃើញ​ថា ខេត្ត​ដែល​គ្រប់គ្រង​ដោយ​អង់គ្លេស​នៅតែ​ស្ថិតក្រោម​ច្បាប់​ពន្ធគយ​សហភាព​អឺរ៉ុប និង​ពន្ធ​លើ​តម្លៃបន្ថែម (VAT) ហើយ​គណបក្ស DUP ប្រកាស​ថា ខ្លួន​មិនអាច​គាំទ្រ​ដល់​កិច្ចព្រមព្រៀង​នេះ​បានទេ​។

វា​មិនមាន​ភាពច្បាស់លាស់​នោះ​ទេ​ថា តើ​សមាជិកសភា​មកពី​គណបក្ស​អភិរក្ស​របស់​លោក Johnson នឹង​គាំទ្រ​កិច្ចព្រមព្រៀង​នេះ​ប៉ុន្មាន​នាក់​នោះទេ ហើយ​ប្រសិនបើ​គណបក្ស​ជំទាស់​របស់​អង់គ្លេស​អាច​បោះឆ្នោត​ជំទាស់​កិច្ចព្រមព្រៀង​នេះ ឬ​ប៉ុនប៉ង​បង្ខំ​ឲ្យ​មាន​ការធ្វើប្រជាមតិ​នៅ​ទូទាំង​ប្រទេស​ដើម្បី​អនុម័ត ឬ​ច្រានចោល​កិច្ចព្រមព្រៀង​នេះ​។

មុនពេល​ចាកចេញ​ទៅកាន់​ទីក្រុង​ប្រ៊ុចសែល អធិការបតី​អាល្លឺម៉ង់​លោកស្រី Angela Merkel បាន​កត់សម្គាល់​ថា ទីក្រុង​ឡុងដ៍​បាន​ត្រៀមខ្លួន​រួចហើយ​ក្នុង​ការចរចា និង​ដាក់ «​សំណើ​រឹងមាំ​នៅលើ​តុ​»​។

ស្ថិតក្រោម​វិធាន​ថ្មី​ដែល​ត្រូវ​ជំនួស​វិធាន​ចាស់​នៅក្នុង​កិច្ចព្រមព្រៀង​មុន​ដែល​ត្រូវបាន​ច្រានចោល​ដោយ​សភា ផែនការ​នេះ​នឹង​មើលឃើញ​ថា អៀរឡង់​ខាងជើង​នៅតែ​ជា​ដែនដី​ស្របច្បាប់​របស់​ចក្រភព​អង់គ្លេស ប៉ុន្តែ​ពាណិជ្ជកម្ម​ស្ថិតក្រោម​បទប្បញ្ញត្តិ​របស់​សហភាព​អឺរ៉ុប​៕ KC