ក្រុងវ៉ាស៊ីនតោនៈ ក្រសួងពាណិជ្ជកម្មអាមេរិក បានឲ្យដឹងថា ចាប់ពីថ្ងៃចន្ទ ទៅខ្លួននឹងចាប់ផ្ដើមទទួលយកសំណើសុំលើកលែងផលិតផលមួយចំនួនពីការដកពន្ធថ្មីខ្ពស់លើ ដែកថែប និង អាលុយមីញ៉ូម ដែលនាំចូលរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។
កិច្ចប្រឹងប្រែងនេះត្រូវបានធ្វើឡើង ដើម្បីបន្ធូរបន្ថយផលប៉ះពាល់ដែលរំពឹងថានឹងកើតមានទៅលើតម្លៃ ដែលបង្កដោយពន្ធនាំចូលនេះ ដែលលោក ត្រាំ បានដាក់កាលពីដើមខែនេះ ដោយមានការប្រឆាំងពីសំណាក់ក្រុមឧស្សាហកម្ម ក្រុមហ៊ុនលក់រាយ សមាជិករដ្ឋបាលសំខាន់ៗរបស់លោក និងដៃគូពាណិជ្ជកម្មធំៗ។
ក្រុមពាណិជ្ជករអាមេរិក បានរក្សាយុទ្ធនាការរបស់ពួកគេ ដើម្បីរារាំងលោក ត្រាំ មិនឲ្យបន្តទៅមុខទៀត ដោយអះអាងថា ពន្ធនាំចូលថ្មីនេះនឹងធ្វើឲ្យក្រុមហ៊ុនអាមេរិកជាច្រើនទទួលរងនូវ «ប្រតិកម្មតបនៃផលវិបាកអវិជ្ជមានជាច្រើន»។
រដ្ឋបាលអាមេរិកបានប្រកាសលើកលែងពន្ធជាបឋម សម្រាប់ប្រទេសផ្គត់ផ្គង់សំខាន់ៗ គឺប្រទេសកាណាដា និងម៉ិកស៊ិក។
លោក Wilbur Ross រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មអាមេរិកបានឲ្យដឹងក្នុងសេចក្ដីប្រកាសព័ត៌មានមួយកាលពីថ្ងៃអាទិត្យថា៖ «នីតិវិធីទាំងនេះនឹងអនុញ្ញាតឲ្យរដ្ឋបាលអាមេរិកដកពន្ធនាំចូលទាំងនេះបន្ថែមទៀត ដើម្បីធានាឲ្យប្រាកដថា អត្រាពន្ធទាំងនេះជួយការពារសន្ដិសុខជាតិរបស់យើង ខណៈដែលកាត់បន្ថយឲ្យដល់កម្រិតអប្បបរមានូវផលប៉ះពាល់ដ៏ខ្លាំងទៅលើឧស្សាហកម្មកែច្នៃអាមេរិក»។
ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ក្រុមមន្ដ្រីនឹងពិចារណាថា តើសំណើសុំលើកលែងពន្ធនេះ សម្រាប់ទំនិញដែលត្រូវបានផលិតនៅអាមេរិកក្នុងបរិមាណ និងគុណភាពគ្រប់គ្រាន់ដែរឬទេ មុនពេលសម្រេចចិត្តលើការលើកលែងពន្ធនាំចូលណាមួយ។
ប៉ុន្តែបុគ្គល ឬស្ថាប័នអាមេរិកណាមួយ អាចជំទាស់ទៅនឹងការលើកលែងនេះ ដោយបង្កើតបានជាសមរភូមិមួយរវាងក្រុមហ៊ុនផលិតដែកថែប និងអាលុយមីញ៉ូមក្នុងស្រុក ដែលអាចទទួលបានអត្ថប្រយោជន៍ពីពន្ធការពារទាំងនេះ និងក្រុមហ៊ុនទាំងឡាយដែលពឹងលើការនាំចូល៕ AFP/LA