ក្រុង​វ៉ា​ស៊ីន​តោនៈ ទី​ភ្នាក់​ងារ​ព័ត៌​មាន​ថាម​ពល​សហ​រដ្ឋ​អា​មេ​រិក (EIA) បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​ថា សមត្ថ​ភាព​​​នាំ​ចេញ​ឧស្ម័ន​ធម្ម​ជាតិ (LN​G) របស់​សហ​រដ្ឋ​អា​មេ​រិក​ ត្រូវ​បាន​រំ​ពឹង​ថា​ នឹង​កើន​ឡើង​ដល់ ៨,៩ ពាន់​លាន​ហ្វ៊ីត គុប (ប្រ​ហែល ២៥២ លាន​ម៉ែត្រ​គុប) ក្នុង ១ ថ្ងៃ​ នៅ​​ដំ​ណាច់​​ឆ្នាំ ២០១៩។

ទី​ភ្នាក់​ងារ EIA បាន​ឲ្យ​ដឹង​ថា ការណ៍​នេះ​នឹង​ធ្វើ​ឲ្យ​សហ​រដ្ឋ​អា​មេ​រិក​ ក្លាយ​ជា​ប្រ​ទេស​នាំ​ចេញ​ឧស្ម័ន​ធម្ម​ជាតិ​ធំ​ទី​ ៣ នៅ​ក្នុង​ពិ​ភព​លោក ស្ថិត​នៅ​ពី​ក្រោយ​ប្រ​ទេស​ អូ​ស្រ្តា​លី និង​កាតា។

ទី​ភ្នាក់​ងារ EIA បាន​ឲ្យ​ដឹង​ថា សមត្ថ​ភាព​​​នាំ​ចេញ​ឧស្ម័ន​ធម្ម​ជាតិ (LNG) របស់​សហ​រដ្ឋ​អា​មេ​រិក​មាន​ ៣,៦ ពាន់​លាន​ហ៊្វីប​គុប ​ក្នុង​ ១ ​ថ្ងៃ​នា​​ពេល​បច្ចុ​ប្បន្ន ហើយ​មាន​ការ​រំពឹង​ថា​នឹង​កើន​ឡើង​ដល់ ៤,៩ ពាន់​លាន​ហ៊្វីប​គុប​​ក្នុង​ ១ ​​ថ្ងៃ​នៅ​ចុង​ឆ្នាំ​នេះ ដោយ​សារ​រោង​ចក្រ​ឧស្ម័ន​ធម្ម​ជាតិ​ថ្មី​ចំ​នួន ២ បាន​បើក​ដំ​ណើរ​ការ។

ទី​ភ្នាក់​ងារ EIA បាន​ឲ្យ​ដឹង​ទៀត​ថា រោង​ចក្រ​ថ្មី​ទាំង​ ២ ​នេះ​គឺ​រោង​ចក្រ Sabine Pass Train 5 នៅ​រដ្ឋ Louisiana និង​​រោង​ចក្រ Corpus Christi LNG Train 1 នៅ​រដ្ឋ​ Texas បាន​ចាប់​ផ្តើម​ផលិត​កម្ម​នៅ​ឆ្នាំ​នេះ​ ដែល​ជា​ការ​ចាប់​ផ្តើម​មុន​កាល​កំ​ណត់។

EIA ក៏​បាន​កត់​សម្គាល់​ផង​ដែរ​​ថា រោង​ចក្រ​ទាំង​ ២ នេះ ត្រូវ​បាន​រំ​ពឹង​ថា​ នឹង​នាំ​ចេញ​ឧស្ម័ន​ក្នុង​រយៈ​ពេល ២-៣ ​សប្តាហ៍​​ខាង​មុខ​ទៀត។

អា​មេ​រិក​បាន​ចាប់​ផ្តើម​នាំ​ចេញ​​ឧស្ម័ន​ធម្ម​ជាតិ​ពី​រដ្ឋ​នា​នា​របស់​ប្រ​ទេស​នេះ​ កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​ ២០១៦។ នេះ​បើ​យោង​តាម EIA។

ទី​ភ្នាក់​ងារ EIA ​គឺ​ជា​ផ្នែក​មួយ​របស់​ក្រ​សួង​ថាម​ពល​អា​មេ​រិក។ ទី​ភ្នាក់​ងារ​នេះ​ទ​ទួល​ខុស​ត្រូវ​លើ​ការ​ប្រ​មូល វិ​ភាគ និង​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ថាម​ពល៕​ AFP/KC