ក្រុងសិង្ហបុរីៈ ប្រទេស​សិង្ហបុរី​បាន​កាត់បន្ថយ​បន្ថែមទៀត​ការព្យាករ​កំណើន​ប្រចាំឆ្នាំ​របស់ខ្លួន​កាលពី​ថ្ងៃ​អង្គារ ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​ដែល​កើនឡើង​កាន់តែ​ខ្លាំង រារាំង​ការនាំ​ចេញ​ដែល​ជា​សញ្ញា​គំរាម​មួយ​ផ្សេងទៀត​សម្រាប់​បណ្ដា​ប្រទេស​ដែល​ពឹង​ផ្អែកលើ​ពាណិជ្ជកម្ម​របស់​អាស៊ី​។

រដ្ឋាភិបាល​សិង្ហបុរី​បាន​ឲ្យ​ដឹងថា ខ្លួន​បាន​រំពឹងថា សេដ្ឋកិច្ច​នឹង​កើនឡើង​ពី ០ ទៅ ១ ភាគរយ​នៅ​ឆ្នាំនេះ ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ចំនួន ១,៥ ទៅ ២,៥ ភាគរយ​ដែល​បាន​ព្យាករ​ពី​ពេលមុន ដែល​បង្ហាញ​ការកែតម្រូវ​ការធ្លាក់ចុះ​លើក​ទី ២ នៅ​ឆ្នាំនេះ​។ សេដ្ឋកិច្ច​សិង្ហបុរី​បាន​កើនឡើង​ ៣,២ ភាគរយ​កាលពី​ឆ្នាំ​ ២០១៨​។

សិង្ហបុរី​ដែល​មជ្ឈមណ្ឌល​ការនាំចេញ​មួយ​ងាយ​ទទួលរង​ភាព​រសើប​ខ្លាំង​ដោយសារ​វិបត្តិ​ខាងក្រៅ ហើយ​ជាធម្មតា​ប្រទេស​នេះ​ស្ថិតក្នុង​ទីតាំង​ដំបូង​គេ​ក្នុងចំណោម​ផ្សេងៗ​នៅ​អាស៊ី​ជាច្រើន ដែល​ត្រូវ​បាន​រង​ផលប៉ះពាល់​ក្នុងអំឡុង​ធ្លាក់ចុះ​សេដ្ឋកិច្ច​ពិភពលោក មុន​ពេល​រលក​ផលប៉ះពាល់​នេះ​ជះ​ឥទ្ធិពល​ទៅដល់​ប្រទេស​ផ្សេងទៀត​ក្នុង​តំបន់​។

ការនាំ​ចេញពី​ប្រទេស​សិង្ហបុរី​បាន​ធ្លាក់ចុះ ខណៈ​ដែល​សេដ្ឋកិច្ច​បានទទួល​រង​ការធ្លាក់ចុះ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​ត្រីមាស​ទី ២ ធៀប​នឹង​ត្រីមាស​ទី​ ១ ដោយសារ​តែ​ជម្លោះ​របស់​ទីក្រុង​ប៉េកាំង​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន ដែល​បាន​ប៉ះពាល់​ដល់​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពិភពលោក​ដ៏​ស្មុគស្មាញ​។

ក្រសួង​ពាណិជ្ជកម្ម​សិង្ហបុរី​ឲ្យ​ដឹងថា​៖ «​ចក្ខុវិស័យ​កំណើន​របស់​ទីផ្សារ​កំពុង​ស្ទុះ​ងើប​ខ្លាំង​សំខាន់ និង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍ និង​ប្រទេស​ចិន កាន់តែ​អាក្រក់​ខ្លាំង​ឡើងៗ មួយ​ផ្នែក​ដោយសារតែ​ការកើនឡើង​ខ្លាំង​នៃ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​»​។

ដោយ​លើក​ពី​សេចក្ដី​ប្រកាស​របស់លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ នៅ​ខែ​នេះ​ថា​លោក​នឹង​ហូតពន្ធ​នាំចូល​លើ​ការនាំ​ចូល​ពី​ប្រទេស​ចិន​តម្លៃ ៣០០ ពាន់​លាន​ដុល្លារ​បន្ថែម ក្រសួង​បាន​ព្រមាន​ថា​៖ «​ភាពមិន​ច្បាស់លាស់ និង​ហានិភ័យ​ធ្លាក់ចុះ​នៅក្នុង​សេដ្ឋកិច្ច​ពិភពលោក​បាន​កើនឡើង​ចាប់តាំងពី​រយៈពេល ៣ ខែ​កន្លងមក​»​។

ក្រសួង​បន្តថា​៖ «​កត្តា​នេះ​អាច​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​លើ​ពាណិជ្ជកម្ម និង​ទំនុកចិត្ត​ពិភពលោក ដោយសារ​តែ​ផលប៉ះពាល់​អវិជ្ជមាន​លើ​ពាណិជ្ជកម្ម​ពិភពលោក និង​កំណើន​សេដ្ឋកិច្ច​ពិភពលោក​»​។

ប្រទេស​សិង្ហបុរី​បាន​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ជាពិសេស​ដោយ​ការធ្លាក់ចុះ​តម្រូវការ​ទំនិញ​អេឡិចត្រូនិក ដែល​ជា​ទំនិញ​នាំចេញ​ដ៏សំខាន់​មួយ​ដែលមាន​សារៈសំខាន់​ចំពោះ​វិស័យ​ផលិតកម្ម​៕ LA