សិង្ហបុរីៈ សិង្ហបុរី បាន​កាត់បន្ថយ​ការព្យាករ​កំណើន​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំនេះ​កាលពី​ថ្ងៃ​ចន្ទ ដោយសារ​វីរុស​កូរ៉ូណា​ថ្មី​ដែល​កំពុង​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការមកដល់​របស់​ភ្ញៀវទេសចរ​អន្តរជាតិ និងការធ្វើ​ពាណិជ្ជកម្ម​។

សិង្ហបុរី គឺជា​កន្លែង​មួយ​ក្នុង​ចំណោម​កន្លែង​ដែល​ទទួលរង​ផលប៉ះពាល់​អាក្រក់​បំផុត​នៅក្រៅ​ប្រទេស​ចិន​ពី​វីរុស​កូរ៉ូណា​ថ្មី ដោយ​មាន​ករណី​ឆ្លង ៧៥ ត្រូវ​បាន​រកឃើញ​មកដល់​ពេល​នេះ ខណៈ​ចិន​មាន​ការឆ្លង​ជាង ៧ ​ម៉ឺន​ករណី​។

សិង្ហបុរី​បាន​ទម្លាក់​ការ​ព្យាករ​កំណើន​សេដ្ឋកិច្ច ឆ្នាំ​ ២០២០ របស់ខ្លួន​មក​នៅ ចន្លោះ​ពី -០,៥ ដល់​ ១,៥ ​ភាគរយ​។

ការព្យាករ​កាលពី​ខែវិច្ឆិកា​បាន​រំពឹងថា កំណើន​សេដ្ឋកិច្ច​នឹង​មាន​អត្រា​ពី ០,៥ ​ភាគរយ​ ដល់​ ២,៥ ​ភាគរយ​។

ក្រសួង​ពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​ថា​៖ «​ការរីករាលដាល​វីរុស​កូរ៉ូណា​បាន​ប៉ះពាល់​ដល់​ប្រទេស​ចិន សិង្ហបុរី និង​បណ្ដា​ប្រទេស​ជាច្រើន​ទៀត​ជុំវិញ​ពិភពលោក​»​។

សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​បន្តថា​៖ «​នៅ​អាស៊ី ការរីក​រាលដាល​ទំនង​ជា​នឹង​រារាំង​ចក្ខុវិស័យ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ ចិន និង​បណ្ដា​ប្រទេស​ដែល​រង​ផលប៉ះពាល់​ផ្សេងទៀត​នៅ​ឆ្នាំនេះ​»​។

ការមក​ដល់​របស់​ភ្ញៀវទេសចរ​បាន​ធ្លាក់ចុះ​រួចហើយ ខណៈ​ការនាំចេញ​ត្រូវ​រំពឹងថា​នឹង​ទទួលផល​ប៉ះពាល់ ហើយ​ការប្រើប្រាស់​ក្នុងស្រុក​ទំនងជា​នឹង​ធ្លាក់ចុះ​ដោយសារ​ប្រជាជន​កាត់បន្ថយ​លើ​ការទិញ​ទំនិញ និង​ការ​ចេញ​ទៅ​ញុំា​អាហារ​ខាងក្រៅ​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​។

ប្រទេស​ចិន​គឺជា​ប្រភព​ភ្ញៀវទេសចរ​ឈានមុខ​គេ និង​ជា​ទិសដៅ​នាំចេញ​ដ៏សំខាន់​មួយ​របស់​ប្រទេស​សិង្ហបុរី​។

លោក Song Seng Wun នៅ​ធនាគារ​ឯកជន CIMB បាន​ព្រមាន​ថា ប្រទេស​សិង្ហបុរី​កំពុង​ស្ថិត​ក្នុង​គ្រោះថ្នាក់​នៃ​ការធ្លាក់​ចូល​ទៅក្នុង​ការដើរ​ថយក្រោយ​នៃ​សេដ្ឋកិច្ច​។

លោក​បន្តថា​៖ «​តាម​ទស្សនៈ​គណិតវិទ្យា វា​អាច​ទៅ​រួច​ដោយសារ​តែ​ធម្មជាតិ​នៃ​ការបញ្ចូល​គ្នា​នៃ​ចង្វាក់​ផ្គត់ផ្គង់​ពិភពលោក និង​ផលប៉ះពាល់​ដោយសារ​ការធ្លាក់ចុះ​សេដ្ឋកិច្ច​នៅ​ប្រទេស ​ចិន​ ដែល​អាចមាន​ផលប៉ះពាល់​យ៉ាង​ធំធេង​លើ​សេដ្ឋកិច្ច​ដែល​ផ្ដោតលើ​ពាណិជ្ជកម្ម​ខ្នាតតូច​ដូចជា​ប្រទេស ​សិង្ហបុរី​»​។

ក្នុង​នាម​ជា​សេដ្ឋកិច្ច​ខ្នាតតូច និង​បើកចំហ សិង្ហបុរី​ជារឿយៗ​គឺជា​ប្រទេស​ដំបូង​គេ​ដែល​ទទួល​រង​ផលប៉ះពាល់​ក្នុង​អំឡុង​វិបត្តិ​ពិភពលោក ប៉ុន្តែ​វា​ក៏​ស្ទុះ​ងើបឡើង​វិញ​យ៉ាង​រហ័ស​ផងដែរ​នៅពេល​ស្ថានភាព​ល្អប្រសើរ​ឡើងវិញ​។

លោកនាយក​រដ្ឋមន្ដ្រី Lee Hsien Loong កាលពី​សប្ដាហ៍​មុន​បាន​ព្រមាន​ផលប៉ះពាល់​ដោយសារតែ​វីរុស​នេះ អាក្រក់​ខ្លាំង​ជាង​ការរីក​រាលដាល​វីរុស​ជំងឺ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ (SARS) ​កាលពី​ឆ្នាំ​ ២០០៣ ខណៈ​សេដ្ឋកិច្ច​ក្នុង​តំបន់​ត្រូវបាន​ត​ភ្ជាប់​កាន់តែ​ជិតស្និទ្ធ និង​បង្កើន​លទ្ធភាព​នៃ​ការដើរថយក្រោយ​នៃ​សេដ្ឋកិច្ច​សម្រាប់​ប្រទេស ​សិង្ហបុរី​។

លោក​បាន​ប្រាប់​ក្រុម​អ្នកយក​ព័ត៌មាន​កាលពី​ថ្ងៃ​សុក្រ​ថា​៖ «​ខ្ញុំ​គិតថា ផលប៉ះពាល់​នឹង​មាន​គួរ​ឲ្យ​កត់សម្គាល់​យ៉ាង​ហោច​ណាស់​ក្នុង​រយៈពេល ២ ​ទៅ​ ៣ ​ត្រីមាស​ក្រោយ​។ ខ្ញុំ​មិនអាច​និយាយថា តើ​យើង​នឹងមាន​ការដើរថយក្រោយ​នៃ​សេដ្ឋកិច្ច ឬ​អត់​នោះ​ទេ វា​អាច​ទៅ​រួច ប៉ុន្តែ​ច្បាស់លាស់​សេដ្ឋកិច្ច​របស់​យើង​នឹង​ទទួលរង​ផលប៉ះពាល់​»​។

សិង្ហបុរី​បាន​ទទួលរង​ផលប៉ះពាល់​យ៉ាងខ្លាំង​ពី​ការ​ការរីក​រាលដាល​នៃ​ជំងឺ SARS ដែល​បាន​សម្លាប់​មនុស្ស​រាប់រយ​នាក់​ បន្ទាប់ពី​ការផ្ទុះ​ឡើង​ក្នុង​ប្រទេស ​ចិន ប៉ុន្តែ​បន្ទាប់ពី​នោះ​សេដ្ឋកិច្ច​សិង្ហបុរី​បាន​ស្ទុះ​ងើបឡើង​វិញ​យ៉ាង​លឿន​។

លោក Lawrence Wong រដ្ឋមន្ដ្រីក្រសួង​អភិវឌ្ឍន៍​ជាតិ​កាលពី​សប្ដាហ៍​មុន បានបង្ហាញ​ថវិកា «​ដ៏រឹងមាំ​» ដែល​គ្រោង​នឹង​ផ្ដល់​កាលពី​ថ្ងៃ​អង្គារ ដើម្បី​ប្រឆាំង​នឹង​ផលប៉ះពាល់​ដោយសារ​វីរុស​កូរ៉ូណា​ថ្មី​៕ LA